អាជ្ញាធរ​ថា​ កំពុង​តាម​ចាប់​នគរបាល​​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​​ Rock​

សមត្ថកិច្ចចូល​ឆែកឆេរ​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអះអាងថា​ សមត្ថកិច្ចកំពុងតាមចាប់មន្ត្រីរបស់ខ្លួនម្នាក់ និងអ្នកផ្សេងទៀត​ ដោយសង្ស័យថា អាចជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀននៅ Rock ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ បានប្រាប់ វីអូឌី នៅថ្ងៃនេះថា ជនសង្ស័យ​៤នាក់ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនៅមជ្ឈមណ្ឌលកម្សាន្ដ Rock នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលនេះកំពុងស្ថិតក្រោមការសួរនាំរបស់មន្ត្រីតុលាការ​។

លោក វីរិទ្ធ អះអាងថា មន្ដ្រីនគរបាលម្នាក់ដែលកំពុងតាមចាប់ខ្លួននោះ គឺឈ្មោះ ឡេង សុខគង់ ជាប្រធានផ្នែកអន្ដរាគមន៍ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលពាក់ស័ក្ដិ៤។

គួររំឮកថា ម្ចាស់ក្លឹបកំសាន្តរ៉ក់ លោក ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ​ខ្លួនបណ្តោះអា​សន្ន​​កាលពីថ្ងៃទី១២ ខែមីនានេះ ទាន់ទិននឹង​ការរកឃើញគ្រឿងញៀនប្រហែល៥០គីឡូក្រាម ។

បើតាមលោក ហ៊ុន សែន អ្នករងគ្រោះដោយសារគ្រឿងញៀនបានកើនឡើងទ្វេដងគិតត្រឹមឆ្នាំ២០១៨ ដោយថា ​នៅ​​ឆ្នាំ២​​០១៧ អ្នករងគ្រោះដោយសារគ្រឿងញៀនមកព្យាបាលមាន​៤ពាន់នាក់ ប៉ុន្តែ ឆ្នាំ២០១​៨ ឡើងដល់៨ពាន់នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ