ប្រធានាធិបតី​​កាហ្សាក់ស្ថាន​​កាន់​​អំណាច​ជិត​៣០​ឆ្នាំ​ ប្រកាស​​លា​លែង​ពី​តំណែង​

ប្រធានាធិបតីរបស់កាហ្សាក់ស្ថាន Nursultan Nazarbayev បានសរសេរបញ្ជាក់មួយ ក្នុងអំឡុងពេលដែលមានអាស័យដ្ឋានទូរទស្សន៍មួយដើម្បីជូនដំណឹងអំពីការលាលែងពីតំណែងរបស់លោកនៅ Astana, កាហ្សាក់ស្ថានកាលពីថ្ងៃទី 19 ខែមីនា ឆ្នាំ 2019 ។ រូបភាព៖ REUTERS ATTENTION EDITORS

លោក Nursultan Nazarbayev ប្រធានាធិបតីកាហ្សាក់ស្ថានដែល​កាន់​អំណាចជិត៣ទសវត្ស​​ បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់​ផ្អើល​ពីការលាលែងពីតំណែង​របស់​លោក។

ការប្រកាស​របស់​ប្រធានាធិបតីដែល​ក្តោបក្តាប់អំណាចជិត៣០ឆ្នាំរូបនេះ បានធ្វើឡើង​តាម​កញ្ចក់​ទូរទស្សន៍របស់រដ្ឋកាលពីម្សិលមិញ​។ លោក Nazarbayev ត្រូវបាន​សារព័ត៌មាន​BBC ​ដកស្រង់សម្តីមកផ្សាយបន្តថា ការសម្រេចចិត្តលាលែង​តំណែងជាប្រធានាធិបតីរបស់​លោក​មិនមែន​ជារឿងងាយស្រួលនោះទេ ប៉ុន្តែអ្វីដែល​លោកធ្វើនៅពេល​នេះ គឺដើម្បីផ្ដល់​ឱកាស​​ឲ្យ​អ្នកដឹកនាំជំនាន់​ក្រោយ។​

ប្រធាធិបតី​វ័យ៧៨ឆ្នាំរូបនេះ បានលើកឡើងទៀតថា​ ការងារ​របស់​លោក​ពេល​នេះគឺជួយអ្នកនាំដឹកជំនាន់​ក្រោយ​ឲ្យបន្ត​ធ្វើកំណែទម្រង់​ក្នុងប្រទេសកាហ្សាក់​ស្ថាន​បន្ថែម​ទៀត។​

តាមលោក Nazarbayev ប្រធាន​​ព្រឹទ្ធសភាលោក Kassym-Jomart Tokayev និង​កាន់​តំណែងជាប្រធានាធិបតី​កាហ្សាក់ស្ថាន​បណ្ដោះ​អាសន្នរហូតដល់​ខែមេសា ឆ្នាំ២០២០។

អង្គការ Freedom House ដែល​មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍មួយស្វាគមន៍​ការ​សម្រេច​ចិត្តរបស់​ប្រធានាធិបតី​រូបនេះ។ អង្គការដែល​ធ្វើការ​លើការលើកកម្ពស់​សេរីភាព និងដំណើរប្រជាធិប​តេយ្យ​នេះ ថា​ការសម្រេចចិត្តរបស់​ប្រធានាធិបតី Nazarbayev គឺជាឧទាហរណ៍ដ៏កម្រមួយនៃការផ្ទេរអំណាចដោយស្ម័គ្រចិត្តនៅអាស៊ីកណ្តាល ហើយវាផ្តល់ឲ្យ​​កាហ្សាក់​ស្ថាននូវឱកាសក្នុងការ​ធ្វើ​កំណែទម្រង់ប្រជាធិបតេយ្យប្រកបដោយអត្ថន័យ។

អង្គការនេះ បាន​ស្នើ​ដល់​លោក Tokayev ដែល​នឹងត្រូវ​កាន់​តំណែង​ជាប្រធានាធិបតី​កាហ្សាក់ស្ថាន​បណ្ដោះ​អាសន្ន អនុញ្ញាតឲ្យ​បក្សនយោបាយនានា​ចុះឈ្មោះ និងធ្វើ​យុទ្ធនាការ។ លោក Tokayev ក៏ត្រូវលើកទឹកចិត្តឲ្យអង្គការសង្គម​ស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ​ចូលរួម​ឲ្យបានសកម្មក្នុង​ការពង្រឹងការចូលរួមរបស់សាធារណជន​នៅក្នុងដំណើរកំណែទម្រង់ ក៏ដូចជា​​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែលគ្រោងនឹងធ្វើនៅ​ឆ្នាំ២០២០។

តាម​អង្គការ​ Freedom គណបក្សនយោបាយ​ដែលប្រឆាំងនឹងរដ្ឋាភិបាលត្រូវបាន​អាជ្ញាធររារាំងមិនឲ្យ​ធ្វើ​សកម្មភាព។ ចំណែកអង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយ ​ត្រូវទទួលរងនូវការរឹតត្បិតយ៉ាងធ្ងន់​ធ្ងរ។

លោក Nazarbayev បានឡើងកាន់អំណាចជាលេខាទី១ នៃបក្សកុម្មុយនីស្តកាហ្សាក់ស្ថាននៅឆ្នាំ១៩៨៩ នៅពេល​ដែល​តំបន់​នេះស្ថិតនៅក្រោមការគ្រប់គ្រង​របស់​សហភាពសូវៀត។ ចាប់​តាំង​ពី​ឆ្នាំ១៩៩១ គណបក្សលោក Nazarbayev តែងតែឈ្នះរាល់​ការបោះឆ្នោត​ ប៉ុន្តែ​សហគមន៍​អន្តរជាតិហៅការបោះឆ្នោត​ទាំងនោះថា មិន​មាន​ភាពសេរី​ និងយុត្តិធម៌នោះទេ។

ទោះបី​ជាលាលែងតំណែង​ជាប្រធានាធិបតីក៏ដោយ ក៏លោក Nazarbayev នៅតែគ្រប់គ្រង​ក្រុមប្រឹក្សាសន្តិសុខជាតិ ហើយលោក​នៅតែមាន​អំណាចក្នុងការ​ធ្វើការសម្រេចចិត្តលើគោលនយោបាយទាំងក្នុង និងក្រៅប្រទេស។ លោក នៅតែមាន​អំណាចដោយសារតែលោកមានឋានៈជា​ «មេដឹកនាំជាតិ» ដែល​ជា​ឋានៈមួយដ៏ពិសេស​ដែល​សភាបាន​ផ្ដល់ឲ្យកាលពីឆ្នាំ២០១០។

កាហ្សាក់ស្ថាន ​ជាប្រទេសមួយស្ថិត​នៅតំបន់​អាស៊ី​កណ្ដាល​ដែល​សម្បូរដោយ​ធនធាន​ប្រេង។ ប្រទេសនេះបាន​ប្រកាសឯករាជ្យនៅឆ្នាំ១៩៩១ បន្ទាប់​ពីសហភាពសូវៀតដួលរលំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ