អាមេរិក​អំពាវនាវឲ្យថៃ​ស៊ើបអង្កេត​ភាពមិនប្រក្រតីនៃការបោះឆ្នោត​ដោយយុត្តិធម៌

មន្ត្រីម្នាក់បានប្រកាសពីការបោះឆ្នោតនៅថ្ងៃអាទិត្យនៅឯការិយាល័យបោះឆ្នោតមួយនៅស្រុក Sai Mai នៃទីក្រុងបាងកក។ រូបភាព៖ khaosodenglish.com

សហរដ្ឋអាមេរិក​ អំពាវ​នាឱ្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​ចំពោះ​ភាព​មិន​ប្រក្រតី​នានា​ជុំវិញ​ការបោះឆ្នោត​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។

ការ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក​ ធ្វើឡើង​ស្រប​ពេល​ដែល​មានការ​ចោទប្រកាន់​ថា ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ការបោះឆ្នោត​នោះ​។

ក្រសួង​ការបរទេស​អា​មេ​រិក បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ថា​ ប្រទេស​ខ្លួន​ស្វាគមន៍​ចំពោះ​ការចូលរួម​បោះឆ្នោត​របស់​ប្រជាជន​ថៃ​ ដោយ​ថា ​វា​ជា​ការបោះឆ្នោត​មួយ​ដែល​ពួកគេ​ទន្ទឹងរង់ចាំ​អស់​ពេល​ជា​យូរ​។ ប្រទេស​ប្រកាន់​ប្រជា​ធិបតេយ្យ​មួយ​នេះ​ ហៅ​ការបោះឆ្នោត​កាលពី​ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៩​ ថា​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​វិល​ត្រលប់​មកវិញ​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​ចង់បាន​របស់​ពលរដ្ឋ​។

ទោះ​យ៉ាងណាក៏ដោយ​ សហរដ្ឋអាមេរិក​ ក៏បាន​អំពាវនាវ​ឱ្យ​មានការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឲ្យបាន​ឆាប់​ ហើយ​ធ្វើការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​ និង​ប្រកបដោយ​តម្លាភាព​ទៅលើ​ភាព​មិន​ប្រក្រតី​ដែល​បាន​រាយការណ៍​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ខ្លួន​កំពុង​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ថ្មី​ ដើម្បី​ការ​រីកចម្រើន​ ប្រជាធិបតេយ្យ​ និង​សុខ​សុវត្ថិភាព​ របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

គណបក្ស​ភឿ​ថៃ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​បក្ស​ដែល​ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋមន្រ្តី ​ថា​ក់​ស៊ីន​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ចោទប្រកាន់​ថា ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើតឡើង​។ ភាព​មិន​ប្រក្រតី​ដែល​បក្ស​នេះ​លើកឡើង​ រួមមាន​ ការទិញ​ដូរ​សន្លឹកឆ្នោត​ និង​ចំនួន​សន្លឹកឆ្នោត​ច្រើនជាង​ចំនួន​អ្នកបោះឆ្នោត​នៅ​តាម​ការិយាល័យ​ខ្លះ​ជាដើម​។

ក្រៅពី​នេះ ​ក៏​មានការ​រិះគន់​ផង​ដែរ​ ជុំវិញ​បញ្ហា​ដែល​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​ ចាត់ទុក​សន្លឹកឆ្នោត​ចំនួន១៥០០សន្លឹក​ ដែល​បោះ​ដោយ​ពលរដ្ឋ​ថៃ​នៅ​ណូវេ​លសេ​ឡង់​ ថា​មិនបានការ​។ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​ បដិសេធ​មិនរាប់​សន្លឹកឆ្នោត​ទាំងនោះ​ ព្រោះតែ​សន្លឹកឆ្នោត​ទាំងនោះ​ដឹកជញ្ជូន​មក​មិនទាន់ពេល​។

គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​ ថាសន្លឹកឆ្នោត​ទាំងនោះ​ត្រូវ​មក​ឱ្យ​ដល់មុន​ការិយាល័យ​បោះឆ្នោត​បិទ​ ដើម្បី​ដាក់បញ្ចូល​ជាមួយ​សន្លឹកឆ្នោត​ផ្សេង​ ការពារ​កុំ​ឱ្យ​គេ​ដឹង​ថា​ សន្លឹកឆ្នោត​ទាំងនោះ​បោះ​ឱ្យ​បក្ស​ណា​ឬបេក្ខជន​ណា​។ ប៉ុន្តែ ​អ្នកឃ្លាំមើល​ការបោះឆ្នោត​ និង​ពលរដ្ឋ​ថៃ​មួយចំនួន ​ថា​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​តែ​អាច​ដាក់​សន្លឹកឆ្នោត​ទាំងនោះ​ចូល​ជាមួយ​សន្លឹកឆ្នោត​ដទៃ​បាន​ ព្រោះ​ការរាប់​មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​។

លទ្ធផល​បោះឆ្នោត​មិនទាន់​ទាំង​ចេញ​ជា​ផ្លូវការ​ផង​ ទាំង​បក្ស​ភឿ​ថៃ​ និង​បក្ស Palang​ Pracharat​ របស់​លោក​ ប្រា​យុទ្ធ​ សុទ្ធតែ​ប្រកាស​ពី​ជ័យ​ជម្នះ​រៀង​ៗខ្លួន​។

ដោយឡែក​នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩​ នេះ​ គណបក្ស​ភឿ​ថៃ​ បាន​ចង​សម្ព័ន​ជាមួយ​គណបក្ស៦ផ្សេងទៀត​ដែល​នឹង​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័រ​

ប៉ុន្តែ ​ទោះជាយ៉ាងណា​ក៏ដោយ ​ក្រុម​នេះ​ពិបាក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ដែរ​ ដោយសារតែ​នាយក​រដ្ឋមន្រ្តី​ត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ដែល​ធ្វើឡើង​ដោយ​សមាជិកសភា​ទាំងពីរ​ថ្នាក់​ ដែល​ក្នុង​នោះ​សមាជិកព្រឹទ្ធសភា​ទាំង២៥០ សុទ្ធតែ​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ ប្រា​យុទ្ធ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ