អាមេរិក​ ប្រគល់​កាណូត​ល្បាត៦គ្រឿង​មាន​តម្លៃ​ប្រមាណ​១២លាន​ដុល្លារ​ឱ្យ​វៀតណាម​

កាណូតល្បាតប្រភេទ MetalShark។ រូបភាព៖ វេបសាយបរទេស

សហរដ្ឋអាមេរិក​ បាន​ប្រគល់​កាណូត​ល្បាត​ចំនួន៦គ្រឿង​ដល់​ឆ្មាំ​សមុទ្រ​វៀតណាម​ដែល​ឈរជើង​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។

យោង​តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ហាណូយ​ កាណូត​ល្បាត​ចំនួន៦គ្រឿង​នោះ​ជា​ប្រភេទ​កាណូត MetalShark​ ស៊េរី​ទំនើប​ចុងក្រោយ​ មានតម្លៃ​ប្រហែល១២លាន​ដុល្លា​រ។ ពិធី​ប្រគល់​នោះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៩​ នៅ​ទីបញ្ជាការ​ឆ្មាំ​សមុទ្រ​ភូមិភាគ៣​ នៃ​ខេត្ត ​Khanh​ Hoa​។

ឆ្មាំ​សមុទ្រ​វៀតណាម​តំបន់៣ ត្រួតត្រា​តំបន់ឆ្នេរ​នៅ​ភាគ​អាគ្នេយ៍​ ភាគ​ខាងត្បូង​ប្រទេស​ ក៏ដូចជា​ដែនទឹក​នៅ​សមុទ្រ​ខាងកើត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អន្តរជាតិ​ថា ​ជាស​មុទ្រ​ចិន​ខាងត្បូង​។

លោក​ Nguyen​ MinhKhanh​ មេបញ្ជាការ​រង​ឆ្មាំ​សមុទ្រ​ភូមិភាគ​៣ នៃ​ខេត្ត ​KhanhHoa​ របស់​វៀតណាម​ ត្រូវ​បាន​ស្ថានទូត​អាមេរិក​ដកស្រង់​សម្តី​មក​ចុះផ្សាយ​ថា ​ការ​ប្រគល់​ឱ្យ​នូវ​កាណូត​ល្បាត​ទាំងនេះ​ដល់​ភូមិភាគ​របស់​លោក ​គឺជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​។ លោក​ បន្ត​ថា​ សកម្មភាព​នេះ​ក៏​ជា​ភស្តុតាង​បង្ហាញថា ​ទាំង​អាមេរិក ​និង​វៀតណាម​កំពុងតែ​បន្ត​ពង្រឹង​មិត្តភាព​ជាមួយគ្នា​ថែមទៀត​។

មេបញ្ជាការ​កងវរសេនាតូច​កងទ័ពជើងទឹក​អាមេរិក​ លោកស្រី​ KristenByers​ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ​ឆ្មាំ​សមុទ្រ​វៀតណាម​តំបន់៣ ជា​ឆ្មាំ​សមុទ្រ​យុទ្ធ​សាស្រ្ត​ដ៏​សំ​ខាន់​របស់​វៀ​តណម​។ លោកស្រី​ Kristen​ Byers​ បន្ថែម​ថា ​តំបន់​នេះ​ត្រូវការ​ឆ្មាំ​សមុទ្រ​ដែល​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​បើក​កា​ណូតទំនើប​ផង​ដែរ​។

បើ​តាម​លោកស្រី​ Kristen​ Byers​ ក្រៅពី​ការ​ប្រគល់​កាណូត​ល្បាត​ទាំង៦គ្រឿង​នោះ​ ក្នុង​ពេល​ដំណាលគ្នា​នោះ ​ភាគី​អាមេរិក​ ក៏បាន​បញ្ជូន​អ្នកជំនាញ​របស់​ខ្លួន​មក​ជួយ​បង្ហាត់​ពី​វិធី​សាស្រ្ត​ក្នុង​ការប្រើ​ប្រាស់​កាណូត​ Metal​ Shark​ ដល់​ឆ្មាំ​សមុទ្រ​វៀតណាម​តំបន់៣ ទៀតផង​។

កាណូត​ល្បាត​ទាំងនោះ​ នឹង​ជួយ​ឆ្មាំ​សមុទ្រ​តំបន់៣របស់​វៀតណាម ​ក្នុង​ការល្បាត​ និង​ការ​ពង្រឹង​ច្បាប់​នៅ​តាម​ដែនសមុទ្រ​ ដើម្បី​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ ការ​ជួញដូរ​ខុសច្បាប់ ​និង​ការ​ប្លន់​ប្រដាប់​អាវុធ​ទៅលើ​នាវា​ និង​ការ​នេសាទ​ខុសច្បាប់​ ជាដើម​។

ការ​ផ្តល់​កាណូត​ល្បាត​ទាំងនោះ​បង្ហាញ​ឱ្យ​ឃើញ​កាន់​ច្បាស់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាមេរិក​ និង​វៀតណាម​ ក្នុង​ការអនុវត្ត​ច្បាប់​ដែនសមុទ្រ​ ការស្វែងរក​ និង​សង្គ្រោះ​តាម​សមុទ្រ​ និង​ប្រតិបត្តិ​ការ​ជំនួយ​មនុស្សធម៌​ដែនសមុទ្រ​រវាង​ប្រទេស​ទាំងពីរ​។

ការ​ប្រគល់​កាណូត​ល្បាត​ទាំង៦គ្រឿង​នេះ​ ធ្វើឡើង​យោង​តាម​កិច្ច​ព្រមព្រៀង​នៅក្នុង​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរ​ ដែល​ចុះហត្ថលេខា​កាលពី​ខែកញ្ញា ​ឆ្នាំ២០១១​។ កិច្ច​សហប្រតិបត្តិ​ការ​ទាំងនោះ​រួមមាន​ ការ​ផ្ដល់​ជំនួយ​សន្តិសុខ ​និង​ការ​ផ្លាស់​ប្តូរ​ការអប់រំ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ