កម្ពុជា​ត្រៀម​ទាហាន​៣០០​នាក់​ដឹក​ទឹក​ជូន​ពលរដ្ឋ​តាម​ខេត្ត​ដែល​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំងទាហានចំនួន៣០០នាក់ រថយន្ត១០០គ្រឿង សម្រាប់រៀបចំដាក់ស៊ីទែន១០០ និងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ត្រៀមដឹកទឹកផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនដែលអាចប្រឈមនិងគ្រោះរាំងស្ងួត ខណៈអាកាសធាតុប្រែប្រួល ក្នុងឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក កងពលតូចដឹកជញ្ជូនលេខ ៩៩

កងកម្លាំងទាហានប្រមាណ៣០០នាក់របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមសម្រាប់ដឹកទឹកជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តមួយចំនួន ដែលប្រឈមកង្វះទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់កងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងែនេះឲ្យដឹងថា មេបញ្ជាការអង្គភាពនេះគឺ លោក ហ៊ុល សំអុន បានត្រៀមកម្លាំងទាហានចំនួន៣០០នាក់ រថយន្ត១០០គ្រឿង សម្រាប់រៀបចំដាក់ស៊ីទែន១០០ និងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង សម្រាប់ដឹកទឹកជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលអាចប្រឈមនឹងគ្រោះរាំងស្ងួតរដូវប្រាំងឆ្នាំនេះ។

ប្រភពដដែលបានឲ្យដឹងថា​ លោក ហ៊ុល សំអុន ត្រៀមកម្លាំងទាហានសម្រាប់ដឹកទឹកជូនពលរដ្ឋ បន្ទាប់ពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ។​

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក​ ចាន់ យុត្ថា​​ បានប្រាប់ វីអូឌី កាលពីដើមខែកុម្ភ: ថាក្រសួងនេះក៏បានត្រៀមរថយន្តជិត១០០គ្រឿងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅតំបន់ដែលខ្វះខាតទឹកប្រើប្រាស់ផងដែរ។ លោកថា តំបន់ដែលប្រឈមនឹងកង្វះទឹកប្រើប្រាស់ខ្លាំងជាងគេ​​​ គឺតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ជាពិសេសគឺខេត្តបាត់បំបង ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ​​​ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង។  រដ្ឋាភិបាលក៏បានអំពាវនាវកសិករមិនឲ្យធ្វើស្រូវប្រាំងលើកទីពីរផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ