លោក​ ហ៊ុន​ សែន​ ស្តី​បន្ទោស​ក្រសួង​៣ ថា​ទម្លាក់​ការងារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ករណី​​កសាង​ទំនប់​​ទឹក​នៅ​កំពត​

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ (ឆ្វេង) រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម (កណ្ដាល) និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ (ស្ដាំ)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ស្តីបន្ទោសក្រសួង៣ ថា បានរុញការងារឲ្យគ្នាទៅវិញទៅមកករណី​ធ្វើទំនប់ចំនួន២ នៅខេត្តកំពត ដើម្បីការពារកុំឲ្យទឹកសមុទ្រហូរចូលទឹកសាប។

ក្នុងពិធីសម្ពោធឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពតថ្ងៃអង្គារម្សិលមិញ លោក ហ៊ុន​ សែន ថ្លែងថា មកដល់ពេលនេះគម្រោងធ្វើទំនប់បង្ហៀរ ដែលស្ថិតក្នុងគម្រោងវារីអគ្គិសនីកំចាយ ទាំងទំនប់ទី១ និងទី២ មិនទាន់ត្រូវបានសាងសង់នៅឡើយទេ។

លោក ហ៊ុន សែន ថ្លែងទៀតថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល កំពុងច្រានការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។

មេដឹកនាំរូបនេះ បញ្ជាទៅទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក ចម ប្រសិទ្ធិ ត្រូវដឹកនាំជាបន្ទា​ន់ដើម្បីស្វែងរកដំណោះស្រាយ ដោយថា មិនត្រូវធ្វើឲ្យខូចមុខមាត់ ដោយសារតែពួកគេមិនបានបំពេញកាតព្វកិច្ចនេះទេ។

លោក ថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ត្រឡប់ទៅវិញដឹកនាំការប្រជុំភ្លាម ដើម្បីថាអ្នកណាត្រូវទទួលបន្ទុកធ្វើ។ តើក្រសួងឧស្សាហកម្ម ឬក្រសួងបរិស្ថានធ្វើឲ្យច្បាស់នៅកន្លែងហ្នឹង។ ហើយប្រសិនអ្នកទាំងពីរមិនត្រូវគ្នា​ ខ្ញុំអនុញ្ញាតឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មធ្វើផ្ទាល់ដោយយកក្រសួងធនធានទឹកមកធ្វើតែម្តង»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទំបនប់បង្ហៀរពីរនេះ មិនត្រូវបានសាងសង់ទេ ពលរដ្ឋនៅខេត្តកំ​ពត​នឹងប្រឈមកង្វះទឹកសាបប្រើប្រាស់ ព្រោះថាពេលនេះ ពេលទឹកសមុទ្រជោរឡើង វាបានហូរចូលទឹកព្រែកជាទឹកសាប ហើយពេលទឹកសមុទ្រស្រកទើបទឹកសាបហូរចូលព្រែកវិញ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ