ម្ចាស់​ហាង​លក់​ឱសថ​បុរាណ​ចិន​គ្មាន​លិខិត​អនុញ្ញាត​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យផ្ទះលក់ឱសថបុរាណចិន ចំនួន៣ទីតាំង មានផ្ទះលេខ​ ១០២ ផ្ទះ​លេខ​ ១០៤ និងផ្ទះលេខ​ ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​ ២១៧ ហៅថាវិថី (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី​ ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee

ម្ចាស់លក់ឱសថបុរាណចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីលក់ផលិតផលគ្មានលិខិតអនុញ្ញាតនៅក្នុងសង្កាត់អូឫស្សីទី៤ រាជធានីភ្នំពេញ។

តាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ហាងលក់ឱសថបុរាណចិន៣នាក់ ជាប់ពាក់ព័ន្ធលក់ និងចែកចាយឱសថគ្មានលិខិតអនុញ្ញាត នៅ៣ទីតាំង ក្នុងសង្កាត់អូឫស្សីទី៤ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានរឹបអូសផលិតផលហួសកាលបរិច្ឆេទ និងឱសថបង្កើនអារម្មណ៍ផ្លូវភេទ​ជាច្រើនប្រភេទ​ផ្សេងទៀត​ ​ដែលក្រសួងសុខាភិបាលហាមឃាត់។

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ លោក លីវ សុផាណារិទ្ធ បានឲ្យបញ្ជាក់បន្ថែមថា ក្រោយពីត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានដកយកវត្ថុតាងមករក្សាទុក និងសាកសួរម្ចាស់ផលិតផល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកហាងទាំង៣ទីតាំង បានផ្អាក​ការលក់ និងចែកចាយឱសថបុរាណ​ជាបណ្តោះអាសន្ន។

ថ្លែងក្នុងពិធីកម្ទេច​ចោលផលិតផលក្លែងក្លាយជាង៧០តោន កាលពីដើមខែមីនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឲ្យសមត្ថកិច្ចចាប់អ្នកប្រព្រឹត្តិបទល្មើសមកផ្តន្ទាទោសជាជាងរឹបអូសផលិតផលក្លែងក្លាយមកកម្ទេចចោល។ លោកថា​ នឹងមិនមកចូលរួមពិធីកម្ទេចចោលបន្តទៀតនោះទេ បើសិនសមត្ថកិច្ចមិនចាប់ម្ចាស់ហាងលក់លផលិតផល​ទាំងនោះបាន។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ កាលពីឆ្នាំ២០១៧ ស្ថាប័ននេះ​បានរឹបអូសផលិតផលក្លែងក្លាយ រួមនិងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​​ចំនួន​ប្រមាណ​៦០០តោន។ ​នៅក្នុងឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូសទំនិញក្លែងក្លាយ ហើយដុតបំផ្លាញចោលជាបន្តបន្ទាប់ ដែលមានជាង២០០តោន ខណៈនៅដើម២០១៩នេះ សមត្ថកិច្ចក៏បានចុះបង្រ្កាបបានទំនិញក្លែងក្លាយរាប់រយតោនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ