មេដឹកនាំ​បក្សប្រឆាំង​វេណេហ្សូអេឡា​វិល​ចូល​ស្រុក​ទាំង​ប្រឈម​គ្រោះថ្នាក់​

ក្រុមអ្នកគាំទ្រមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោក Juan Guaido កំពុងឈរកាន់រូបលោក Guaido នៅទីសាធារណៈ ដើម្បីស្វាគមន៍ដំណើរវិលមកកាន់ប្រទេសវិញរបស់មេដឹកនាំរូបនោះ។ រូបភាព៖ CNN

មេដឹកនាំបក្សប្រឆាំងនៅវេណេហ្សូអេឡា ទទួលបានការគាំទ្រកាន់តែច្រើន បន្ទាប់ពីលោកវិលចូលក្នុងប្រទេសកំណើតវិញកាលពីម្សិលមិញ ទាំងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត និងជាប់ពន្ធនាគារ។

កាលពីសប្តាហ៍មុន លោក​ Juan Guaido  មេដឹកនាំបក្សប្រឆាំងនៅវេណេហ្សូអេឡា បានចាកចេញពីប្រទេសទៅបំពេញទស្សនកិច្ចនៅប្រទេសលោកសេរីមួយចំនួន​ក្នុងនាមជាមេដឹកនាំប្រទេសបំពេញការងារការទូត។​

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោក Juan Guaido ដែលប្រទេសជាច្រើនបានទទួលស្គាល់ថាជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការវិលត្រលប់មកកាន់ប្រទេសវិញ នៅឯអាកាសយានដ្ឋាន Simon Bolivar នៅទីក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2019។ រូបភាព៖ Reuters

ក្នុងអំឡុងពេលដែលមេដឹកនាំបក្សប្រឆាំងរូបនេះចាកចេញពីប្រទេស ទទួលការព្រមានថា វិលវិញនឹងមានការចាប់ខ្លួន ដោយសារតែប្រឆាំងបំរាមរបស់តុលាការមិនឲ្យចាកចេញពីប្រទេស ទន្ទឹមនឹងនេះ ក៏ទទួលរងការព្រមានដែរថា ពេលវិលចូលប្រទេសវិញនឹងប្រឈមការបាញ់សម្លាប់។​

ទោះយ៉ាងណា ចាប់ពីលោកវិលត្រឡប់ចូលប្រទេសវិញកាលពីម្សិលមិញ គឺមិនមានការចាប់ខ្លួន ឬ បាញ់សម្លាប់ទេ ផ្ទុយទៅវិញប្រជាពលរដ្ឋនៃប្រទេសនេះច្រើនកុះករទៅស្វាគមន៍មេបក្សប្រឆាំងរូបនេះនៅព្រលានយន្តហោះ។​

លោក Juan Guaido ប្រកាសតាំងខ្លួនឯងកាលពីថ្ងៃទី២៣ ខែមករា ថា លោកជាប្រធានាធិបតី បន្ទាប់ពីការតវ៉ាប្រឆាំងការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨ ថា ដំណើរការមិនត្រឹមត្រូវ ដោយលោកប្រធានាធិបតី Nicolas Maduro បានរារាំងមិនឲ្យគណបក្សប្រឆាំងចូលរួមប្រកួតប្រជែង។​

ប្រទេសជាង៥០ រួមទាំងសហរដ្ឋអាមេរិក​ផង បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក Maduro និងទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយលោក Juan Guaido។​

មេដឹកនាំបក្សប្រឆាំងរបស់វេណេស៊ុយអេឡា លោក Guaidó ប្រធានាធិបតីកូឡុំប៊ី Ivan Duque Marquez និងអនុប្រធានសហរដ្ឋអាមេរិក លោក Mike Pence បានជួបប្រជុំគ្នានៅក្រសួងការបរទេសនៃប្រទេសកូឡុំប៊ី នៅថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2019 ។ រូបភាព៖ Official White House Photo by D. Myles

ព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជននោះគឺ ពេលដែលលោក Juan Guaido ចូលដល់ព្រលានយន្តហោះវេណេហ្សូឡា មន្ត្រីអន្តោប្រវេសន៍ថ្លែងថា៖ «ស្វាគមន៍លោកប្រធានាធិបតី»

ក្រោយការវិលត្រឡប់ចូលប្រទេសកំណើតវិញ មេដឹកនាំបក្សប្រឆាំងរូបនេះ មានប្រជាប្រិយភាពកើនឡើងទាំងខាងក្នុង និងខាងក្រៅប្រទេស។​

ពេលចូលដល់ក្នុងប្រទេសភ្លាម លោក Juan Guaido អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសកម្មភាពតវ៉ាទ្រង់ទ្រាយធំ ដើម្បីជំរុញឲ្យលោក Maduro លាលែងចេញពីតំណែង។​

មុនមួយថ្ងៃនៃការវិលចូលប្រទេសវិញរបស់លោក Guaido អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence  សរសេរនៅលើបណ្តាញសង្គម Twitters របស់លោកថា ការវិលត្រឡប់ចូលប្រទេសវិញរបស់លោក Guaido ត្រូវតែមានសុវត្ថិភាពហើយថា បើមានការគំរាមកំហែង  ហិង្សា ឬ ការបំភិតបំភ័យណាមួយកើតឡើងនោះ អាមេរិកមិនអត់ឱនឲ្យទេ ហើយនឹងចាត់វិធានការឆ្លើយតបភ្លាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ