តើ​អ្វី​ខ្លះ​ជា​​ព្រឹត្តិការណ៍​សំខាន់់​​ៗ​​ទាក់​ទង​នឹង​ការ​បោះឆ្នោត​​នៅ​​ប្រទេស​ថៃ​កាល​ពី​ម្សិល​មិញ​?​​

បេក្ខជនតំណាងបក្សនីមួយៗរបស់ថៃ សម្រាបអាណត្តិឆ្នាំ២០១៩នេះ។ រូបភាព៖ វេបសាយបរទេស

ប្រទេសថៃ បាន​រៀបចំការបោះ​ឆ្នោតជាលើកដំបូងរបស់ខ្លួន​កាល​ពីម្សិលមិញ​ បន្ទាប់ពីមាន​រដ្ឋប្រហារ​ទម្លាក់​លោកស្រី យីងឡាក់ កាលពីឆ្នាំ​២០១៤។ តើការបោះឆ្នោតនៅប្រទេសថៃកាលពីថ្ងៃអាទិត្យ​ម្សិលមិញ​មាន​ព្រឹត្តិកាណ៍សំខាន់​ៗអ្វីខ្លះ?​

អ្នកចេញ​ទៅបោះឆ្នោតថយចុះ​

សកម្មជនប្រឆាំងពួកយោធារបស់ថៃ បានបង្ហាញផ្ទាំងបដានៅក្នុងបាតុកម្មប្រឆាំងនឹងការពន្យារពេលនៃការបោះឆ្នោតទូទៅរបស់ប្រទេសនេះនៅទីក្រុងបាងកកនៅថ្ងៃទី 8 ខែមករាឆ្នាំ 2019 ។ រូបភាព៖ CNN

តាំងពីមាន​រដ្ឋ​ប្រហារនៅឆ្នាំ២០១៤មក ​ប្រជាជន​ថៃបាន​នាំគ្នាធ្វើការ​តវ៉ា​ជាច្រើនលើកច្រើនសារ​ដើម្បីជំរុញឲ្យក្រុម​យោ​ធាដែល​ដឹកនាំដោយលោក ​ប្រាយុទ្ធ ចាន់​អូចា រៀបចំការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យ។ ជាលទ្ធផលការបោះឆ្នោតត្រូវបាន​រៀបចំកាលពីម្សិលមិញ បន្ទាប់​ពីមាន​ការ​រង់ចាំអស់​រយៈពេល​៥ឆ្នាំ។​

ប៉ុន្តែ អ្វី​ដែល​ជា​ការចាប់អារម្មណ៍នេះ គឺចំនួន​អ្នកចេញ​ទៅ​បោះឆ្នោត​មាន​តែ​៦៥.៩៥ ភាគ​រយប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់​របស់​ប្រធានគណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតថៃ ​លោក Ittiporn Boonpracong ដែលថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាលពីយប់​ថ្ងៃអាទិត្យ​។ កាលពី​ការបោះឆ្នោតឆ្នាំ២០១១ ដែល​ពេលនោះគណបក្ស​ភឿថៃរបស់​លោកស្រី យីងឡាក់ ​ឈ្នះភ្លូកទឹក​ភ្លូកដី​ ចំនួន​​អ្នកចេញ​ទៅបោះឆ្នោតមាន​រហូត​ដល់​៧៥.០៣ភាគរយ។

បក្ស​លោក ប្រាយុទ្ធ មាន​សម្លេងនាំមុខ​​

លោក Uttama Savanayana មេដឹកនាំគណបក្ស Palang Pracharat បានធ្វើសន្និសីទសារព័ត៌មានក្នុងអំឡុងពេលនៃការបោះឆ្នោតទូទៅនៅទីក្រុងបាំងកកប្រទេសថៃថ្ងៃទី 24 ខែមីនាឆ្នាំ 2019 ។ REUTERS / Soe Zeya Tun

តាមលទ្ធផល​បឋម​ដែល​គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតថៃផ្តល់ឲ្យបន្ទាប់​ពីរាប់​សន្លឹក​ឆ្នោតបាន​ជាង៩០ភាគរយ កាលពីយប់មិញ​ សម្លេងឆ្នោតគាំទ្រគណបក្ស Palang Pracharat របស់លោក​ ប្រាយុទ្ធ​ មានសម្លេង​នាំមុខបក្ស​ភឿថៃដែល​ស្និទ្ធ​នឹងលោក ថាក់ស៊ីន។ គណបក្ស Palang Pracharat ទទួលបាន​ ​៧.៦៩ លាន​សម្លេង ខណៈបក្សភឿថៃទទួលបាន​ ៧.២៣ លានសម្លេង។

អ្នកនាំពាក្យ​បក្ស​ភឿថៃ លោកស្រី Ladawan Wongsriwong បាន​ថ្លែងប្រាប់ទីភ្នាក់​ងារសារព័ត៌មាន​រ៉យទ័រថាភាព​មិនប្រក្រតី​មួយចំនួនបានកើតឡើង ដូចជា ការទិញដូរសន្លឹក​ឆ្នោតជាដើម។

លោក អាប់​ភីស៊ីត លាលែង​ចេញ​ពីប្រធានបក្សក្រោយបរាជ័យយ៉ាងអាម៉ាស់​

មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក អាភីស៊ីតវេចាជីវ៉ា បានបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី24 ខែមីនា ឆ្នាំ2019 ក្នុងអំឡុងពេលនៃការបោះឆ្នោតសកលជាលើកដំបូងរបស់ប្រទេស ចាប់តាំងពីយោធាបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ 2014 ។ (រូបថត AP / Wason Wanichakorn)

តាម​​លទ្ធផល​បឋម​ដែល​គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតថៃ គណបក្សប្រជាធិបតេយ្យ​ធ្លាក់​សម្លេងគាំទ្រយ៉ាងខ្លាំង ពោលគឺគណបក្ស​នយោបាយ​ដែល​ចាស់​ជាងគេមួយនេះឈរនៅលំដាប់​លេខរៀងទី៤។ លោក អាប់ភីស៊ីត​ ថា​លោក​ទទួលខុសត្រូវ​លើរឿងនេះ ដោយការលាលែង​ពីតំណែង​ជាប្រធានបក្ស។ ទោះយ៉ាងណាក៏ដោយ​ អតីតនាយករដ្ឋមន្រ្តី​រូបនេះ បានបង្ហាញ​ចេតនា​ថា​លោក​ចង់ចូលរួមក្នុងរដ្ឋាភិបាល​ចម្រុះ។

សន្លឹក​ឆ្នោត​ដែល​បោះនៅ​ណូវេលសេឡង់​មិនត្រូវបានរាប់ ព្រោះមកមិនទាន់​ពេល

គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតថៃ បាន​ចាត់​ទុកសន្លឹក​ឆ្នោតចំនួន១៥០០សន្លឹក ​ដែល​បោះដោយពលរដ្ឋ​ថៃ​នៅ​ណូវេលសេឡង់ ថាមិនបានការ។ តាមការចុះផ្សាយ​របស់ការសែតបាងកកប៉ុស្តិ៍ គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតថៃ បដិសេធមិន​រាប់​សន្លឹកឆ្នោតទាំងនោះ ព្រោះតែសន្លឹកឆ្នោត​ទាំងដឹកជញ្ជូនមក​មិនទាន់​ពេល។ សន្លឹក​ឆ្នោតទាំងនោះត្រូវមក​ឲ្យដល់​មុនការិយាល័យបោះឆ្នោតបិទ ដើម្បីឲ្យ​​គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតដាក់​បញ្ចូល​ជាមួយសន្លឹក​ឆ្នោតផ្សេង ការពារកុំឲ្យ​គេដឹង​ថា ​សន្លឹក​ឆ្នោតទាំងនោះបោះឲ្យបក្ស​ណាឬបេក្ខជន​ណា។ តាម​ច្បាប់​របស់ប្រទេសថៃ ពលរដ្ឋ​ខ្លួន​ដែល​រស់នៅបរទេស​អាចធ្វើការបោះឆ្នោតមុន​ការបោះឆ្នោត​ដែល​ប្រព្រឹត្តទៅនៅក្នុងប្រទេស។

​គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោតថៃ បានឲ្យដឹង​ថាលទ្ធបោះឆ្នោត​នឹងត្រូវបាន​នៅរសៀលម៉ោង​២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ