កម្ពុជា-ឡាវ រួមគ្នាទប់ស្កាត់​បទល្មើសគ្រឿងញៀនឆ្លងដែន

នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេភាគី រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក វីឡៃ ឡាខាំហ្វង​ ។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

កម្ពុជា-ឡាវ នឹងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែនរវាងប្រទេសទាំងពីរ​ បន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីម្សិលមិញឲ្យដឹងថា លោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃប្រទេសឡាវ លោក វីឡែ ឡាខាំហ្វង។ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានសន្យាថា​ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនឲ្យកាន់តែសកម្មថែមទៀត។

លោក ស​ ខេង បានសរសេរលើហ្វេសប៊ុកថា៖​ «ភាគីទាំងពីរមិនត្រូវឲ្យគ្រឿងញៀនមកត្រួតត្រាឡើយ ពោលគឺអាជ្ញាធរត្រូវធ្វើយ៉ាងណាត្រួតត្រាគ្រឿងញៀនឲ្យបាន»។  

ប្រភពដែលបន្ថែមទៀតថា ថ្នាក់ដឹកនាំក្រសួងទាំងពីរក៏បានពិភាក្សា និងព្រមព្រៀងគ្នាពិនិត្យលទ្ធភាពដែលឈានទៅបើកច្រកព្រំដែនជាមួយគ្នាបន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលការធ្វើដំណើរចេញចូល និងពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

អាជ្ញាធរខេត្តស្ទឹងត្រែងកាលពីខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនជាតិ​ខ្មែរបីនាក់ ​ដែលធ្វើដំណើរតាមរថយន្ដក្រុង​ពីប្រទេសឡាវមកភ្នំពេញ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចរកឃើញថា ជនសង្ស័យទាំងនោះបានដឹកជញ្ជូនថ្នាំញៀន​ ​មេតំហ្វេតាមីនក្រាមម្ស៉ៅ​ចំនួន១២០​គីឡូក្រាមក្នុងរថយន្តក្រុងនោះ។

យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា​​​សមត្ថកិច្ចបានបង្រាបបទល្មើសគ្រឿងញៀនចំនួន ៨០០៣ករណី ដោយរឹបអួសគ្រឿងញៀនគ្រប់​​​ប្រភេទជាង​​​៥៣៣គីឡូក្រាម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ