​អាមេរិក​ សន្យា​​​ជួយ​ពង្រឹង​​សមត្ថភាព​​យោធា​វៀតណាម​​បន្ថែម​​ទៀត​​

ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក លោក Randall G. Schriver ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich កាលពីខែតុលា ឆ្នាំ២០១៨ នៅក្រុងហាណូយ ប្រទេសវៀតណាម។ រូបភាព៖ vn.usembassy.gov

មន្រ្តីក្រសួង​ការពារជាតិអាមេរិក​ អះអាងថា នឹងបន្តជួយវៀតណាម​​ក្នុងការពង្រឹង​សមត្ថភាព​យោធា ក៏ដូចជា​បង្កើន​នូវកិច្ច​សហប្រតិបត្តិការលើវិស័យនេះ​បន្ថែម​ទៀតរវាង​ប្រទេស​ទាំងពីរ។

ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ​ លោក Randall G. Schriver បានថ្លែងបែបនេះក្នុង​ពេលដែល​លោកធ្វើបឋកថានៅមជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត និងកិច្ច​ការអន្តរជាតិ​ នាទីក្រុង​វ៉ាស៊ីន​តោន ​កាលពីម្សិលមិញ។

តាមការចុះផ្សាយ​លើគេហទំព័រក្រសួងការពារជាតិអាមេរិក លោក Randall G. Schriver បាន​លើកឡើង​ថា ​ទំនាក់ទំនង​​ផ្នែក​ការពារជាតិ​រវាង​អាមេរិក និង​វៀតណាម​ កាន់តែមានភាព​រឹង​មាំ​ទៅរឹងមាំទៅ ក្នុងរយៈពេល​២ឆ្នាំចុងក្រោយនេះ។ លោកបន្តថា ប្រទេសទាំងពីរក៏មាន​គម្រោង​​បង្កើន​ទំនាក់​ទំនងឲ្យលើសពីនេះថែមទៀត ដោយឈរលើមូលដ្ឋាន​នៃ​ការផ្ដល់ផលប្រយោជន៍ឲ្យគ្នា​ទៅវិញ​ទៅមក។

ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក រូបនេះ លើកឡើងបន្តថា អាមេរិកនឹងបន្តជួយពង្រឹង​សមត្ថភាព​យោធាវៀតណាម​ ដោយផ្តោតលើ​សន្តិសុខវៀតណាម និងស្ថិរភាពក្នុងតំបន់, សន្តិសុខ និងការយល់​ដឹង​ពី​ការគ្រប់គ្រងដែនសមុទ្រ,​ ជំនួយមនុស្សធម៌ និង​ការជួយសម្រួលនៅពេលមានគ្រោះមហន្តរាយ, ឱសថសម្រាប់​យោធា, យុទ្ធនា​ការស្វែងរក និងជួយសង្រ្គោះ,  និង​ប្រតិបត្តិការ​ផ្នែករក្សាសន្តិ​ភាព ជាដើម។ ក្រៅ​ពីនេះអាមេរិក ក៏នឹង​ជួយវៀតណាម​ផង​ដែរ​លើការអប់រំ​ក្នុងវិស័យ​យោធា​ ដែល​ក្នុងនោះមាន​ការ​បង្ហាត់​បង្រៀនភាសាអង់គ្លេស​ជាដើម។

មន្រ្តី​ក្រសួងការពារជាតិប្រទេសមហាអំណាចមួយនេះ​ ក៏បាន​បញ្ជាក់ផងដែរថា​ អ្វីដែល​អាមេរិក​ចង់​បាន​​គឺគ្មាន​អ្វី​នោះ​ទេ ក្រៅតែចង់​ឲ្យវៀតណាមរឹងមាំ រីកចម្រើន និងឯករាជ្យ​។

លោក Randall G. Schriver បាន​អះអាងទៀតថា​ ទាំងអាមេរិក និងវៀតណាម​ មាន​ចិត្ត​ដូចគ្នាក្នុងការលើកកម្ពស់សណ្តាប់​ធ្នាប់​ក្នុងតំបន់ដោយផ្អែកលើ​ការអនុវត្តច្បាប់ ការពារអធិប​តេយ្យភាព​ និងសិទ្ធិរបស់​ប្រទេសនីមួយៗ។ លោក បន្តថា ​ប្រទេសទាំងពីរមាន​ការចង់បាន​ដូចគ្នា ពោលគឺចង់ឃើញតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកមាន​ការរីកចម្រើន ​មានសិទ្ធិ​សម្រេច​ជោគវាសនា​ដោយខ្លួន​ឯង ហើយនិងគេចផុតពីការយាយីពីប្រទេសខ្លាំងៗ ទោះបីប្រទេស​នោះ​តូច ឬធំយ៉ាងណាក្តី។

លោក Randall G. Schriver បន្ថែម​ថា ​តំបន់​នេះកំពុងប្រឈមកាន់តែខ្លាំង​ជាមួយនឹងប្រទេស​ចិន ដែល​ធ្វើសកម្មភាព​នានាដើម្បីទទួលបាន​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង ដូចជា​​ ការ​បោះមូលដ្ឋាន​យោធានៅ​សមុទ្រចិនខាង​ត្បូង​ជា​ឧទាហរណ៍ស្រាប់​។

កាលពីចុងខែមីនា កន្លងទៅសហរដ្ឋអាមេរិក បានប្រគល់​​កាណូត​ល្បាត​ចំនួន៦គ្រឿង​​ប្រភេទ​ Metal Shark​ ស៊េរី​ទំនើប​ចុងក្រោយ​តម្លៃ​ប្រហែល១២លាន​ដុល្លា​រ ​ដល់​ឆ្មាំ​សមុទ្រ​វៀតណាម​ដែលកំពុង​​ឈរជើង​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ កាណូត​ល្បាត​ទាំងនោះ​ នឹង​ជួយ​ឆ្មាំ​សមុទ្រវៀតណាម ​ក្នុង​ការល្បាត​ និង​ការ​ពង្រឹង​ច្បាប់​នៅ​តាម​ដែនសមុទ្រ​ ដើម្បី​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ ការ​ជួញដូរ​ខុសច្បាប់ ​និង​ការ​ប្លន់​ប្រដាប់​អាវុធ​ទៅលើ​នាវា​ និង​ការ​នេសាទ​ខុសច្បាប់​ ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ