ចិន ចេញ​របាយការណ៍​​វាយ​ប្រហារ​ស្ថានភាព​​​​សិទ្ធិ​មនុស្ស​​នៅ​​​​អាមេរិក​​

មនុស្សជាច្រើនបាននាំគ្នាដើរតាមផ្លូវនៅថ្ងៃទី28 ខែមីនាឆ្នាំ2018 នៅញូវយ៉ក ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ប៉ូលិសដែលសម្លាប់លោក Stephon Clark ដែលជាបុរសស្បែកខ្មៅ Sacramento រដ្ឋ California ។ រូបភាព៖ Erik Mcgregor / Sipa

រដ្ឋាភិបាល​ចិន ​នៅសប្តាហ៍នេះ​បាន​ចេញ​របាយការណ៍មួយ ដោយរិះគន់​ធ្ងន់​ៗទៅលើ​ការអនុវត្តសិទ្ធិមនុស្ស​របស់​សហរដ្ឋអាមេរិក។

ការបង្ហាញរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក ដោយប្រទេសចិន​ធ្វើឡើងដើម្បីជាការឆ្លើយតប​ទៅនឹងសហរដ្ឋ​អាមេរិក ​ដែល​បានបរិហារពីបញ្ហាសិទ្ធមនុស្ស​របស់​ប្រទេសកុម្មុយនីស្តមួយនេះ ក្នុងរបាយការណ៍មួយដែល​ចេញកាលពីថ្ងៃពុធ។

ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បាន​លើកឡើង​ក្នុងរបាយការណ៍​កម្រាស់​២១ទំព័រ ដែល​ត្រូវបាន​បង្ហោះ​លើគេហទំព័រទីភ្នាក់​ងារសារព័ត៌មាន​ចិនស៊ិនហួរកាលពីម្សិលមិញ ថា​កំណត់ត្រានៃការអនុវត្តសិទ្ធិមនុស្សប្រចាំ​ឆ្នាំ២០១៨ របស់​ប្រទេសជាង​១៩០ ដែលចេញដោយសហរដ្ឋអាមេរិក​ ជាការចោទប្រកាន់​ខុសការពិត និង​បំផ្លាញ​កេរ្តិ៍ឈ្មោះប្រទេសដទៃ។ ចិន បាន​រិះគន់​ធ្ងន់​ៗថា អាមេរិក​ខ្លួនឯងទេ ដែល​មិន​អើពើ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់​ធ្ងរដែល​កំពុងកើតមាន​ក្នុងប្រទេសរបស់​ខ្លួន។

រដ្ឋាភិបាលប្រទេសកុម្មុយនីស្តមួយនេះ បាន​លើកឡើងក្នុងរបាយការណ៍ដដែល​ថា ​ប្រសិន​បើគេក្រលេកមើល​ទៅលើស្ថានភាព​សិទ្ធិមនុស្សនៅសហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ២០១៨ គេនឹងមើលឃើញ​ដោយងាយថា​ ប្រទេសដែល​ហៅខ្លួន​ឯងជា «អ្នកការពារ​សិទ្ធិ​មនុស្ស» មួយនេះ មានកំណត់​ត្រាអនុវត្តន៍សិទ្ធិមនុស្សដែលមាន​ចំណុច​ខ្វះខាត ​ចន្លោះប្រហោង ហើយមាន​ស្ដង់​ដារ​ពីរថែម​ទៀតផង។

បញ្ហាសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ដែល​ចិនបាន​បង្ហាញ​ក្នុងរបាយការណ៍នោះ រួមមាន ការកើនឡើងនៃអំពើហិង្សាដោយការប្រើប្រាស់​​កាំភ្លើង, ការរើសអើងជាតិសាសន៍ និងសាសនា, ការឃ្លាំមើលតាម​អ៊ិនធឺណិតដែលធ្វើឲ្យប៉ះពាល់​ជីវិតឯកជន,​​ គម្លាតប្រាក់​ចំណូល, គោលនយោបាយ​អន្តោរប្រវេសន៍ បំបែកកូនចេញ​ពីឪពុកម្ដាយ, សេរីភាពសារព័ត៌មានត្រូវរងការធ្វើទុក្ខបុកម្នេញ, និង​ការដក​ខ្លួន​​របស់​អាមេរិកចេញ​​ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ជាដើម។

ទោះយ៉ាងណាក៏ដោយ ចិនមិនបាន​បញ្ជាក់​ឲ្យច្បាស់លាស់​ពីវិធីសាស្រ្តក្នុងការ​ចងក្រង​របាយណ៍នេះឡើយ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បាន​ចេញរបាយការណ៍​មួយស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្សប្រចាំ២០១៨ នៅក្នុងប្រទេស​ជាង​១៩០។ ក្នុងកំណត់ត្រានោះ​ អាមេរិកបាន​វាយប្រហារ​ចិន​ជាច្រើន​ចំណុច​ទាក់នឹង​នឹង​ការអនុវត្ត​សិទ្ធិមនុស្សនៅក្នុង​ប្រទេសនេះ​នា​ឆ្នាំ២០១៨។​

បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ហើយ​​ភាគីចិនតែងតែ​​ច្រាន​ចោល​នោះ​គឺ​បញ្ហា​នៃការចាប់​ខ្លួន​ជន​ជាតិ​អ៊ុយហ្គួរ។ ក្នុងរបាយការណ៍នោះ អាមេរិក ​លើកឡើងថា ​កាលពីឆ្នាំ២០១៨កន្លងទៅអាជ្ញាធរចិន បាន​បង្កើនយុទ្ធនាការ​រឹតបន្តឹងកាន់​តែ​ខ្លាំងលើជន​ជាតិភាគតិចដែល​កាន់សាសនាឥស្លាម​មួយនេះ។ អាមេរិក ថាចិន​បាន​ចាប់​ខ្លួន​ជនជាតិ​​អ៊ុយហ្គួរប្រមាណ​ជា​ជាង២លាននាក់​ដាក់​ក្នុងជំរុំ​អប់រំកែប្រែ ក្នុងគោលបំណង​ដើម្បី​លុបបំបាត់សាសនា និង​អត្តសញ្ញាណ​របស់​ពួកគេ​។

អាមេរិក ក៏បានរិះគន់​​ផងដែរជុំវិញការរឹតត្បិតរបស់​អាជ្ញាធរចិន​ទៅលើសេរីភាពបញ្ចេញមតិ ការដើរហើរ ការប្រមូលផ្តុំ និង​សេរីភាព​សាសនារបស់​ជនជាតិ​ទីបេ​ ដែល​កំពុងរស់​នៅតំបន់ស្វយ័ត​ទីបេ។

ក្រៅពីបញ្ហា​ទាំងនេះ របាយការណ៍របស់​សហរដ្ឋ​អាមេរិកដដែល​ក៏បាន​បង្ហាញ​ពីបញ្ហា​រំលោភសិទ្ធិមនុស្ស​មួយចំនួន​ទៀតនៅក្នុងប្រទេស​ចិន​ផងដែរ។​ បញ្ហា​ទាំងនោះរួមមាន​ការសម្លាប់ក្រៅប្រព័ន្ធច្បាប់​, ការបង្ខំ​ឲ្យបាត់​ខ្លួន, ការ​ធ្វើទារុណកម្ម, ការឃុំខ្លួន​ដោយ​មិនបាន​ជំនុំជម្រះ, ការរុក​រាន​សិទ្ធិឯកជន,ការវាយប្រហារ និងកាត់​ទោសអ្នកការសែត មេធាវី សកម្មជន, ការឃ្លាំមើល​​និងរាំងខ្ទប់​គេហទំព័រមួយចំនួន,​ ការជួញ​ដូរមនុស្ស និងការរឹតបណ្ដឹងសិទ្ធកម្មករជាដើម។

ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា​ របាយការណ៍នេះត្រូវបាន​ចងក្រងឡើងដោយ​ប្រើប្រាស់ព័ត៌មានពីស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅបរទេស មន្រ្តីរដ្ឋាភិបាលបរទេស អង្គការមិនមែនរដ្ឋាភិបាល និងអង្គការ​អន្តរជាតិ អ្នកជំនាញផ្នែកច្បាប់ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ សកម្មជនការងារ និងរបាយការណ៍ដែលបានបោះពុម្ពផ្សាយដោយ​បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅបរទេស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ