UN រំឭក​ឡាវ​ថា ការ​ផ្តល់​ដី​សម្បទាន​ប៉ះពាល់​អ្នក​ក្រីក្រ និង​ក្មេង​ជំនាន់​ក្រោយ​

អ្នករាយការណ៍ពិសេស និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស លោក ហ្វីលីព អាលស្តូន (Philip Alston) ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេសឡាវ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ Bassam Khawaja 2019

អ្នករាយការណ៍ឲ្យអង្គការសហប្រជាជាតិ​បានក្រើនរំឭកដល់រដ្ឋាភិបាលឡាវថា យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការផ្តល់ដីសម្បទានច្រើនលើសលប់ដល់ក្រុមហ៊ុនដាំដំណាំ និងធ្វើទំនប់វារីអគ្គិសនី កំពុងតែប៉ះពាល់ដល់ប្រជាជនក្រីក្រ និងក្មេងជំនាន់ក្រោយ។​

អ្នករាយការណ៍ពិសេស និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស លោក ហ្វីលីព អាលស្តូន (Philip Alston) លើកឡើងថា ការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនចិនច្រើនដើម្បីយកទៅដាំដំណាំ ធ្វើទំនប់វារីអគ្គិសនី ឬធ្វើផ្លូវដែកនោះ កំពុងប៉ះពាល់ដល់អ្នកក្រីក្របច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយទៅថ្ងៃអនាគត។

លោកបន្តថា ការផ្តល់ដីសម្បទានដែលមានការកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិផ្សេងៗច្រើននោះ បានផលតិចតួចដល់អ្នកក្រីក្រ ហើយអ្នកទទួលផលច្រើនលើសលប់នោះ គឺក្រុមអ្នកមានអំណាចទៅវិញ។​

លោក ហ្វីលីព អាលស្តូន ផ្តល់យោបល់ថា សេដ្ឋកិច្ចឡាវនឹងបានប្រសើរឡើង ប្រសិនជារដ្ឋាភិបាលពង្រឹងការអប់រំចំណេះដឹងដល់ពលរដ្ឋគ្រប់គ្នា ហើយពួកគេមានការងារល្អធ្វើ។​

មន្ត្រីអង្គការសហប្រជាជាតិរូបនេះបានធ្វើសន្និសីទនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ កាលពីម្សិលមិញ បន្ទាប់ពីលោកបំពេញទស្សនកិច្ចនៅតំបន់ដាច់ស្រយាលដែលងាយរងគ្រោះ រួមទាំងកន្លែងដែលបាក់ទំនប់វារីអគ្គិសនីកាលពីឆ្នាំមុនផង។

​បច្ចុប្បន្ន ចិនកំពុងតែជំរុញការអភិវឌ្ឍសំណង់ការដ្ឋានធំៗបំពេញតាមគម្រោង«ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ក្នុងនោះមានទាំងផ្លូវរថភ្លើងតម្លៃ៧ប៊ីលានដុល្លារបច្ចុប្បន្នធ្វើហើយពាក់កណ្តាល តាមគម្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១។​

អ្នករាយការណ៍ឲ្យអង្គការសហប្រជាជាតិរូបនេះលើកឡើងថា ដីសម្បទានសម្រាប់សាងសង់ និង ដាំដំណាំជាច្រើនយកដីរបស់ប្រជាពលរដ្ឋ ហើយបង្ខំឲ្យដូរទីតាំងដែលពួកគេរស់នៅ។ ពលរដ្ឋដែលរងការបណ្តេញចេញទាំងនោះទទួលបានការងារតិចតួច និងមានបំណុលច្រើន។ លោករកឃើញទៀតថា ប្រជាពលរដ្ឋក្រីក្រកំពុងតែទទួលការឈឺចាប់ពីយុទ្ធសាស្ត្រអភិវឌ្ឍរបស់រដ្ឋាភិបាលនេះ។​

របាយការណ៍ពីស្ថានភាពឡាវបង្ហាញថា ប្រជាជនប្រមាណ៨០%​ រស់នៅដោយរកចំណូលបានតិចជាង២,៥ ដុល្លារក្នុងថ្ងៃ ហើយពួកគេជួបការប្រឈមបញ្ហាក្រីក្រដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក។​

ទោះយ៉ាងណា ក្រោយការបាក់ទំនប់វារីអគ្គិសនីកាលពីឆ្នាំ២០១៨មក ឡាវនៅតែប្តេជ្ញាបំពេញគោលដៅរបស់ខ្លួនដែលចង់ក្លាយជាកន្លែងចែកចាយអគ្គិសនីនៅអាស៊ី បើទោះជាមានការសិក្សារកឃើញថា គម្រោងទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋក្រីក្រក៏ដោយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ