ប្រធានការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សែម គន្ធា បានបដិសេធការចោទប្រកាន់ថា លោកជំរិតទារប្រាក់ពីមន្រ្តីនគរបាលនៅតាមគោលដៅនានា។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាននគរបាលជាតិកាលពីម្សិលមិញ ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ លោក សែម គន្ធា បានច្រានចោលរឿងអាស្រូវពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីមន្រ្តីនគរបាលចរាចរណ៍នៅតាមគោលដៅនានា ក្នុងមួយខែ១០០ ទៅ ១៥០ដុល្លារ ឬច្រើនជាងនេះ ដើម្បីជាថ្នូរមិនផ្លាស់ប្ដូរចេញពីកន្លែងគោលដៅ។ ការចេញមកបកស្រាយរបស់លោក បន្ទាប់ពីមានការចុះផ្សាយលើបណ្តាញសង្គមជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
ប្រធានការិយាល័យរូបនេះពន្យល់ថា ចាប់តាំងពីលោកឡើងកាន់តំណែង លោកបានកែសម្រួលកម្លាំងតាមគោលដៅទាំងអស់ ដែលពីមុនឈរជើងជាអចិន្រ្តៃយ៍ តែឥឡូវត្រូវបានចល័តជុំពីគោលដៅមួយ ទៅគោលដៅមួយរៀងរាល់មួយខែម្ដង ។ លោកថា ការចល័តនេះដើម្បីដកស្រង់បទពិសោធ៍ការងារទៅវិញទៅមក ជាពិសេសគឺលុបបំបាត់ក្រុមមន្ត្រីដែលសហការគ្នាប្រព្រឹត្តអំពើខុសឆ្គងនៅតាមគោលដៅនោះ ។
ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនចរាចរណ៍ និងជាអតីតប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ លោក ចេវ ហាក់ បានប្រាប់សារព័ត៌មាននគរបាលជាតិ កាលពីម្សិលមិញថា កម្លាំងឈរជើងនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ ត្រូវបានកែសម្រួលតាំងពី២ ទៅ៣ខែមុន បន្ទាប់ពីមានរឿងអាស្រូវស្រដៀងគ្នាម្ដងរួចមកហើយ ។
លោក ចេវ ហាក់ បានបន្តថា ការចល័តកម្លាំងពីគោលដៅមួយទៅគោលដៅមួយនៅពេលនេះ បានបំបែកទាំងក្រុមទៀតផង។ លោកអះអាងថា គ្មានរឿងដែលមន្ត្រីឈរជើងតាមគោលដៅត្រូវយកលុយទៅឲ្យអ្នកណាមួយនោះ។
កាលពីខែឧសភា ឆ្នាំ២០១៨ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ២នាក់ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយរងការចោទថា ពួកគេបានទារប្រាក់ពីជនបរទេស ដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ចំនួន២០ដុល្លារ ជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ ធ្វើការផាកពិន័យ។