ម៉ាឌូរ៉ូ​ បណ្ដេញ​មន្រ្តី​​ទូត​អាមេរិក ក្រោយ​ចោទ​​ថា ប្រទេស​នេះ​​រាំង​ខ្ទប់​ប្រព័ន្ធ​អគ្គិសនី​ខ្លួន​​

ពលរដ្ឋវេណេស៊ុយអេឡាធ្វើដំណើរតាមដងផ្លូវមួយកន្លេង ដែលតាមបណ្ដោយផ្លូវមួយចំនួនធំត្រូវបានដាច់ចរន្តអគ្គិសនីទាំងអស់។ រូបភាព៖ AP

រដ្ឋាភិបាល​លោក នីកូឡាស ម៉ាឌូរ៉ូ បាន​បណ្តេញមន្រ្តី​ទូតអាមេរិក​ចេញ​ពីវេណេស៊ុយអេឡា ក្រោយ​ចោទ​​ប្រទេសមហាអំណាច​នេះ ជា​អ្នកនៅពីក្រោយការដាច់ភ្លើងនៅក្នុងប្រទេសរបស់​ខ្លួន។

កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីការបរទេស​វេណេស៊ុយអេឡា លោក Jorge Arreaza បានប្រាប់​ឲ្យ​មន្រ្តី​ស្ថានទូតអាមេរិក​ប្រចាំរដ្ឋធានីការ៉ាកាស​ត្រូវចាកចេញ​ពី​ប្រទេស​ខ្លួន​ឲ្យអស់​ក្នុងរយៈពេល​៧២ម៉ោង។

រដ្ឋមន្រ្តី​ការបរទេសរូបនេះ បានលើកឡើងថា ​វត្តមាន​របស់​មន្រ្តីទូតអាមេរិក​ទាំងនោះ​លើទឹក​ដីវេណេស៊ុយ​ឡា​មិនមែន​ជារឿងល្អទេ ដោយ​ថា​ ពួកគេ​ជាហានិភ័យ​មួយចំពោះ​សន្តិភាព សាមគ្គីភាព និង​ស្ថិរភាព។

ក្នុងបទសម្ភាសន៍ជាមួយ​អ្នកសារព័ត៌មាន​កាលពីម្សិលមិញ​ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Mike Pompeo បញ្ជាក់​ថា អាមេរិក​បាន​ប្រាប់​ដល់​មន្រ្តីទូតរបស់​ខ្លួន​នៅ​វេណេស៊ុយអេឡាឲ្យត្រលប់​ចូលប្រទេស​វិញហើយ ដើម្បីជៀសវាងគ្រោះថ្នាក់​ជាយថាហេតុណាមួយ។ លោក បន្តថា​ក្រោមការដឹកនាំ​របស់​លោក ម៉ាឌូរ៉ូ ស្ថានភាព​ប្រទេស​វេណេស៊ុយអេឡាកាន់​តែអាក្រក់​ទៅៗ។

ប្រទេសវេណេស៊ុយអេឡា បាន​ដាច់​ភ្លើង​តាំងពីថ្ងៃទី​៧ ខែមីនាមកម្ល៉េះ។ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ បាន​ចោទថា ​អាមេរិក​ជាអ្នកនៅពីក្រោយ​រឿងនេះ។ មេដឹកនាំវេណេស៊ុយអេឡា​រូបនេះ​ ​ថា​អាមេរិក​បានប្រើប្រាស់បច្ចេកវិទ្យា​តាម​អ៊ិនធឺណិត ដើម្បី​វាយប្រហារ​ប្រព័ន្ធអគ្គិសនី​នៅក្នុងប្រទេស​របស់​ខ្លួន។

តាមការចុះផ្សាយរបស់ទីភ្នាក់​ងារ​សារព័ត៌មានរុស្ស៊ី Sputnik News លោក ម៉ាឌូរ៉ូ នឹងស្នើ​សុំ​ជំនួយពីប្រទេសចិន​ រុស្ស៊ី គុយបា អ៊ីរ៉ង់ និងអង្គការសហប្រជាតិ ដើម្បីស៊ើបអង្កេត​ករណី​ដាច់​ភ្លើងក្នុងរយៈពេល​ជិតមួយសប្តាហ៍មកនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ