ក្រុមហ៊ុនផលិតយន្តហោះ​ប៊ួអ៊ីងរបស់​អាមេរិក ប្រឈមមុខនឹងការចោទសួរពីរឿង​​​សុវត្ថិភាព

យន្តហោះ Boeing 737s ដែលប្រតិបត្តិដោយអាកាសចរណ៍អេត្យូពីនៅអាកាសយានដ្ឋានអន្តរជាតិ Bole ក្នុងក្រុង Addis Ababa ។ រូបភាព៖ Ben Curtis/Associated Press

ប៊ួអ៊ីង ដែលជាក្រុមហ៊ុន​ផលិតយន្តហោះ​ដ៏ធំ​​របស់​សហរដ្ឋអាមេរិក​ កំពុងប្រឈម​មុខនឹងការចោទសួរពីបញ្ហាសុវត្ថិភាព ដោយសារតែក្នុងរយៈពេល៥ខែ​ យន្តហោះពីរគ្រឿងរបស់​ក្រុមហ៊ុន​នេះ បានធ្លាក់។​

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ យន្តហោះ​ប៊ួអ៊ីង​ ៧៣៧​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី បានធ្លាក់ ​ក្រោយ​ហោះបាន​តែ៦នាទីប៉ុណ្ណោះ។ យន្តហោះនេះ ហោះចេញ​​ពី​​ទីក្រុង​ Addis Ababa ​ប្រទេស​អេត្យូពី​ ឆ្ពោះទៅកាន់​ទីក្រុង​ Nairobi ប្រទេស​កេនយ៉ា ហើយមាន​ផ្ទុក​អ្នកដំណើរចំនួន១៤៩នាក់ និង​​បុគ្គលិក​បម្រើ​ការ​លើ​យន្ត​ហោះ​ចំនួន ៨​នាក់។ តាមសេចក្តីរាយការណ៍ មនុស្សទាំង១៥៧នាក់​ គ្មាននរណាម្នាក់​នៅរស់​រានមាន​ជីវិតឡើយ។

យន្តហោះរបស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពីដែល​ធ្លាក់​កាលពីម្សិលមិញ​ ជាប្រភេទដូចគ្នា​នឹង​យន្តហោះ​ក្រុមហ៊ុន​ LionAir របស់​ឥណ្ឌូណេស៊ី​ដែល​បាន​ធ្លាក់​កាលពី​ខែតុលា ឆ្នាំ២០១៨កន្លងទៅ ហើយ​​បាន​ឆក់​យកជីវិត​អ្នក​នៅលើយន្តហោះ​នោះ​រហូតដល់​១៨៩នាក់ ក្រោយពីហោះបាន​តែ​១៣នាទីប៉ុណ្ណោះ។

ទាំងយន្តហោះរបស់​ក្រុមហ៊ុន​​អាកាសចរណ៍​អេត្យូពី និង​ក្រុមហ៊ុន​ LionAir របស់​ឥណ្ឌូនេស៊ី ជាប្រភេទប៊ួអ៊ីង ៧៣៧​ MAX ដែលជាយន្តហោះស៊េរីទំនើបចុងក្រោយមួយរបស់​ក្រុមហ៊ុន​ប៊ួអ៊ីង។ ប៊ួអ៊ីង ៧៣៧​ MAX ​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការជាលើកដំបូងនៅឆ្នាំ២០១៧។

មូលហេតុ​នៃការធ្លាក់​យន្តហោះទាំងពីរនេះ មិន​ទាន់​ត្រូវបាន​គេរក​ឃើញ​នៅឡើយ​ទេ។

លោក Richard Aboulafia អ្នកវិភាគផ្នែក​អាកាសចរណ៍មួយរូប បាន​ថ្លែងប្រាប់សារព័ត៌មាន CNN​ ថា ប្រសិនការធ្លាក់យន្តហោះប្រភេទប៊ួអ៊ីង ៧៣៧​ MAX ទាំងពីរលើកនេះ មានមូលហេតុ​ដូចគ្នា ក្រុមហ៊ុន​ប៊ួអ៊ីង ត្រូវតែធ្វើការ​កែសម្រួល​ជាបន្ទាន់លើ​យន្តហោះប្រភេទនេះ។ លោក បន្តថា​របៀបនៃការបណ្តុះបណ្តាល​ក្រុម​អាកា​សយានិក​ដែលបើក​យន្តបោះ​ប្រភេទនេះក៏ត្រូវកែប្រែផងដែរ។

អ្នកវិភាគរូបនេះ លើកឡើង​ថា ក្រុមហ៊ុន​អាកាសចរណ៍ និងអ្នកដំណើរ​ កាន់​តែច្រើន​បាន​ចោទសួរពីសុវត្ថិភាព​របស់​ប៊ួអ៊ីង ៧៣៧​ MAX។ លោក បន្ថែម​ថា​ ប្រសិនបើ​មាន​ការព្រួយបារម្ភបែបនេះ ក្រុមហ៊ុន​ប៊ួអ៊ីង គួរផ្អាក​ជាបណ្ដោះអាសន្ន​កុំឲ្យ​យន្តហោះប្រភេទនេះហោះហើរ។

ក្រុមហ៊ុនប៊ួអ៊ីង បាន​លើកឡើងក្នុងសេចក្តីប្រកាស​ព័ត៌មាន​មួយដែល​ចេញកាល​ពីម្សិលមិញថា ខ្លួនជា​ពិតជា​មាន​សេចក្តីក្រៀម​ក្រំ​ជាខ្លាំង​ជុំវិញ​ការធ្លាក់​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី។ ក្រុមហ៊ុននេះ បានបញ្ជាក់​ថា ​ពួកគេត្រៀម​ខ្លួនជានិច្ចក្នុងការផ្ដល់​ជំនួយបច្ចេកទេសនានា​តាម​ការស្នើសុំ។

​ការធ្លាក់​យន្តហោះ​ប៊ួអ៊ីង​ ៧៣៧​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី ក៏ជំរុញ​ឲ្យ​ចិន​ពិនិត្យមើល​ពីការហោះហើរ​ទាំង​អស់​របស់​យន្តហោះ​ប្រភេទនេះផងដែរ។

អាកាសចរណ៍ស៊ីវិលចិន នៅថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាឲ្យក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក​ទាំង​អស់របស់​ខ្លួន​​ ផ្អាក​ការ​ហោះហើរយន្តហោះប្រភេទ​ប៊ួអ៊ីង​ ៧៣៧ នេះ ដោយរង់​ចាំអាជ្ញាធរចិន ទាក់​ទងទៅក្រុមហ៊ុនប៊ួអ៊ីង និង​ភាគីអាមេរិកសិន។ តាម​ការចុះផ្សាយរបស់​ទីភ្នាក់​ងារសារព័ត៌មានរុស្ស៊ី​Russia Today អាកាសចរណ៍ស៊ីវិលចិន បាន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ទាំងនោះប្រើ​យន្តហោះ​ជំនាន់​មុន​​ប៊ួអ៊ីង​ ៧៣៧ ជំនួសវិញ។

សោនាដកម្ម​នៃការធ្លាក់​យន្តហោះប្រភេទ​ប៊ូអ៊ីង​ ៧៣៧ ចំនួន​ពីរលើកនេះ អាចនឹងធ្វើ​ឲ្យប៉ះពាល់​ដល់​ក្រុមហ៊ុន​ប៊ូអ៊ីង ពីព្រោះ​តែមនុស្ស​មួយចំនួនបារម្ភ​ពីបញ្ហាសុវត្ថិភាព ហើយ​អាចនឹងមានប្រទេសផ្សេងៗទៀតធ្វើតាម​ចិន ដោយ​ផ្អាកដំណើរការយន្តហោះនេះជាបណ្ដោះអាសន្ន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ