សាលា​រាជធានី​ព្រមាន​ចាត់​វិធានការ​អ្នក​បិទ​ផ្ទាំង​ពាណិជ្ជកម្ម​ផ្សាយ​នៅ​ទី​សាធារណៈ​

ផ្ទាំងនិងក្រដាសផ្សាយពាណិជ្ជកម្មផ្សេងៗបិតលើបង្គោលភ្លើងមួយក្បែរវិទ្យាល័យបឹងកេងកង។ រូបភាព៖ ហ៊ី ឆាយ

សាលារាជធានីគំរាមប្រើវិធានការរដ្ឋបាល ទៅលើស្ថាប័នវិស័យឯកជនទាំងឡាយណា ដែលនៅតែបន្តបិទផ្ទាំងផ្សាយពា​ណិជ្ជ​ក​ម្មរបស់ខ្លួននៅតាមបង្គោលភ្លើង និងទីសាធាណៈផ្សេងទៀត ដោយថា ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និង​​សណ្តាប់ធ្នាប់សង្គម។

សេចក្តីជូនដំណឹងចុះថ្ងៃទី២ ខែមេសា ម្សិលមិញនេះ សាលារាជធានីលើកឡើងថា បច្ចុប្បន្ន វិស័យឯកជនមួយចំនួនមា​នទាំងវិទ្យាស្ថានអប់រំ អង្គការ សមាគម ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាដើម កំពុងធ្វើសកម្មភាពចុះបិទស្ទីកឃ័រ ចងបដាផ្សព្វផ្សាយពីអាជីវកម្ម សេវាកម្ម ផលិតផល នៅតាមបង្គោលភ្លើង បង្គោលចរាចរណ៍ ដើមឈើ របងអាគារសាធារណៈ ចែកខិតប័ណ្ណ តាមភ្លើងស្តុប ជាដើម ដែលថា ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុង កិត្យានុពលភាពជាតិ សណ្តាប់ធ្លាប់សង្គម។

ស្ថាប័នរដ្ឋមួយនេះព្រមានថា ក្នុងករណីមិនអនុវត្តតាមការណែនាំ « រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការចុះរុះរើ​​ដោ​យ​​មិន​ទទួល​ខុសត្រូវរាល់ការខូចខាតឡើយ ហើយនឹងប្រមូលវត្ថុតាងទាំអស់ ដើម្បីរៀបចំនីតិវិធីចាត់ការទៅតា​​ម​​ផ្លូ​វច្បាប់»។

សាលារាជធានី អំពាវនាវឲ្យវិស័យឯកជនទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវបកយកប័ណ្ណព័ត៌មានដែលបានបិទផ្សព្វផ្សាយទាំងនោះចេញវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ