ត្រាំ សម្រេច​បំណង​ជំហាន​ទី១ កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិចស៊ិកូ​

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ សម្រេចបំណងលោកមួយផ្នែកក្នុងការកសាងជញ្ជាំងការពារព្រំដែនជាមួយប្រទេសម៉ិចស៊ិកូ ដោយទទួលបានថវិកា១ប៊ីលានដុល្លារ ពីទីបញ្ជាការកងទ័ពមន្ទីរប៉ងតាហ្គោន។​

សារនយោបាយសំខាន់មួយរបស់លោក ត្រាំ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតគឺការសាងសង់ជញ្ជាំងការពារព្រំដែន​ជាមួយម៉ិចស៊ិកូ ដើម្បីទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន ជនអន្តោរប្រវេសន៍ខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។​ ប៉ុន្តែ បំណងរបស់លោកពេលស្នើថវិកា ត្រូវបានសភាបដិសេធជាបន្តបន្ទាប់។​

ទោះយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរប៉ង់តាហ្គោនថ្ងៃនេះ បញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ លោក​ ផាទ្រីក សាណាហាន បានសម្រេចឲ្យមេបញ្ជាការកងទ័ពរៀបចំកញ្ចប់ថវិកាចំនួន​១ប៊ីលានដុល្លារ ប្រគល់ទៅឲ្យក្រសួងសន្តិសុខសង្គម គយ និងគ្រប់គ្រងព្រំដែន។​

ក្នុងសេចក្តីប្រកាសនោះ បញ្ជាក់ថា នៅក្នុងច្បាប់សហព័ន្ធបានអនុញ្ញាតក្រសួងការពារជាតិមានសិទ្ធិក្នុងការប្រើប្រាស់ថវិកាកសាងសំណង់ឬផ្លូវ ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនជាអន្តរជាតិឆ្លងកាត់សហរដ្ឋអាមេរិក។​

ការសម្រេចនេះត្រូវគណបក្សប្រជាធិបតេយ្យចេញមុខប្រឆាំងយ៉ាងខ្លាំង។ សមាជិកសភាខាងគណបក្សប្រជាធិបតេ្យចោទថា ការសម្រេចនេះធ្វើឡើងមិនត្រឹមត្រូវ ដោយមិនបានស្នើសុំការសម្រេចពីគណៈការការពារព្រំដែន និងសភា មុនផ្ទេរលុយ។​

ក្រុមសមាជិកសភាបានសរសេរនៅក្នុងលិខិតរបស់ខ្លួនថា ពួកគេប្រឆាំងដាច់ខាតចំពោះការផ្ទេរថវិកានេះ គឺធ្វើឡើងមិនបានបំពេញលក្ខខណ្ឌច្បាប់ត្រឹមត្រូវ។​

ទោះយ៉ាងណា កញ្ចប់ថវិកា១ប៊ីលានដុល្លារនេះ អាចកសាងជញ្ជាំងការពារព្រំដែនបានតែ៩១គីឡូម៉ែត្រតែប៉ុណ្ណោះ សម្រាប់បំណងរបស់លោក ដូណាល់ ត្រាំ ត្រូវការថវិការហូតដល់៥,៧ប៊ីលានដុល្លារ សម្រាប់សាងសង់ជញ្ជាំងជិត៣២០០គីឡូម៉ែត្រតាមព្រំដែនជាមួយម៉ិចស៊ិកូ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ សភាបានបដិសេធសំណើសុំថវិកាសម្រាប់សាងសង់ជញ្ជាំងការពារព្រំដែន។​ ពេលនោះ លោក ត្រាំ ប្រកាសដាក់ស្ថានភាពនៅតំបន់ព្រំដែននោះក្នុងស្ថានភាពអាសន្ន ដែលស្នើយកថវិកាកងទ័ពមកសាងសង់បាន។​

ទោះយ៉ាងណា គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងរដ្ឋសភាកាលពីខែមុនបានចេញសេចក្តីសម្រេចបញ្ចប់ការដាក់ស្ថានភាពអាសន្ននៅតាមព្រំដែននោះដោយមានការគាំទ្រពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន១២រូបផង។ ប៉ុន្តែ លោក ត្រាំ ប្រើសិទ្ធិច្រានចោលការសម្រេចនេះ។

ពេលនេះ សភាកំពុងត្រូវការសំឡេង២ភាគ៣ គឺសំឡេងភាគច្រើនដែលមានការគាំទ្រទាំងពីរ គណបក្ស ទើបអាចរារាំងសកម្មភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ បាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ