មេ​ដឹក​នាំ​ម៉ាឡេស៊ី​សម្រេច​ជ្រើសរើស​យក​ចិន​ប្រសើរ​ជាង​អាមេរិក​​

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាមេដ (Mahathir Mohamad) (ឆ្វេង) ចាប់ដៃជាមួយលោក លី ឃឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅមហាសាលប្រជាជនប៉េកាំង នៅថ្ងៃទី20 ខែសីហា ឆ្នាំ2018 ។ រូបភាព៖ How Hwee Young | AFP | Getty Images

មេដឹកនាំម៉ាឡេស៊ីបញ្ជាក់ជំហរចាប់យកការទំនាក់ទំនងជាមួយចិន បើស្ថិតនៅក្នុងស្ថានភាពភូមិសាស្ត្រតម្រូវណាមួយដើម្បីសេដ្ឋកិច្ចជាតិក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែស្ថិតនៅក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នខ្ពស់​។​​

ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មាន ​South China Morning Post កាលពីថ្ងៃសុក្រសប្តាហ៍មុន​ លោក ​មហាធា មហាមេដ បញ្ជាក់ជំហរថា បើសិនជាមានការបង្ខំឲ្យជ្រើសរើសភូមិសាស្ត្រនយោបាយ ស្របពេលបញ្ហាសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក ​គឺលោកជ្រើសរើសយកចិន។​

លោកបញ្ជាក់ថា ស្ថានភាពរបស់អាមេរិក​នៅពេលនេះមានភាពមិនប្រាកដប្រជា ក្រោមនយោបាយដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។​

នៅពេលដែលមានការចោទសួរពីបញ្ហាសន្តិសុខជាតិដោយការចោទប្រកាន់ថា ក្រុមហ៊ុន​ចិន Huawei ដើរតួនាទីជាចារកម្មនោះ លោក មហាធា បញ្ជាក់ថា លោកកំពុងតែតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។​

មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះបញ្ជាក់ថា ចិនជាប្រទេសដែលមានទីតាំងនៅជិត មានសេដ្ឋកិច្ចរីកចម្រើន និងមានទីផ្សារធំដែលអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីនកើនឡើង។​

ទោះយ៉ាងណាក្រោយពេលដែលលោក មហាធា មហាមេដ ឈ្នះការបោះឆ្នោតហើយឡើងកាន់តំណែង លោកប្រកាសលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនចិនដែលមានទឹកប្រាក់ប្រមាណ២២ប៊ីលានដុល្លារ។ លោកបញ្ជាក់មូលហេតុនៃការលុបនោះ ដោយសារតែបញ្ហាបំណុលសាធារណៈរបស់ប្រទេសកើនឡើងដល់កម្រិតប្រកាសអាសន្ន និងម្យ៉ាងទៀត កម្ចីរបស់ចិនមានការប្រាក់ខ្ពស់ហួសហេតុ។​

បើទោះជាម៉ាឡេស៊ីប្រកាសជំហរចាប់យកចិន ប៉ុន្តែ ចិនមិនបានទទួលប្រយោជន៍លើសលប់ ឬកេងចំណេញលើម៉ាឡេស៊ីបានទេ គឺរាល់កិច្ចព្រមព្រៀងណាដែលសង្ស័យថា ខូចដល់ប្រយោជន៍ជាតិ លោក មហាធា បានរុះរើកិច្ចព្រមព្រៀងទាំងនោះឡើងវិញ។​

ម៉ាឡេស៊ីក៏ជាប្រទេសដែលមានជម្លោះដែនសមុទ្រ និងប្រឈមមុខជាប្រទេសចិនក្នុងដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះដែរ។​

តាមរបាយការណ៍របស់ world top export  បង្ហាញថា ចិនគឺជាដៃគូពាណិជ្ជកម្មទី២ អាមេរិក​ជាដៃគូពាណិជ្ជកម្មទី៣ ចំណែកសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មទី១របស់ប្រទេសម៉ាឡេស៊ី។​

បច្ចុប្បន្នចិន និងសហរដ្ឋអាមេរិក​កំពុងតែមានសង្គ្រាមពាណិជ្ជកម្ម ហើយដំឡើងពន្ធលើការនាំចូលរវាងគ្នាទៅវិញទៅមក។ ជម្លោះពាណិជ្ជកម្មនេះ បានធ្វើឲ្យបណ្តាប្រទេសមួយចំនួន​ផ្សេងៗទៀតរងផលប៉ះពាល់។​

ប្រធានាធិបតីសហរដ្ឋអាមេរិក​ក៏បាន​ដំឡើងពន្ធនាំចូលដែកថែបពីប្រទេសជាមិត្តភក្តិផ្សេងៗទៀត រួមទាំង កាណាដា អូស្ត្រាលី និងជប៉ុន ជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ