មនុស្ស​៣​នាក់​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទូទាំង​ប្រទេស​នា​ដើម​ឆ្នាំ​២០១៩​

យ៉ាងហោចណាស់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន២០ខ្នង នៅភូមិមួយចំនួន ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានរងនូវការខាតចំនួន២០ខ្នងដោយសារគ្រោះធម្មជាតិខ្សល់កន្ត្រាក់ នៅវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ អគ្គសង្នការនគរបាលជាតិ

មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៣នាក់បានស្លាប់​បណ្ដាល​មក​ពី​គ្រោះមហន្តរាយធម្មជាតិទូទាំងប្រទេសនាដើមឆ្នាំ២០១៩ ដោយគិតចាប់ពីខែមករា រហូតដល់ខែមីនា។

អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់សារព័ត៌មាន វីអូឌី នៅថ្ងៃនេះថា នៅដើមឆ្នាំ២០១៩នេះ គិតចាប់ពីខែមករា​រហូតដល់ខែមីនា ខ្យល់កន្រ្តាក់ បាន​កើតឡើងចំនួន ៣៦លើក ដែលបង្កឲ្យមនុស្សរបួសចំនួន ៧នាក់ និងខូចខាតផ្ទះ ៨៨ខ្នង ហើយ​រន្ទះ​បាញ់​បានសម្លាប់​មនុស្ស ៣នាក់ និងបណ្ដាល​ឲ្យ​រង​របួស ៣នាក់ ព្រមទាំងងាប់គោក្របី ២ក្បាល។

មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ករណី​ខ្យល់​កន្ត្រាក់​បាន​កើន​ឡើង​នៅ​ដើម​ឆ្នាំ​នេះ បើធៀប​នឹង​តួលេខ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ លោក​អះ​អាង​ថា ចំនួន​មនុស្ស​ស្លាប់​បាន​ថយ​ចុះ​ម្នាក់ ហើយ​ចំនួន​មនុស្ស​របួស​ថយ​ចុះ ២​នាក់។

​លោក កែវ វី បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំនួន​ពលរដ្ឋ​ស្លាប់​ដោយ​សារ​បាតុភូត​រន្ទះ ក៏​បាន​ថយ​ចុះ​ដែរ​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​ដើម​ឆ្នាំ​នេះ បើ​ធៀប​នឹង​ចំនួន​មនុស្ស​ស្លាប់ ១១នាក់ និងរបួស ៤នាក់​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​របស់​គណៈកម្មការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​កាល​ពី​ឆ្នាំ​មុន បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១១៦​នាក់ បាន​ស្លាប់ ហើយ​មនុស្ស ១២៦​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ខ្យល់​កន្ត្រាក់​ចំនួន ១៩៦​លើក និង​បាតុភូត​រន្ទះ​បាញ់។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួងធនធានទឹក និង​ឧតុនិយម ក៏បានអំពាវនាវទៅ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ