EU​ ហៅ​ទស្សនកិច្ចនៃ​ប្រតិភូខ្លួន​​ថា​ ស្ថិតក្នុងដំណាក់កាលវាយតម្លៃមុន​ឈាន​ទៅដក EBA

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

សហភាពអឺរ៉ុបបានចេញសេក្ដីប្រកាសព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូអឺរ៉ុប ដែលមកបំពេញទសន្សកិច្ចនៅប្រទេសកម្ពុជា ដើម្បីជជែកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA។

ប្រតិភូអឺរ៉ុបបានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី២០ និង២១ ខែមីនាកន្លងទៅថ្មីៗនេះ ដោយមន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដ។ 

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២២ ខែមីនា  សហភាពអឺរ៉ុបគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូអឺរ៉ុបមកកម្ពុជានេះ គឺជាឪកាសដំបូងសម្រាប់ការជជែកពិភាក្សាគ្នានៅក្នុងអំឡុងពេលត្រួតពិនិត្យ និងវាយតម្លៃ បន្ទាប់ពីសហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាស កាលពីថ្ងៃទី ១១ ខែកុម្ភៈ អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជានោះ។

សហភាពអឺរ៉ុបគូសបញ្ជាក់ទៀតថា ខ្លួនបានជួបពិភាក្សាដោយស្មោះត្រង់ជាមួយភាគីកម្ពុជា និងរំពឹងថា រដ្ឋាភិបាលនឹងកែលម្អបញ្ហាទាំងអស់ដែលជាក្ដីកង្វល់ និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។  

ប៉ុន្ដែ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជំហរនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រតិភូអឺរ៉ុបនេះផងដែរថា កម្ពុជាមិនខ្វល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះនោះទេ ដោយថា ទោះមាន ឬគ្មាន ក៏កម្ពុជាមិនស្លាប់នោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ