ក្រុមហ៊ុនជប៉ុន ប្រកាស​ទិញភាគហ៊ុន​ពីសហគ្រាសផលិតឱសថធំបំផុតរបស់វៀតណាម

ក្រុមគ្រូពេទ្យសហគ្រាសផលិតឱសថ DHG កំពុងពិនិត្យមើលឱសថ។ រូបភាព៖ វេបសាយបរទេស

ក្រុមហ៊ុនផលិតឱសថដ៏ធំមួយរបស់​ជប៉ុន បាន​ប្រកាសទិញភាគហ៊ុន​បន្ថែម​ទៀត​ពី​សហគ្រាស​ផលិត​ឱសថដែល​ធំ​ជាង​គេរបស់​វៀតណាម។​

តាមការចុះផ្សាយរបស់​សារព័ត៌មាន​វៀតណាម VN Express ក្រុមហ៊ុនផលិត​ឱសថជប៉ុនឈ្មោះ​ថា​ Taisho Pharmaceutica បាន​ប្រកាសពីគម្រោង​ទិញ​ភាគហ៊ុន២១.៧ ភាគរយ បន្ថែម​ទៀតពី​​សហគ្រាស​ផលិត​ឱសថវៀតណាម​ DHG។ ក្រុមហ៊ុន​ Taisho Pharmaceutica កាលពីឆ្នាំ២០១៦ កន្លងទៅ បាន​ទិញភាគហ៊ុនពីសហគ្រាស DHG  ចំនួន២៤.៤៤ភាគរយរួចហើយ ដែល​មានន័យថា ​ពេល​អនាគតក្រុមហ៊ុន​ជប៉ុននេះ អាចនឹងកាន់​ភាគហ៊ុនសហគ្រាស​ផលិតឱសថធំជាងគេរបស់​វៀតណាម​នេះ ជាង៣៥ភាគរយ ប្រសិនបើក្រុមហ៊ុនទាំងពីរ​ត្រូវរ៉ូវគ្នា​។

ព្រឹត្តិបត្រវិនិយោគ Vietnam Investment Review បាន​ចុះផ្សាយថា​ សក្ដានុពល​ទីផ្សារឱសថរបស់​វៀតណាម បាន​ទាក់ទាញ​អ្នកវិនិយោគក្នុងស្រុក​ និង​បរទេសជាច្រើនឲ្យបណ្ដាក់​ទុនរកស៊ី​លើវិស័យនេះ។ ប្រភពដដែល​ឲ្យ​ដឹង​ថា ​ក្រៅពីក្រុមហ៊ុនមក​ពីជប៉ុន ក្រុមហ៊ុនផលិត​ឱសថ​​អាមេរិក​ដ៏ធំ​មាន​ឈ្មោះ​ថា​ Abbott ក៏ហក់​ចូល​មក​វិនិយោគ​នៅវៀតណាម​ផងដែរ។

តាម​ Vietnam Investment Review ទំហំ​ទីផ្សារឱសថវៀតណាម​មាន​តម្លៃរហូតដល់​៤.៧ពាន់លាន​ដុល្លារ ក្នុងឆ្នាំ២០១៧ ហើយត្រូវបានគេ​ព្យាករថា ​វា​នឹងកើនឡើងរហូតដល់​៧.៧ ពាន់​លានដុល្លារ នៅឆ្នាំ២០២១។ សក្ដានុពល​នៃទីផ្សា​រឱសថក្នុងប្រទេស​កុម្មុយនីស្តមួយនេះកើនឡើង​ ដោយសារតែប្រជាជន​ប្រទេសនេះ មាននិន្នាការគិតគូរពីឱសថដែលមាន​គុណភាពអាចជឿទុកចិត្តបាន។  ប្រភពដដែលនេះ ឲ្យដឹងថា​ នៅឆ្នាំ២០១៧ ពលរដ្ឋប្រទេសនេះចំណាយប្រហែល​៥៧ដុល្លារក្នុងម្នាក់​លើឱសថ។

អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Võ Tân Thành បានថ្លែងក្នុងពិធីតាំងពិព័ណ៍ផលិតឱសថឥណ្ឌានាទីក្រុង​ហូជីមិញ កាល​ពីថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ថាឧស្សាហកម្មឱសថរបស់វៀតណាមប៉ុន្មានឆ្នាំចុងក្រោយ​នេះមានកំណើន ២ ខ្ទង់ ជារៀងរាល់ឆ្នាំ ហើយសន្ទុះកំណើននឹងបន្តរហូតដល់ឆ្នាំ ២០២២។  លោក Võ Tân Thành ត្រូវបាន​ទីភ្នាក់​សារព័ត៌មាន​ Vietnam News ដកស្រង់សម្តី​មក​ផ្សាយបន្តថា ​​ទោះបីជាឧស្សាហកម្មផលិតឱសថវៀតណាម មាន​កំណើន​យ៉ាងណាក្តី ប៉ុន្តែ​វា​អាចផ្គត់​ផ្គង់តម្រូវការ​ក្នុងស្រុកបាន​ប្រហែល​តែជាង៥២ភាគរយ​ប៉ុណ្ណោះ។

តាម​របាយការណ៍របស់​ការិយាល័យស្ថិតិវៀតណាម គ្រាន់​តែ​រយៈពេល​២ខែដើមឆ្នាំ២០១៩ វៀតណាមបាន​នាំចូល​ឱសថពីបរទេស​ក្នុងតម្លៃជាទឹក​ប្រាក់​៣៩៦លានដុល្លារ ដែល​កើនឡើង​ជាង៥ភាគរយ បើប្រៀបធៀបនឹងរយៈពេល​ដូចគ្នាកាលពី​ឆ្នាំ២០១៨។

ក្រោម​ច្បាប់​​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក សហគ្រាសផលិតឱសថបរទេសដែល​ធ្វើអាជីវកម្ម​នៅវៀតណាម អាច​នាំឱសថ​ចូលប្រទេស​នេះបាន ប៉ុន្តែមិន​អាចចែកចាយ​ដោយផ្ទាល់នោះទេ។ ក្រុមហ៊ុនបរទេស​ទាំងនោះ ត្រូវ​ប្រើប្រាស់​សហគ្រាសផលិតឱសថក្នុងស្រុក​ជាអ្នកចែកចាយ​​បន្ត។

​សារព័ត៌មាន​វៀតណាម VN Express បាន​ដកស្រង់របាយការណ៍​ក្រុមហ៊ុនសិក្សា​ស្រាវជ្រាវផ្នែក​ឧស្សាហកម្ម​ថែទាំសុខភាពរបស់​អាមេរិក ឈ្មោះ ​​IMS Health មកចុះផ្សាយថា វៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ១៧ ដែល​គេ​រំពឹងថានឹងក្លាយជាសសរស្តម្ភ​ឧស្សាហកម្មឱសថសកលនាពេល​អនាគត។

តាមការចុះផ្សាយរបស់សារព័ត៌មាន​ Vietnam News បច្ចុប្បន្ន​វៀតណាមមាន​សហគ្រាសផលិត​ឱសថក្នុងស្រុក ​និងមកពីបរទេសចំនួន​ ១៨០ កំពុងធ្វើអាជីវកម្មលើវិស័យនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ