អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមខេត្តមួយចំនួនដែលនៅជាប់ព្រំដែនថៃនៅថ្ងៃទី២២ ខែមីនា នេះ ដោយសារភាគីថៃកំពុងជូសជុលអនុស្ថានីយ៍ចំនួនពីរ។
យោងតាមសេចក្តីជូនដំណឹង អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីម្សិលមិញបានឲ្យដឹងថា អគ្គសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅថ្ងៃនេះ ក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តមានជ័យ បាត់ដំបង និងប៉ៃលិន ចាប់ពីវេលាម៉ោង ៥:០០នាទី ដល់ ១៧:០០នាទីល្ងាច។ មូលហេតុនៃការផ្អាកការផ្គត់ផ្គង់អគ្គិសនី ដោយសារភាគីថៃកំពុងតែជួសជុល និងកែសម្រួលបរិក្ខាមួយចំនួននៃអនុស្ថានីយ៍ WATTANA NAKORN និង ARANYAPRATHET នៃប្រទេសថៃ។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា សម្រាប់ខេត្តសៀមរាប គឺនឹងផ្អាកការផ្គត់ផ្គង់នៅក្នុងស្រុកពួក ផ្នែកខ្លះនៃស្រុកក្រឡាញ់ និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង។
តាមប្រភពដដែលបានឲ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ ផ្អាកនៅក្នុងស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកថ្មពួក ស្រុកអូរជ្រៅ ផ្នែកខ្លះនៃស្រុកម៉ាឡៃ និងផ្នែកខ្លះនៃក្រុងសិរីសោភ័ណ រួមទាំងផ្នែកខ្លះនៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
តាមប្រភពដដែលបានបន្តថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនីទាំងស្រុងក្នុងខេត្តបាត់ដំបង និងផ្នែកខ្លះនៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។
កាលពីថ្ងៃចន្ទ សប្តាហ៍នេះដែរ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថា កត្តាធ្វើឱ្យខ្វះភ្លើងអគ្គិសនីប្រើប្រាស់ រួមមាន កំណើនវិនិយោគទុនក្នុងនិងក្រៅស្រុក ការបញ្ចុះតម្លៃអគ្គិសនីកាលពីខែមករា អាកាសធាតុក្តៅខ្លាំង និងកង្វះទឹកខុសប្រក្រតី ដែលធ្វើឱ្យតំបន់វារីអគ្គិសនីមួយចំនួនផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានពេញលេញ៕