ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក៏ដូចជាធ្វើការការពារខ្លួនពីជម្ងឺពងបែកដៃ ជើង និងមាត់ ខណៈដែលកំដៅមានការកើនឡើង។
សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងបានរកឃើញថា ជម្ងឺពងបែកដៃ ជើង និងមាត់ មានការកើនឡើងនៅរដូវក្តៅឆ្នាំនេះ ជាពិសេសគឺកុមារដែលមានអាយុក្រោម ៥ឆ្នាំ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវបានដកស្រង់សម្តីមកចុះផ្សាយក្នុងសេចក្តីជូនដំណឹងនេះថា ដើម្បីបង្ការពីជម្ងឺនេះ ប្រជាពលរដ្ឋត្រូវរក្សាអនាម័យដោយលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ហើយករណីមានរោគសញ្ញាប្រកាច់ កន្រ្តាក់ដៃ ជើង ឬពិបាកផ្លូវដង្ហើម ត្រូវប្រញាប់បញ្ជូនទៅមន្ទីពេទ្យដើម្បីទទួលការព្យាបាលភ្លាម។
ប្រភពដដែលបានឲ្យដឹងទៀតថា ជម្ងឺខាងលើនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ សំបោរ ទឹករងៃ និងលាមកជាដើម៕