បក្ស​កុម្មុយនីស្ត​ចិន​ បណ្ដេញ​មន្រ្តី​ជាន់​ខ្ពស់​​ម្នាក់​​ចេញ​ ​ព្រោះ​​​ប្រព្រឹត្តិ​អំពើ​​ពុករលួយ​

លោក Nur Bekri អតីតប្រធាន​អាជ្ញាធរ​ថាម​ពលជាតិ និង​ជា​អនុប្រធានគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ។ រូបភាព៖ AFP

អតីតមន្រ្តី​ជាន់​ខ្ពស់​បក្សកុម្មុយនីស្តចិនដែលទទួល​បន្ទុក​ផ្នែក​ថាម​ពល​​ម្នាក់ ត្រូវបាន​បណ្ដេញ​ចេញ​ពី​បក្ស​ និង​ត្រូវ​ដាក់​ឲ្យស្ថិតក្រោម​ការស៊ើបអង្កេតរបស់​តុលាការ​​ ជុំវិញ​ការប្រើប្រាស់​តួនាទី​ក្នុង​ការ​​ប្រព្រឹត្តអំពើ​ពុក​រលួយ ។​

គណៈកម្មការអធិការកិច្ចវិន័យរបស់​បក្ស​កុម្មុយនីស្ត និងគណៈកម្មការជាតិប្រឆាំង​អំពើពុករលួយចិន​ កាលពីថ្ងៃសៅរ៍ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានមួយ​ថា ​លោក Nur Bekri អតីតប្រធាន​អាជ្ញាធរ​ថាម​ពលជាតិ និង​ជា​អនុប្រធានគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ ត្រូវបាន​រកឃើញថា ​បានប្រើ​ប្រាស់​ដំ​ណែង​ដើម្បី​បម្រើ​ផល​ប្រយោជន៍ផ្ទាល់​ខ្លួន។ តា​មការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មានតាម​​​អ៊ិន​ធឺណិតរបស់​រដ្ឋាភិបាល​ចិន លោក Nur Bekri បានប្រើប្រាស់​តួនាទីដោយ​រំលោភច្បាប់​​ក្នុងករណីមួយចំនួនដូចជា​ ​ជួយមន្រ្តី​ដទៃឲ្យ​ឡើងដំណែង សម្របសម្រួលដល់​ដំណើរការរបស់ក្រុមហ៊ុន​សហគ្រាស និង​កេងប្រវ័ញ្ចធនធាន​រ៉ែជាដើម។ ប្រភពដដែល ​បាន​ឲ្យដឹងផង​ដែរថា មន្រ្តី​ជាន់​ខ្ពស់​រូបនេះក៏ត្រូវបាន​ចោទប្រកាន់​ពីការទទួល​យក​សំណូកដោយផ្ទាល់ និងតាម​រយៈសមាជិក​គ្រួសាររបស់លោក​ផងដែរ។

ក្រៅពីនេះ លោក Nur Bekri ត្រូវបាន​រកឃើញ​ទោសមួយចំនួន​ទៀតផងដែរដូចជា ​រស់​នៅដោយភាព​ហ៊ឺហាចំណាយប្រាក់​ខ្ជះខ្ជាយ និងប្រើប្រាស់​អំណាចដើម្បី​ជាការដោះដូរនឹង​ការរួមភេទជាដើម។

តាម​គណៈកម្មការអធិការកិច្ចវិន័យរបស់​បក្ស​កុម្មុយនីស្ត​ និងគណៈកម្មការជាតិប្រឆាំង​អំពើពុករលួយចិន ការប្រព្រឹត្តរបស់លោក Nur Bekri ជាការរំលោភលើគោលការណ៍បក្សកុម្មុយនិស្ត និងច្បាប់​របស់ប្រទេសចិន​យ៉ាងខ្លាំង​។ អាជ្ញាធរចិន បាន​លើកឡើងបន្តថា ​ករណីនេះជាគំរូដ៏​អាក្រក់មួយ ហើយ​ជន​ល្មើសគួរតែត្រូវ​ដាក់​ទោសឲ្យបានធ្ងន់​ធ្ងរ​។

ប្រភពដដែល​ ឲ្យដឹងទៀតថា​ ទ្រព្យសម្បត្តិ​ដែល​លោក ​Nur Bekri រកបាន​ដោយខុសច្បាប់​ត្រូវបាន​រឹប​អូស ហើយ​ករណី​របស់​គាត់​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ដើម្បីបន្តនីតិវិធីជំនុំជម្រះ ។

លោក Nur Bekri ជា​ជនជាតិភាគតិច​អ៊ុយ​ហ្គួរមក​ពីតំបន់​ស៊ីនជាំងតែ​ម្នាក់​គត់​ ដែលមាន​តួនាទីនិងអំណាចក្នុងជួរបក្ស​កុម្មុយនីស្តចិន។ លោក ធ្លាប់​ធ្វើ​ជា​អភិបាល​តំបន់ស្វយ័ត​ស៊ីនជាំង​ពីឆ្នាំ២០០៨ ដល់ ២០១៤។

ដំណើរការកាត់​ទោសលោក Nur Bekri ធ្វើឡើងស្របពេល​ដែល​មានការរិះគន់ពី​សហរដ្ឋ​អាមេរិក និង​បណ្ដាអង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ថា អាជ្ញាធរចិន​កំពុងតែបង្កើនការ​ឃ្លាំមើល និង​គាបសង្កត់​ទៅ​លើ​ជន​ជាតិ​ភាគតិច​អ៊ុយហ្គួរនៅតំបន់​ស្វយ័ត​ស៊ីនជាំង។

ក្រសួងការបរទេស​សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បាន​ចេញរបាយការណ៍​មួយស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្សប្រចាំឆ្នាំ​២០១៨ នៅក្នុងប្រទេស​ជាង​១៩០។ ក្នុងកំណត់ត្រានោះ​ អាមេរិកបាន​វាយប្រហារ​ចិន​ជាច្រើន​ចំណុច​ទាក់នឹង​នឹង​ការអនុវត្ត​សិទ្ធិមនុស្សនៅក្នុង​ប្រទេសនេះ​ ជាពិសេស​បញ្ហា​ជនជាតិ​ភាគ​តិចអ៊ុយហ្គួរ។ អាមេរិក លើកឡើងថា អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​ជនជាតិ​​អ៊ុយហ្គួរប្រមាណ​ជា​ជាង២លាននាក់​ដាក់​ក្នុងជំរុំ​អប់រំកែប្រែ ក្នុងគោលបំណង​ដើម្បី​លុបបំបាត់សាសនា និង​អត្តសញ្ញាណ​របស់​ពួកគេ​។

ទោះយ៉ាងណាក៏ដោយ អាជ្ញាធរចិន​មិនដែល​ទទួលស្គាល់​ការ​ចោទប្រកាន់​ទាំងអស់នោះទេ។ ប្រទេសកុម្មុយនីស្តមួយនេះ តែងតែអះអាងថា សកម្មភាពកន្លងមក​របស់​សមត្ថកិច្ចខ្លួនធ្វើឡើងដើម្បីរក្សាស្ថិរភាព សន្តិភាព ក៏ដូចជាសុខមាល​ភាពរបស់ប្រជាជន​នៅក្នុងតំបន់​ស៊ីនជាំង។ ចិន​ បានលើកឡើងក្នុងសៀវភៅសរបស់ខ្លួន​ដែល​មាន​ចំណងជើងថា​ «ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម អំពើជ្រុលនិយម និងការការពារសិទិ្ធមនុស្សនៅស៊ីនជាំង» ដែលចេញផ្សាយ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ថាមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលត្រូវបានបង្កើតឡើងនៅតំបន់ស៊ីនជាំងក្នុងគោលបំណងអប់រំ និងស្តារនីតិសម្បទាពលរដ្ឋ​ដែលមានកំហុសតូចតាច ឬរំលោភបំពានច្បាប់។ ជំរុំ​អប់រំនោះ ក៏ជួយ​លុបបំបាត់ឥទ្ធិពលនៃអំពើភេរវកម្ម និងភាពជ្រុលនិយម ហើយអាច​រារាំងប្រជាជន​មិនឱ្យក្លាយជាជនរងគ្រោះនៃអំពើទាំងនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ