ជប៉ុន​ ប្រកាស​ឈ្មោះ​​សករាជ​​សម្រាប់​​ចៅ​អធិរាជ​ថ្មី​​ដែល​​នឹង​​ឡើង​គ្រងរាជ្យ​នៅ​ខែ​ក្រោយ​

លោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីបានកាន់បដាដែលបង្ហាញពីអក្សរចាម “Reiwa” សម្រាប់សម័យអធិរាជថ្មីនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យនាយករដ្ឋមន្ត្រីទីក្រុងតូក្យូ។ រូបភាព៖ KYODO

ប្រទេសជប៉ុននៅថ្ងៃនេះ បាន​ប្រកាស​ឈ្មោះ​សករាជសម្រាប់ព្រះមហាក្សត្រថ្មី​ដែល​នឹង​ឡើងគ្រង​រាជ្យនៅ​ដើម​ខែឧសភាខាងមុននេះ។

នៅព្រឹកនេះ រដ្ឋាភិបាលជប៉ុន​ បានប្រជុំ​ជាមួយ​ក្រុមអ្នកជំនាញ​មកពីវិស័យធុរកិច្ច សិក្សាធិការ និងប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្លាស់ប្តូរទស្សនៈ នឹងជ្រើសរើស​ឈ្មោះ​សករាជ​សម្រាប់​អនាគត​ព្រះចៅ​អធិរាជថ្មី។

ក្រោយការប្រជុំ​ជាមួយ​អ្នកជំនាញ​ទាំងនោះ​ រដ្ឋមន្រ្តី​ទីស្តី​ការគណៈរដ្ឋមន្រ្តី​ជប៉ុន លោក Yoshihide Suga បាន​ប្រកាសថា ឈ្មោះ​សករាជ​ថ្មី​ដែល​គេនឹង​យក​មកប្រើ​នោះគឺ​ «Reiwa»។ នេះបើតាម​ការផ្សាយ​ផ្ទាល់​លើបណ្ដាញ​You Tube របស់​សារព័ត៌មាន The Japan Times

តាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Time «Reiwa» មានន័យថាសំណាងល្អនិងសន្តិភាព

នៅប្រទេសជប៉ុន ឈ្មោះសករាជត្រូវបាន​បង្កើតឡើងនៅពេល​ដែល​​ព្រះ​ចៅ​អធិរាជ​ថ្មី​ឡើងគ្រងរាជ្យ។ ឈ្មោះ​សករាជនោះ នឹងត្រូវឈប់ប្រើនៅពេល​ដែល​មាន​ព្រះមហាក្សត្រនោះ​អស់​អំណាច។

ការប្រើ​ឈ្មោះសករាជ​សម្រាប់​ចៅអធិរាជជប៉ុន បាន​ចាប់ផ្ដើម​ឡើងនៅ​ឆ្នាំ៦៤៥។  ​ប្រវត្តិ​វិទូជឿជាក់​ថា ប្រព័ន្ធនេះ​​មាន​ប្រភពមកពីប្រទេស​ចិន។ ​​«Reiwa» ជាសករាជទី២៤៨ រាប់​​ចាប់​តាំង​សករាជ​«Taika» ដែល​ជាសករាជដំបូងបំផុត។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន​ The Japan Times ប្រជាជន​ជប៉ុនយក​ចិត្ត​ទុកដាក់ខ្លាំង​ទៅនឹង​ឈ្មោះ​សករាជ​ ព្រោះថា​ ឈ្មោះ​សករាជនឹងត្រូវបាន​គេយក​ទៅប្រើលើ​ប្រតិទិន​ ការសែត ហើយនិង​ឯកសារផ្លូវការ​ជាច្រើន​ទៀត​ ដែលក្នុងនោះ​រួមមាន ​បណ្ណបើកបរ ជាដើម​។

ការជ្រើសរើស​ឈ្មោះសករាជត្រូវបាន​រដ្ឋាភិបាល​ជប៉ុនធ្វើឡើងដើម្បី​ត្រៀម​ទុក​សម្រាប់​ចៅ​អធិរាជថ្មី​ដែល​គ្រោងនឹងឡើង​សោយ​រាជ្យបន្ត​ពីព្រះ​ចៅ​អធិរា​ជជប៉ុន​បច្ចុប្បន្ន​ Akihito។ តាម​គម្រោងព្រះ​ចៅ​អធិរា​ជ Akihito នឹង​ដាក់​រាជ្យ​នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ២០១៩​។

ក្រោយ​ការដាក់​រាជ្យមួយថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៩ រាជបុត្ររបស់​ទ្រង់​ព្រះ​នាម ​Naruhito នឹង​ឡើងគ្រងរាជបន្ត។ ពេលនោះ​​ហើយដែល​​សករាជថ្មី​«Reiwa» នឹងត្រូវបាន​គេ​យកមកប្រើ​ប្រាស់​ជំនួស​សករាជចាស់​របស់​ព្រះ​អធិរាជ Akihito។

សករាជសម្រាប់​ព្រះចៅអធិរាជ Akihito មាន​ឈ្មោះ​ថា «​Heisei» ដែលមាន​ន័យ​ថា​«ការទទួលបាននូវសន្តិ​ភាព»។ សករាជនេះត្រូវបាន​ប្រើ​នៅឆ្នាំ​១៩៨៩ បន្ទាប់​ពីព្រះ​អធិរាជ​ Akihito ស្នង​រាជ្យ​ពីបិតាទ្រង់​ព្រះចៅ​ Hirohito

ក្នុងប្រវត្តិ​សាស្រ្តសម័យទំនើបរបស់​ជប៉ុនចាប់​តាំងពីបើ​កចំហរ​ជើងមេឃជាមួយបរទេស​ ពោល​គឺក្នុងសករាជពន្លឺ «Meiji» ដែល​ចាប់ផ្តើមឡើងនាឆ្នាំ១៨៦៨ ជប៉ុន​ឆ្លងកាត់សករាជ​បួន​រួចមក​ហើយដែល​ក្នុងនោះរួមមាន​សករាជពន្លឺ «Meiji» សករាជ «Taisho» សករាជ «Showa» និងសករាជបច្ចប្បន្ន​«​Heisei»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ