វៀតណាម​​ ស្នើ​ម៉ាឡេស៊ី​​ឲ្យ​ដោះលែង​ជនជាតិ​ខ្លួ​ន ​ករណី​​ឃាតកម្ម​​បងប្រុស​លោក​ គីម​ ជុងអ៊ុន​

ជនជាតិវៀតណាមឈ្មោះ ដូអាន ធីហុង ដែលជាប់សង្ស័យពីបទសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង បានមកដល់តុលាការជាន់ខ្ពស់ Shah Alam នៅជាយក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី នៅថ្ងៃទី11 ខែមីនា ឆ្នាំ 2019 ។ រូបភាព៖ EPA

មន្រ្តីជាន់ខ្ពស់​វៀតណាម បាន​ស្នើទៅភាគីម៉ាឡេស៊ីឲ្យដោះលែង​ជនជាតិ​របស់​ខ្លួនម្នាក់​ដែល​ជាប់​សង្ស័យករណីឃាតកម្ម​លើបងប្រុស​ម្តាយទីទៃរបស់​លោក​ គីម​ ជុងអ៊ុន។

រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh កាលពីម្សិល​មិញបានជួបសន្ទនា​​តាម​ទូរសព្ទជាមួយ​រដ្ឋមន្រ្តីការបរទេស​ម៉ាឡេស៊ី ​លោក Saifuddin Abdullah ករណីស្រ្តីវៀតណាម​ម្នាក់​ឈ្មោះ​ Doan Thi Huong ដែល​ត្រូវបាន​ចាប់​ខ្លួន​ដោយសង្ស័យថា​ជាប់​ពាក់​ព័ន្ធនឹង​អំពើឃាតកម្មលើ​លោក គីម ជុងណាម។ នេះ បើតាមការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម VN Express ។

លោក គីម ជុងណាម គឺជាកូនច្បងរបស់អតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល។ រូបថត: AP

រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បាន​ប្រាប់​ទៅ​ភាគីម៉ាឡេស៊ីថា ​ប្រទេសខ្លួនតាម​ដានយ៉ាងយក​ចិត្តទុកដាក់​ពីករណី​នេះ។ រដ្ឋមន្រ្តីការបរទេសវៀតណាម​រូបនេះ ក៏បាន​ស្នើឲ្យម៉ាឡេស៊ីធ្វើការកាត់​ក្តីករណីនេះដោយយុត្តិធម៌ ហើយ ​Doan Thi Huong គួរតែត្រូវបាន​ដោះលែង។

ការស្នើសុំ​របស់​វៀតណាម ធ្វើឡើង​បន្ទាប់ពីតុលាការម៉ាឡេស៊ីកាល​ពីថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០១៩ បាន​សម្រេច​ដោះលែងដោះលែង​ស្រ្តី​ជន​ជាតិ​ឥណ្ឌូនេស៊ីមា្នក់​ដែល​ត្រូវបាន​សង្ស័យ​ក្នុងករណី​ឃាតកម្ម​លោក  គីម ជុងណាម​ ដូចគ្នា​​នេះដែរ។

ស្ត្រី​ជន​ជាតិ​វៀតណាម ​Doan Thi Huong តែងតែបដិសេធថា ​ខ្លួនមិន​បាន​ជាប់​ទាក់​ទងនឹងករណីឃាតកម្ម​ទៅលើ​បងប្រុស​របស់​លោក​ គីម ជុងអ៊ុន ​ឡើយ។ ស្រ្តីវៀតណាម​រូបនេះ បាន​អះអាង​ថា​ នាងត្រូវបានគេបោកបញ្ឆោតឲ្យ​ចូលរួម​ធ្វើ​វីដេអូលេងសើចតែប៉ុណ្ណោះ។

​លោក ​គីម ជុងណាម​ ត្រូវបាន​ឃាតករ​សម្លាប់​នៅ​ព្រលានយន្តហោះទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ​ដោយ​ឃាតករបានប្រើសារពុល​ម្យ៉ាងឈ្មោះ VX ដែលជាសារធាតុមួយ​ដែលអង្គការសហប្រជាជាតិ​ហាម​មិន​ឲ្យមានការប្រើប្រាស់​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ