តុលាការបញ្ជាឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី និង​មេដឹកនាំបក្សប្រឆាំង ៧រូប​ទៀត

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

តុលាការ​កម្ពុជា បាន​សម្រេច​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ​សម រង្ស៊ី និងអតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ៧រូបទៀត ដោយ​ចោទ​ថា «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ក្នុងដីកាចំនួន ៨​ដាច់ដោយឡែកពីគ្នាចុះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានបញ្ជាឲ្យកងកម្លាំងសាធារណៈធ្វើការស្រាវជា្រវរក និងចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្រោមការចោទពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តកាលពីខែមករាកន្លងទៅ។

ក្រៅពីលោក សម រង្ស៊ី អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៧រូបទៀត ក៏ត្រូវបានតុលាការបង្គាប់ឲ្យចាប់ខ្លួនផងដែរ រួមមាន លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក ឡុង រី លោក អ៊ូ ច័ន្ទឬទ្ធិ និងលោកស្រី មូរ សុខហួរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស បន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ចំណែក​ឯ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង ៧​រូប​ទៀត សុទ្ធ​តែ​និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ