រុស្សី ប្រកាសប្រាប់​អាមេរិកថា ខ្លួន​ត្រៀម​ជាស្រេច​ដើម្បីជជែកពីបញ្ហា​វេណេស៊ុយអេឡា​

រដ្ឋ​មន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov និង រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo

មន្រ្តីជាន់​ខ្ពស់ប្រទេសរុស្ស៊ី បាន​បញ្ជាក់ប្រាប់​សហរដ្ឋ​អាមេរិក​ថា ​ប្រទេសខ្លួន​​បានត្រៀម​រួចហើយដើម្បី​​ជួប​ពិភាក្សាបញ្ហាដែល​កំពុងកើតមាន​នៅក្នុងប្រទេសវេណេស៊ុយអេឡា។

រដ្ឋ​មន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បែបនេះ ក្នុងពេល​ដែល​មេដឹកនាំ​ប្រទេសមហាអំណាចទាំងពីរជួបសន្ទនា​គ្នាតាម​ទូរសព្ទ​កាល​ពីថ្ងៃទី២ ខែមីនា​ ឆ្នាំ២០១៩​។

តាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសរុស្ស៊ីដែល​ចេញ​ភ្លាម​ៗក្រោយការសន្ទនា​គ្នា​តាម​ទូរសព្ទរវាងមេដឹកនាំប្រទេស​ទាំងពីរបាន​បញ្ចប់ ភាគី​រុស្សីបានឲ្យដឹងថា ​​ប្រទេសខ្លួនស្វាគមន៍សំណើរបស់​សហរដ្ឋ​អាមេរិកដែល​ចង់ឲ្យមាន​ជំនួបទ្វេរភាគី​ ដើម្បីជជែក​ពីស្ថាន​ការណ៍​កំពុងកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា។ ទោះយ៉ាងណាក៏ដោយ រុស្ស៊ី បាន​បញ្ជាក់​ប្រាប់​អាមេរិកថា​ការពិភាក្សាត្រូវធ្វើ​ឡើង​ឲ្យស្រប​តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយមាន​តែ​ជន​ជាតិវេណេស៊ុយអេឡាទើប​​មានសិទ្ធិសម្រេចជោគវាសនា​របស់​វេណេស៊ុយអេឡា​។

ក្នុងសេចក្តី​ប្រកាសព័ត៌មានដដែល រុស្ស៊ី ក៏បាន​វាយប្រហារ​ធ្ងន់ៗ​ទៅលើសហរដ្ឋ​អាមេរិក​ផងដែរ។ រដ្ឋ​មន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្កោលទោសចំពោះការគំរាមកំហែងដែលអាមេរិកបានធ្វើចំពោះអ្នក​ដឹកនាំស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា។ មេដឹកនាំស្រប​ច្បាប់ដែលរុស្ស៊ី សំដៅ​ដល់​នៅ​ពេលនេះគឺលោក នីកូឡាស ម៉ាឌូរ៉ូ។

រដ្ឋ​មន្រ្តីក្រសួងការបរទេសរុស្ស៊ីរូបនេះ ហៅសកម្មភាពរបស់​អាមេរិកថា ​ជាការជ្រៀតជ្រែកហួសហេតុក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិប​តេយ្យមួយ ហើយក៏​ជា​ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិផងដែរ​។ លោក Sergei Lavrov លើកឡើងទៀតថា​ ការ​ផ្ដល់​ជំនួយមនុស្សធម៌គឺ​បង្កប់​ដោយ​ការញុះញង់ និង​ការជ្រៀតជ្រែក​លើកិច្ចការ​ផ្ទៃក្នុងវេណេស៊ុយអេឡា ហើយវាមិន​បាន​ជួយអ្វីសោះ​ដល់​ដំណើរការប្រជាធិបតេយ្យ​នៅប្រទេសនេះ។

សហរដ្ឋអាមេរិក ជាប្រទេសដែលចេញ​មុខ​មុនគេក្នុងការផ្ដល់​ជំនួយមនុស្សធម៌ទៅដល់​ប្រជាជន​វេណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ​ បានបដិសេធជំនួយទាំងនោះ​តាំងពីដំបូង​ ដោយថា អាមេរិក​នឹងប្រើលេស​ក្នុងការ​ផ្ដល់ជំនួយនេះ ដើម្បីឈ្លាន​ពានប្រទេសវេណេស៊ុយអេឡា។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩  កម្លាំងដែល​គាំទ្រលោក​ ម៉ាឌូរ៉ូ បាន​រារាំងមិន​ឲ្យក្រុម​មនុស្សធម៌យកជំនួយ​ផ្ដល់ឲ្យប្រជាជន​វេណេស៊ុយអេឡា​នៅតាម​ព្រំដែនជាមួយប្រទេស​ប្រេស៊ីល និង​កូឡុំប៊ី រហូតដល់មានការប៉ះទង្គិចគ្នា​​បណ្ដាលឲ្យពលរដ្ឋ​៤នាក់បាត់​បង់ជីវិត​ ហើយជាង៣០០នាក់ផ្សេងទៀតបាន​រងបួស។​

ជាការឆ្លើយតបនឹងការរារាំងមិនឲ្យជំនួយរបស់ខ្លួនចូលទឹក​ដីវេណេស៊ុយអេឡា រតនាជាតិ​អាមេរិកកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ បាន​សម្រេចដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ក្រុមមេដឹកនាំកងកម្លាំងដែលស្មោះស្ម័គ្រ​នឹងលោក ម៉ាឌូរ៉ូ ចំនួន​៦នាក់។ មនុស្សទាំង៦នាក់នោះ ត្រូវបាន​អាមេរិកចោទថាជាអ្នកទទួលខុសត្រូវក្នុងការរារាំងមិនអោយជំនួយមនុស្សធម៌​ដែល​ពលរដ្ឋវេណេស៊ុយអេឡា កំពុងត្រូវការជាចាំបាច់។ ពួកគេទាំង៦នាក់នោះ ត្រូវបានអាមេរិក​បង្កកទ្រព្យសម្បត្តិ ហើយទណ្ឌកម្មនេះ​ក៏រារាំង​ពួកគេមិនឲ្យធ្វើ​ការរកស៊ី​ណាមួយជាមួយជនជាតិ​អាមេរិក​ផងដែរ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធា និង​នគរបាលជាន់ខ្ពស់​ ទាំង៦នាក់នេះ សហរដ្ឋអាមេរិក​​ ក៏បាន​ដកហូត​ទិដ្ឋាការមនុស្ស៤៩នាក់ដែល​​មាន​ទំនាក់​ទំនងជាមួយលោក ម៉ាឌូរ៉ូ ផងដែរ។ ការដាក់ទណ្ឌកម្មប្រឆាំមនុស្សជំនិតលោក ម៉ាឌូរ៉ូ​ ដែល​អាមេរិកធ្វើឡើងនាពេលនេះ ត្រូវបាន​គេមើលឃើញថា ជាយុទ្ធសាស្រ្តមួយដើម្បី​ដាក់សម្ពាធឲ្យ​មេដឹកនាំវេណេស៊ុយអេឡារូបនេះចុះចេញពីដំណែង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ