សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង២ពាន់ករណី និងឃាត់មនុស្សរាប់ពាន់នាក់នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ បានប្រាប់ វីអូឌី ថា តាមរបាយការណ៍នូវដើមឆ្នាំនេះ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០៣៣ករណី និងឃាត់មនុស្សចំនួន៤៣៩៩នាក់ ក្នុងនោះស្រី៣៧២នាក់ ហើយជនបរទេស១០៤នាក់ និងមានសញ្ជាតិ៧ផ្សេងគ្នា ។
ប្រភពដដែលបានឱ្យដឹងបន្ថែមថា សមត្ថកិច្ចបានរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង៩៦គីឡូក្រាម កញ្ឆាក្រៀមចំនួន ២៩២៩៧ដើម និងចាប់យកសម្ភារមាន រថយន្ត១១គ្រឿង ម៉ូតូ២៨០គ្រឿង ទូរសព្ទ៩០៦គ្រឿង និងជញ្ជីង៦២គ្រឿង ។
កាលពីរសៀលថ្ងៃម្សិលមិញនេះ សមត្ថកិច្ចបានរកឃើញទីតាំងផលិតគ្រឿងញៀន និងវត្ថុតាងមួយចំនួន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសង្ស័យថា អាចជាគ្រឿងញៀនមានទម្ងន់ជិត២០០គីឡូក្រាម។ ករណីបង្រ្កាបនេះ មិនទាន់រាប់បញ្ចូលក្នុងរបាយការណ៍ខាងលើនោះទេ។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨ បានឱ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨០០៣ករណី ដោយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាង៥៣៣គីឡូក្រាម។