របាយការណ៍៖ មនុស្ស​​ជាង​១០០​លាន​នាក់​​ជុំវិញ​​ពិភពលោក​ រស់នៅ​ក្នុង​ភាព​​អត់​ឃ្លាន​​​ធ្ងន់​ធ្ងរ​​

រូបភាពស្ដ្រីនិងកូនពីរនាក់របស់គាត់ ស្ថិតក្នុងស្ថានភាពខ្វះអាហារ។ រូបភាព៖ fao.org

របាយការណ៍មួយ បង្ហាញថា មនុស្សជាង​១០០លាននាក់ក្នុងប្រទេសចំនួន​៥៣ ជុំវិញ​ពិភពលោក នៅ​តែជួបប្រទះ​បញ្ហា​​​អត់​ឃ្លានកម្រិត​ខ្ពស់។

បណ្ដាញ​ព័ត៌មាន​សុវត្ថិភាព​ចំណីអាហារ​ កាលពីម្សិលមិញ​ បាន​ចេញ​ផ្សាយរបាយការណ៍មួយឈ្មោះ​ថា ​វិបត្តិ​ស្បៀងអាហារលើពិភព​លោក​។ ក្នុងរបាយកាណ៍នោះ បណ្ដាញ​ព័ត៌មាន​សុវត្ថិភាព​ចំណីអាហារ រកឃើញ​ថា ​នៅឆ្នាំ២០១៨ មនុស្ស​១១៣លាននាក់​ បាន​ជួប​ប្រទះនូវការ​អត់​ឃ្លាន​ធ្ងន់​ធ្ងរ ហើយក្នុងចំណោម​នោះ ជិតពីរភាគបី​រស់នៅក្នុង​ប្រទេស​ចំនួន៨។ ប្រទេស​ទាំងនោះរួមមាន អាហ្គានីស្ថាន​ កុងហ្គោ អេត្យូពី នីហ្សេរីយ៉ា ស៊ូដង់​ខាងត្បូង ស៊ូដង់ ស៊ីរី និង​យេមែន។ ប្រភពដដែល​ឲ្យដឹង​ថា បញ្ហាអត់​ឃ្លាន​ធ្ងន់​ធ្ងរ​នៅ​តែ​ដដែល ឬ ច្រើន​ជាងឆ្នាំ២០១៧ ទៅទៀត ក្នុងបណ្ដាប្រទេសទាំងនេះ។

តាម​របាយការណ៍កម្រាស់​ជិត២០០​ទំព័ររបស់​បណ្ដាញ​ព័ត៌មាន​សុវត្ថិភាព​ចំណីអាហារ​ដដែលគ្រាន់តែបញ្ហា​អាកាសធាតុ​ និង​គ្រោះ​ធម្មជាតិ​ បានរុញ​​ឲ្យម​នុស្ស២៩លាននាក់​នៅប្រទេសចំនួន​១៣ ធ្លាក់ចូលក្នុងស្ថាន​ភាព​អត់​ឃ្លាន​ខ្លាំង។​

មូល​ហេតុ​ដែល​ប្រជាជន​នៅក្នុងប្រទេស​មួយចំនួន​នៅតែប្រឈមនឹងបញ្ហា​អត់ឃ្លាន​កម្រិតខ្ពស់​នោះ​ គឺដោយសារតែ​បម្រែបម្រួលអាកាសធាតុ បញ្ហាសេដ្ឋកិច្ច ជម្លោះប្រដាប់​អាវុធ និងការចាក​ចេញ​ដោយបង្ខំ​ពីលំនៅឋាន ជាដើម។

អគ្គនាយកអង្គការ​ស្បៀងអាហារ និង​កសិកម្ម លោក  Jose Graziano da Silva បានលើកឡើងថា ចំនួន​អ្ន​កដែល​អត់ឃ្លាន​ខ្លាំងនៅមានកម្រិត​មួយខ្ពស់​នៅឡើយ​ ទោះ​បី​តួលេខនេះ​មាន​ការធ្លាក់​ចុះបន្តិចបើ​ប្រៀបធៀបនឹងឆ្នាំ២០១៧ ក៏ដោយ។​ លោកបន្តថា ភាគីពាក់​ព័ន្ធត្រូវភ្ជាប់​គ្នារវាងវិស័យមនុស្សធម៌ អភិវឌ្ឍន៍ និង​សន្តិភាព​ ក៏ដូចជាកសាង​ប្រព័ន្ធនៃភាពស៊ាំសម្រាប់​មនុស្ស​ ដែល​កំពុងជួបប្រទះ​ជួប​បញ្ហានេះ និង​អ្នកដែល​ងាយរងគ្រោះ។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារ​របស់អង្គការ​សហប្រជាជាតិ លោក David Beasley មានប្រសាសន៍ថា ដើម្បី​បញ្ចាប់​ភាព​អត់​ឃ្លានរបស់​ប្រជាជន​ គេត្រូវដោះស្រាយដោយចាប់ផ្ដើ​មពីឫសគល់នៃបញ្ហានេះ ដែល​ជាអាទិ៍រួមមាន ការប៉ះទង្គិចគ្នា អស្ថិរភាព និង​ផលប៉ះពាល់​នៃការប្រែប្រួល​អាកាសធាតុ ជាដើម។ លោក បន្តថា​ ទាំងក្មេងប្រុស​ ទាំងក្មេងស្រី ត្រូវតែទទួលបាន​នូវអាហារដែលមានសារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង​ការអប់រំ​ ស្រ្តីត្រូវ​មានសិទ្ធអំណាចពិតប្រាកដ ហើយជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ននៅទីជន​បទត្រូវតែធ្វើឲ្យប្រសើរ​ឡើងផងដែរ។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារ​របស់អង្គការ​សហប្រជាជាតិរូបនេះ បន្ថែមទៀតថា ​រឿងដែល​សំខាន់មួយទៀតដែលត្រូវធ្វើ​នោះ​ គឺការចូលរួម​របស់មេដឹកនាំពិភពលោក​ក្នុង​ការបញ្ចាប់​ជម្លោះ​​នានា។ លោក ស្នើមេដឹក​នាំទាំងអស់​ដែល​មាន​អរិភាព​នឹងគ្នា​ ត្រលប់​ចូលតុ​ចរចា ហើយដោះស្រាយ​បញ្ចប់​វិវាទនៅពេលនេះ។

ទោះយ៉ាងណាក៏ដោយ តាម​របាយការណ៍របស់​បណ្ដាញ​ព័ត៌មាន​សុវត្ថិភាព​ចំណីអាហារមនុស្សដែលជួប​ប្រទះ​ភាព​អត់ឃ្លាន​​ធ្ងន់​ធ្ងរ​នៅឆ្នាំ២០១៨ មាន​ការថយចុះ​បើប្រៀបធៀបទៅនឹង​ឆ្នាំ​២០១៧ ដែល​មានរហូត​​១២៤លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ