ចិន​ ​លូកដៃ​ជួយ​​ករណី​​ដាច់​ចរន្ត​អគ្គិសនី​​នៅ​​វេណេស៊ុយអេឡា​តាម​សំណើ​លោក ​​ម៉ាឌូរ៉ូ​​

ទិដ្ឋភាពនៃទីក្រុងការ៉ាកាសក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីនៅថ្ងៃទី 9 ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ CNN

ចិន បាន​យល់​ព្រមទទួល​សំណើរបស់​លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​សុំ​ឲ្យ​ប្រទេសកុម្មុយនីស្តមួយនេះ​ជួយស្វែងរក​មូលហេតុនៅពីក្រោយ​ការដាច់ចរន្តអគ្គិសនី​នៅវេណេស៊ុយអេឡា​ក្នុងរយៈជិត១សប្តាហ៍​កន្លងមក​នេះ។

លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃទី​១២​ ខែមីនា ឆ្នាំ២០១៩ បានលើកឡើងពីបំណង​ក្នុងការ​ស្នើ​សុំ​ជំនួយពីប្រទេសចិន​ រុស្ស៊ី គុយបា អ៊ីរ៉ង់ និងអង្គការសហប្រជាតិ ដើម្បីស៊ើបអង្កេត​ករណី​ដាច់ចរន្តអគ្គិសនីក្នុងប្រទេសរបស់លោក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូខាង បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពីម្សិលមិញ ថា​ភាគីចិន បាន​តាម​ដាន​យ៉ាងយកចិត្ត​ទុក​ដាក់​ពីបញ្ហា​ដាច់ចរន្តអគ្គិសនីនៅ​វេណេស៊ុយអេឡាដែល​បង្កជាបញ្ហា​លំបាក​ក្នុងការរកទទួល​ទាន និង​ជីវិត​រស់នៅប្រចាំថ្ងៃរបស់​ពលរដ្ឋ​ប្រទេសនេះ។ លោក ថា​តាម​របាយការណ៍នានាបង្ហាញ​ថា ​ការ​ដាច់ចរន្តអគ្គិសនីនេះកើតឡើងតាមរយៈការ​វាយប្រហារតាមអ៊ិនធឺណិត។

លោក​ បន្ថែម​ថា​ ចិន​ក៏មានការព្រួយបារម្ភផង​ដែរជុំ​វិញ​បញ្ហានេះ ហើយសង្ឃឹមថា​ ភាគីវេណេស៊ុយអេឡាអាចស្តារដំណើរការផ្គត់ផ្គង់​អគ្គិសនី​ ក៏ដូចជារៀបចំ​សណ្ដាប់ធ្នាប់​ក្នុងប្រទេសនេះឲ្យ​បាន​ឆាប់ឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ ខាង ក៏បាន​បញ្ជាក់ផងដែរ​​ថា ​ភាគី​ចិនត្រៀម​រួចជាស្រេចហើយក្នុងការផ្ដល់​ជំនួយ និងការគាំទ្រផ្នែក​បច្ចេកទេស​ដើម្បីជួយឲ្យ​វេណេស៊ុយ​អេឡា​មាន​អគ្គិសនីប្រើប្រាស់ឡើងវិញ។ ប៉ុន្តែ បើតាម​អ្នកនាំពាក្យរូបនេះ ចិន​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ពីពេលវេលាដែលត្រូវបញ្ជូន​មន្រ្តី​បច្ចេកទេស​ទៅ​ជួយវេណេស៊ុយអេឡា​។

ទោះយ៉ាងណាក៏ដោយ កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​នៃប្រទេសវេណេស៊ុយអេឡា លោក Jorge Rodriguez បាន​បញ្ជាក់​ក្នុងសន្និសីទសារព័ត៌មាន​មួយកាល​ពីម្សិលមិញ ថារដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ បាន​ស្តារប្រព័ន្ធអគ្គិសនីបាន​ទាំងស្រុងឡើងវិញហើយ។

ប៉ុន្តែអ្នកយកព័ត៌មាន​ទូរទស្សន៍ CNN ដែលកំពុងតាម​ដានបញ្ហានេះ បាន​លើកឡើងថា ​ការ​ដាច់ចរន្តអគ្គិសនីនៅតែបន្តកើតឡើង​នៅ​​តំបន់​ខ្លះនៃរដ្ឋធានីការ៉ាកាស។ វេជ្ជបណ្ឌិតដែល​ធ្វើការនៅ​អង្គការមនុស្សធម៌​មួយ បាន​ប្រាប់​អ្នកសារព័ត៌មាន CNN ថា អគ្គិសនីនៅតាម​មន្ទីរពេទ្យមួយចំនួន​នៅតែ​មិន​ទាន់មាន​នៅឡើយ។

ការដាច់​ចរន្តអគ្គិសនី​​​ក្នុងរយៈពេល​ជិតមួយសប្តាហ៍មកនេះ បាន​ប៉ះពាល់​យ៉ាងខ្លាំងដល់​ប្រជាជនក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ ប្រជាជន​ក្នុងរដ្ឋ​១៩ក្នុងចំណោម​រដ្ឋទាំង២៣ ត្រូវរស់​នៅដោយគ្មាន​អគ្គិសនីប្រើប្រាស់ សាលារៀន និងកន្លែងធ្វើការមួយចំនួន​ធំត្រួវផ្អាក​ដំណើរការ។ ក្រុមពលរដ្ឋដែល​ពឹងផ្អែក​លើ​ម៉ូទ័រ​បូមទឹក​ដែលប្រើ​​អគ្គិសនី​ ត្រូវបង្ខំចិត្ត​យក​ទឹកកខ្វក់​​ចេញពីប្រលាយ និងទឹកហូរតាម​ទន្លេទៅប្រើប្រាស់។

ក្រៅពីនេះ​ ហាងទំនិញ​ជាច្រើនត្រូវបាន​ចោរចូលគាស់​លួច​យកឥវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះ​ ការ​បំផ្លិច​បំផ្លាញទ្រព្យសម្បត្ដិសារធារណៈក៏កើតមាន​នៅច្រើនកន្លែង​ផងដែរ។

ប្រទេសវេណេស៊ុយអេឡា បាន​ដាច់​ចរន្តអគ្គិសនី​តាំងពីថ្ងៃទី​៧ ខែមីនាមកម្ល៉េះ។ លោក ម៉ាឌូរ៉ូ បាន​ចោទថា ​អាមេរិក​ជាអ្នកនៅពីក្រោយ​រឿងនេះ។ មេដឹកនាំវេណេស៊ុយអេឡា​រូបនេះ​ ​ថា​ អាមេរិក​បានប្រើប្រាស់បច្ចេកវិទ្យា​តាម​អ៊ិនធឺណិត ដើម្បី​វាយប្រហារ​ប្រព័ន្ធអគ្គិសនី​នៅក្នុងប្រទេស​របស់​ខ្លួន។

មិនត្រឹម​តែប៉ុណ្ណោះរដ្ឋាភិបាល​ លោក ម៉ាឌូរ៉ូ បានឆ្លើយតប​យ៉ាងចាស់​ដៃ​ជាមួយអាមេរិក ដោយកាលពីថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា​ បាន​ប្រកាស​ឲ្យ​មន្រ្តី​ស្ថានទូតអាមេរិក​ប្រចាំរដ្ឋធានីការ៉ាកាស​ត្រូវចាកចេញ​ពី​ប្រទេស​ខ្លួន​ឲ្យអស់​ក្នុងរយៈពេល​៧២ម៉ោង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ