វិភាគ​​៖​ អ្វី​​ជា​​មូលដ្ឋាន​​គ្រឹះ​​ធានា​​ស្ថេរ​ភាព​នៃ​ការ​វិនិយោគ​ ?

សំណង់​អគារ​ខ្ពស់​កំពុង​លូត​លាស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ

នៅ​ថ្ងៃសុក្រ​សប្តាហ៍​មុន​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​ទៅ​វិស័យ​ឯកជន​ថា​ យន្តការ​កំណែទម្រង់​ជា​កញ្ច​ប់​​របស់​រដ្ឋាភិបាល ​នឹង​ធ្វើឲ្យ​ពួកគេ​មាន​លទ្ធភាព​​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ បើ​ទោះបី​គ្មាន​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​​​​ពី​ប្លុក​លោកសេរី​ ដែល​កំពុង​គំរាមកំហែង​​មក​លើ​កម្ពុជា​ក៏ដោយ​។

បើ​ទោះបីជា​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ផែនការ​ធ្វើ​កំណែទម្រង់​ទ្រាយ​ធំ​​បែបនេះ​ក្តី​ ប៉ុន្តែ ​តំណាង​វិស័យ​ឯកជន​បាន​ចូលរួម​ក្នុង​វេទិកា​រពី​គ្រោះ​យោ​បល់នេះ​ បាន​បង្ហាញ​ពី​កង្វល់​ផ្សេង​ៗគ្នា​។

​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ GMAC ​លោក​ វ៉ាន់​ សូ​អៀង​ លើកឡើង​ថា​ កា​វិវត្ត​យ៉ាង​ឆាប់រហ័ស​​របស់​ពិភពលោក​ ដូចជា ​ចក្រភព​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​សង្គ្រាម​ពាណិជ្ជកម្ម​​អាមេរិក-ចិន​ និង​វិធានការ​របស់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​មក​លើ​កម្ពុជា​ លោក​ថា​ ជា​ក្តី​បារម្ភ​មួយ​ ដែល​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​ភ្លាម​ៗប្រកបដោយ​ភាព​ក្លា​ហាន​ផង​ដែរ​។

ប្រធាន​សភា​ធុរកិច្ច​អន្តរជាតិ​ប្រចាំ​កម្ពុជា​ លោក​ ប្រេតុ​ន ស្តា​រ៉ូ​នី ​( Bretton​ G. Sciaroni​ ) មានប្រសាសន៍​ថា ​ច្បាប់​ និង​បទ​បញ្ញ​ត្តិ​មួយចំនួន​របស់​កម្ពុជា​ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ទេ​ ដែល​ធ្វើឲ្យ​ការប្រកួត​ប្រជែង​របស់​វិស័យ​ឯកជន​មិន​ស្មើភាព​គ្នា​ និង​មានអំពើ​ពុករលួយ​ ដែល​លោក​ថា​ បញ្ហា​ទាំងនេះ​បាន​រារាំង​ដល់​ការជំរុញ​ទំនើបកម្ម​វិស័យ​ធុរកិច្ច​។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា​ តើ​អ្វី​ជា​មូលដ្ឋាន​គ្រឹះ​ធានា​ដល់​ស្ថេរ​ភាព​អ្នក​វិនិយោគ​ ?

អ្នកឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក ប៉ា​ ច័ន្ទ​រឿន​ មានប្រសាសន៍​ថា​ តាម​របាយ​ការណ៍​ធនាគារពិភពលោក ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ឡើងវិញ​ចាប់ពី​អនុវ​ត្ត​របប​ប្រជាធិបតេយ្យ​ ដោយ​ថា​ របប​នេះ​​ប្រកាន់យក​ទីផ្សារសេរី​។

លោក ប៉ា​ ច័ន្ធរឿន ​វិភាគ​ថា​ ជម្រើស​ថ្មីនេះ​ ជំរុញ​ឲ្យ​កម្ពុជា​​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​សហគមន៍​អន្តរជាតិ​ និង​ជំរុញ​ឲ្យ​មាន​លំហូរ​ចូល​មក​បណ្តាក់​ទុន​​របស់​អ្នក​វិនិយោគ​។

អ្នក​តាមដាន​សង្គម​រូប​នេះ​វិភាគ​ថា​ មូលដ្ឋាន​គ្រឹះ​នៃ​ការ​ការធានា​ដល់​ស្ថេរ​ភាព​អ្នក​វិនិយោគ​ គឺ​កម្ពុជា​អាច​នៅ​បន្ត​ទាញ​យក​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ​និង​សហរដ្ឋអាមេរិក​។

លោក ប៉ា ចន្ទរឿន សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា

លោក ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា​៖ «បើសិនជា​យើង​មើល​ពីក​ត្តា​ជាក់ស្តែង​ កម្ពុជា​មិន​អាច​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ​ ជាពិសេស​ដោយសារតែ​យើង​ពឹង​ផ្អែ​កទីផ្សារ​ទៅលើ​អន្តរជាតិ​ច្រើនជាង​ក្នុង​ការ​លក់​ផលិតផល​របស់​យើង​ ជាពិសេស​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​»

លោក ប៉ា​ ច័ន្ទ​រឿន​ វិភាគ​ទៀត​ថា​ កត្តា​ទី២​ គឺការ​ផ្តល់​ទំនុ​ចិត្ត​​ដល់​អ្នក​វិនិយោគ​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​កា​រនុ​វត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​។

លោក​ថា​៖ «វា​ទាល់តែ​ច្បាប់​យើង​ហ្នឹង​ វា​អនុវត្ត​បាន​ត្រឹមត្រូវ​ ដែល​ធ្វើឲ្យ​គេ​មានទំនុក​ចិត្ត​ថា ​គេ​យក​លុយ​យក​កាក់​មក​វិនិយោគ​នៅ​ស្រុក​យើង​ហ្នឹង​ មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ ធ្វើឲ្យ​ស្រុក​គេ​ក្រឡាប់ចាក់​ទេ។ ​បើ​មិន​អញ្ចឹង ​គេ​មិន​មក​វិនិយោគ​នៅ​ស្រុក​យើង​ទេ​»

នាយ​កម​ជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ លោក​ មឿន​ តុលា​ មានប្រសាសន៍​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្នែក​ពាក្យ​ណិ​ជ្ជ​កម្ម​របស់​ប្លុក​លោកសេរី​ ដែល​បាន​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ទ្រទ្រង់​វិស័យ​កាត់ដេរ​ និង​បង្កើត​ការងារ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់​ដូច​បច្ចុប្បន្ន​ លោក​ថា​ មាន​ប្រភព​ចេញពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រី​ ដែល​កិច្ច​ព្រមព្រៀង​នេះ​ តម្រូវឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។

លោ​ក មឿន​ តុលា​ វិភាគ​ថា​ ដើម្បី​ធានា​ពី​ស្ថេរ​ភាព​នៃ​ការ​វិនិយោគ​ រដ្ឋាភិបាល​ត្រូវ​​កែ​ច្បាប់​ជំរុញ​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ​កម្មករ ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ត្រូវ​បើក​លំហ​ប្រជាធិបតេយ្យ​។ លោក​ថា​ កត្តាចាំបាច់​មួយទៀត​ ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌ ​និង​ទប់ស្កាត់​អំពើពុករលួយ​។

នាយ​កម​ជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ លោក​ មឿន​ តុលា

លោក​ មឿន តុលា មាន​ប្រសាសន៍ថា​៖ «កំណែទម្រង់​ច្បាប់​ឡើងវិញ ​ដើម្បីឲ្យ​ច្បាប់​ហ្នឹង​ងាក​មករ​កគន្លង​ប្រជាធិបតេយ្យ​ ធានា​សិទ្ធិ​មូលដ្ឋាន​ឡើងវិញ​។ អា​ហ្នឹង​ យើង​អាច​ជួយ​ស្តារ​មុខមាត់​ឡើងវិញ​បាន ​ធានា​ដល់​ការ​លើកទឹកចិត្ត​ ធានា​ដល់​ការ​លើកទឹកចិត្ត​ ដល់​ការ​ចង់​ប្រើប្រាស់​ផលិតផល​ពី​ប្រទេស​កម្ពុជា​ហ្នឹង ​ពីសំណាក់​អ្នក​នៅ​ប្រទេស​រឺ​រ៉ុ​ប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ទៀត​»

លោ​ក មឿន​ តុលា​ វិភាគ​ទៀត​ថា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ជា​រឿង​ធ្ងន់ធ្ងរ​មួយ​ ជះឥទ្ធិពល​ដល់​អ្នក​វិនិយោគ​ និង​ពលរដ្ឋ​កម្ពុជា​ ប៉ុន្តែ​ លោក​ថា​ បើ​ប្លុក​លោកសេរី​ធ្វើព​ហិ​ការ​មិន​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា​ដោយសារតែ​វិធានការ​របស់​អឺរ៉ុប​នេះ​ លោក​ថា ​វា​ជា​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ដល់​អ្នក​វិនិយោគ​បន្ថែម​ទៀត​ ក្រៅពី​តម្រូវឲ្យ​បង់ពន្ធ​ឡើងវិញ​នោះ​។

ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP ​របស់​អាមេរិក​ និង EBA​ របស់​សហភាព​អឺរ៉ុប​ ធ្វើឲ្យ​កម្ពុជា​ខាតបង់​ប្រាក់​អស់​ប្រមា​ណជា​ជិត ​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ និង​បាន​ជំរុញ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ជាង ៨០ម៉ឺន​នាក់ ​ប្រឈម​នឹង​​បញ្ហា​ការងារ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ លោក ​យ៉ង​ ប៉ាក់​ មានប្រសាសន៍​ថា​ ការប្រកាស​ធ្វើ​កំណែទម្រង់​ជា​កញ្ចប់​របស់​រដ្ឋាភិបាល​ ​អាច​ជា​ការ​បើកផ្លូវ​ឲ្យ​អ្នក​វិនិយោគ​ចំណាយ​ថ្លៃដើម​តិច​ជាង​មុន ​បើ​អ្នក​អនុវត្ត​វិធានការ​នេះ​ធ្វើ​ទៅ​បាន​ជោគជ័យ​ ប៉ុន្តែ​ លោក​វិភាគ​ថា​ បើ​រដ្ឋាភិបាល​ឆ្លើយតប​ជា​វិជ្ជមាន​ ដើម្បី​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ជា​ការ​ប្រសើរ ​និង​អាច​ថា ​ជា​មូល​ដ្ឋាន​គ្រឺះ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​។

បើ​តាម​អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ​ កម្ពុជា​ពេលនេះ​មិនទាន់​ទាំង​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​​នៅ​ឡើយ​ ដូចជា ​ហេដ្ឋារចនាសម្ព័ន្ធ​ សេវា​រដ្ឋបាល​ អំពើពុករលួយ​ និង​ការ​ផ្តត់​ផ្គង់​ថាមពល​អគ្គិសនី​ជាដើម​។

លោក​ថា​៖ «ខ្ញុំ​ឧទាហរណ៍​តែ​ថ្លៃ​ភ្លើង​មួយ​ទេ ​យើង​ផលិត​អត់​ទាន់​គ្រប់គ្រាន់​ ដើម្បី​ផ្ត​ត់​ផ្គង់​ឲ្យ​គេ​ផង​។ អាហ្នឹង ​ក៏​ប៉ះ​ពាល់​ដល់​ថ្លៃដើម​ផលិត​របស់​គេ​ដែរ​។ អញ្ចឹង ​ខ្ញុំ​សង្ឃឹមថា​ វិធានការ​ចុងក្រោយ​របស់​រដ្ឋាភិបាល​ ខ្ញុំ​សង្ឃឹមថា នឹង​ធ្វើឲ្យ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​។ អាហ្នឹង​ដែល​វា​ជួយ​យើង​បាន​មួយ​កម្រិត​ដែរ​»

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ វិភាគ​ថា សក្តា​នុ​ពល​ដែល​កម្ពុជា​អាច​ទាក់ទាញ​​អ្នក​វិនិយោគ​ មាន​ទាំង​កត្តា​ខាងក្នុង​ និង​កត្តា​ខាងក្រៅ​។

លោ​ក គឹម​ សុខ​ ពន្យល់​ថា​ កត្តា​ខាងក្រៅ​ រដ្ឋាភិបាល​ត្រូវ​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​ជួយ​កម្ពុជា​ឲ្យ​មានមុខ​លើឆាកអន្តរជាតិ​ ចាប់ពី​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក​។

សម្រាប់​កត្តា​ខាងក្នុង លោក​ គឹម សុខ ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​អំពើពុករលួយ​ បក្ខពួក​និយម​ និង​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ដ៏​ពិតប្រាកដ​មួយ​ កុំ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ