វៀតណាម​ទទួល​បាន​ការ​បញ្ជា​ទិញ​អង្ករ​កើន​ទ្វេ​ដង​ពី​ចិន និង​ប្រទេស​ផ្សេង​ទៀត​

ឃ្លាំងអង្ករមួយកន្លែងនៅវៀតណាម។ រូបភាព៖ វេបសាយបរទេស

រដ្ឋាភិបាលវៀតណាមបង្ហាញក្តីសង្ឃឹមថា នៅក្នុងឆមាសទី២នេះ នឹងអាចនាំចេញអង្ករទៅទីផ្សារអន្តរជាតិកើនឡើង បន្ទាប់ពីប្រទេសបញ្ជាទិញផ្សេងៗ រួមទាំងចិនផង ចុះហត្ថលេខាទិញកើនឡើងទ្វេដង។​

របាយការណ៍របស់សមាគមអាហារវៀតណាម​ បង្ហាញថា នៅក្នុងខែមីនា ប្រទេសចំនួន៤ រួមមានអ៊ីរ៉ាក់ ម៉ាឡេស៊ី គុយប៉ា​ និងចិន បានចុះហត្ថលេខាបង្កើនចំនួនទិញអង្ករពីវៀតណាម។​

អ៊ីរ៉ាក់បានចុះហត្ថលេខាទិញអង្ករពីវៀតណាម​ ចំនួន​១២០ ០០០តោន ខណៈវៀតណាម​រំពឹងថា ខ្លួនអាចលក់អង្ករនៅតំបន់អាស៊ីប៉ែកនិរតី ចំនួន​៣០០ ០០០តោន។​

ចំណែកប្រទេសម៉ាឡេស៊ីព្រមព្រៀងទិញអង្ករពីវៀតណាម ​ចំនួន​២៥០ ០០០តោន ក្នុងនោះអង្ករបាក់ចំនួន៥ភាគរយ។​

ថ្មីៗនេះនៅក្នុងដំណើរការចរចាវៀតណាម​ក៏ទទួលបានជ័យជម្នះក្នុងការដេញថ្លៃផ្គត់ផ្គង់ទីផ្សាររបស់ហ្វីលីពីន និងចិន គឺវៀតណាម​លក់អង្ករបាក់ ក្នុង១តោន ៣៤០ដុល្លារ ខណៈឥណ្ឌាលក់៣៧០ដុល្លារ ប៉ាគីស្ថានលក់៣៦០ដុល្លារ និងថៃលក់៣៨៨ដុល្លារ ក្នុង១តោន។​

សមាគមអាហារវៀតណាម​ក៏បង្ហាញក្តីសង្ឃឹមទៀតថា នឹងអាចនាំចេញអង្ករទៅលក់នៅប្រទេសកូរ៉េខាងត្បូងកើនឡើងតាមកូតានៃតម្លៃពន្ធពិសេស។ កាលពីឆ្នាំមុន វៀតណាម​នាំអង្ករទៅលក់នៅកូរ៉េខាងត្បូងចំនួន១១៣ ០០០តោន។​

បច្ចុប្បន្នវៀតណាមក៏កំពុងតែដាក់គោលដៅក្នុងការពង្រីកទីផ្សារអង្ករទៅគោលដៅសំខាន់មួយទៀត គឺប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ជាប្រទេសលក្ខខណ្ឌមិនអំណោយផល ហើយពឹងផ្អែកទាំងស្រុងលើការនាំចូលអង្ករ។​ កាលពីឆ្នាំមុន អារ៉ាប់ប៊ី សាអ៊ីឌីត នាំចូលអង្កររហូតដល់១,២៧លានតោន។​

បច្ចុប្បន្ន ឥណ្ឌាគឺជាប្រទេសធំជាងគេក្នុងការផ្គត់ផ្គង់អង្ករឲ្យអារ៉ាប់ប៊ី សាអ៊ូឌីត រហូតដល់៧៩ភាគរយ អាមេរិក៦ភាគរយ ប៉ាគីស្ថាន៦ភាគរយ ថៃ៥ភាគរយ និងវៀតណាម​២ភាគរយ។​

កាលពីឆ្នាំ២០១៨ វៀតណាម​នាំចេញអង្ករកើនឡើង២២ ០០០តោន ហើយនៅឆ្នាំ២០១៩នេះ សង្ឃឹមថា នឹងបង្កើនការនាំចេញឲ្យបានច្រើនជាងនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ