សមត្ថកិច្ច​ហ្វីលីពីន​ រឹប​អូស​​មេតំ​ហ្វេតាមីន​​ចំនួន​១៦០​គីឡួក្រាម​​ពី​ជន​ជាតិ​ចិន​៤​នាក់​​

នៅថ្ងៃអង្គារទី19 ខែមីនា ឆ្នាំ 2019 មេតំហ្វេតាមីនច្រើនជាង160 គីឡូក្រាមដែលត្រូវបានឆ្មក់ចាប់បាន នៅទីក្រុង Muntinlupa ភាគខាងកើតក្រុងម៉ានីលប្រទេសហ្វីលីពីន។ រូបភាព៖ Philippine Drug Enforcement Agency via AP

អាជ្ញាធរប្រទេសហ្វីលីពីន បាន​ធ្វើការបង្រ្កាប​លើឧក្រិដ្ឋជន​គ្រឿងញៀន​មួយក្រុម​កាល​ពីម្សិលមិញដោយដកហូត​​បាន​​មេតំ​ហ្វេតាមីន​ចំនួន១៦០គីឡួក្រាម។

តាមការចុះផ្សាយរបស់​សាព័ត៌មាន South China Morning Post ក្នុងយុទ្ធនាការបង្រ្កាបនោះសមត្ថកិច្ចហ្វីលីពីន បាន​ចាប់​ខ្លួន​ជន​ជាតិចិន៣នាក់ និង​ជនជាតិចិនសញ្ជាតិ​ហ្វីលីពីន​ដែល​ជាអ្នកបកប្រែម្នាក់។ ប្រភពដដែលឲ្យដឹងថា មេតំ​ហ្វេតាមីន​ចំនួន១៦០គីឡួក្រាមនោះត្រូវបាន​វេចខ្ចប់ដាក់​ក្នុងកញ្ចប់​តែ និងកំប៉ុងដាក់​នំប៊ីស្គី​ត។ ការបង្រ្កាបនោះ ធ្វើឡើងក្នុងភូមិមួយ​នៅក្នុង​រដ្ឋធានី​ម៉ានីល។

អាជ្ញាធរហ្វីលីពីន ថាក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ​ជាអ្នកនៅពីក្រោយ​មនុស្សដែល​ត្រូវបាន​ចាប់​ខ្លួន​ទាំង៤នាក់នោះ។ ប្រភពដដែល​ឲ្យ​ដឹងទៀត​ថា គ្រឿងញៀនដែល​ចាប់បាន​កាលពីម្សិល មាន​តម្លៃរហូតដល់​ជិត២១លាន​ដុល្លារ។

កាលពីខែ​មុន​ សមត្ថកិច្ចហ្វីលីពីន ក៏បាន​ធ្វើការបង្រ្កាបទៅ​លើក្រុម​ឧក្រិដ្ឋជនគ្រឿង​ញៀន​ដ៏ធំមួយនៅភាគ​ខាងត្បូង​រដ្ឋធានីម៉ានីលផងដែរ។ ពេលនោះ​ក្រុមសមត្ថកិច្ច រឹបអូស​មេតំ​ហ្វេតាមីន​ដែលតម្លៃរហូតដល់៣៦លានដុល្លារ។ ក្នុងប្រតិបត្តិការណ៍នោះ ជន​២នាក់​ដែល​ជាជន​ជាតិចិនត្រូវ​បាន​អាជ្ញាធរប្រទេសនេះបាញ់​សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ