ឥណ្ឌា បដិសេធការអញ្ជើញរបស់​ចិន ក្នុងការចូលរួម​វេទិកា​ «ខ្សែក្រវ៉ាត់ និងផ្លូវ»​

លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ រូបភាព៖ វេបសាយបរទេស

ប្រទេសឥណ្ឌា បានបដិសេធការអញ្ជើញជាផ្លូវការពីប្រទេសចិនក្នុងការចូលរួម​វេទិកា«ខ្សែវា៉ត់ និងផ្លូវ» ដែល​នឹងធ្វើនៅចុងខែមេសានេះ។

នេះជាការបដិសេធ​ជាលើកទី​២ហើយរបស់​ឥណ្ឌាក្នុងការចូលរួម​វេទិកា​ខ្សែក្រវ៉ាត់​ និង​ផ្លូវ ដែល​រៀប​ចំឡើងដោយរដ្ឋាភិបាល​ក្រុងប៉េកាំង​។​

តាមការចុះផ្សាយរបស់​សារព័ត៌មាន​ The Times of India មូលហេតុដែលប្រទេសឥណ្ឌាច្រានចោល​ការ​អញ្ជើញរបស់​ចិន ដោយសារ​តែ​គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់​ និង​ផ្លូវរបស់​ចិន​បាន​ធ្វើឲ្យប៉ះពាល់​អធិបតេយ្យភាព​របស់​ប្រទេសខ្លួនតាមរយៈ​ច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ឬហៅ​ជាភាសាអង់​គ្លេសថា​ China-Pakistan Economic Corridor (CPEC)។

ច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន គឺដំណើរការឡើងក្នុងគោលបំណង​ធ្វើទំនើបកម្មនូវហេដ្ឋារចនាសម្ព័ន្ធ​ និងពង្រឹងនូវសេដ្ឋកិច្ច​របស់ប៉ាគីស្ថាន​ តាម​រយៈការសាងសង់​បណ្ដាញដឹក​ជញ្ជូនទំនើបៗ គម្រោង​ថាមពល​អគ្គិសនី​ ក៏ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសនេះ​​ជាដើម។ តាម​ការចុះផ្សាយ​លើគេហទំព័រផ្លូវការរបស់ច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន គម្រោង​នេះ​មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចិន និងប៉ាគីស្ថានប៉ុណ្ណោះទេ ប៉ុន្តែ វានឹងផ្ដល់​ផលវិជ្ជមានទៅដល់​ប្រទេសដទៃដូចជា អ៊ីរ៉ង អាហ្វហ្គានីស្ថាន ឥណ្ឌា ប្រទេសនៅ​អាស៊ីកណ្តាល និងប្រទេស​ក្នុងតំបន់ផ្សេងទៀតជាដើម។

ភាគី​ឥណ្ឌា ថា​​ច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន​ដែល​ជា​​គម្រោងមួយក្នុង​គំនិតផ្ដួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​តំបន់ ​Gilgit-Baltistan ដែល​ជាតំបន់​ប្រទាញប្រទង់រវាង​​ឥណ្ឌា និងប៉ាគីស្ថាន។

ទោះយ៉ាងណាក៏ដោយ ឥណ្ឌាមិនដែលជំទាស់​ក្នុងការធ្វើការជាមួយសមភាគី​ចិនលើគម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធនានាម្តងណា​ឡើយ ប្រសិន​បើភាគីចិនគោរព​តាម​អ្វីដែល​ឥណ្ឌាហៅថា​ជាបទដ្ឋាន​​អន្តរជាតិ​។ បទដ្ឋាន​​អន្តរជាតិទាំងនោះរួមមាន​ តម្លាភាព​ ​និងការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព និងបូរណភាពដែនដី ជាដើម​។

ទោះបីជាមានការ​បដិសេធមិនចូលរួម​ក្នុង​វេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» ម្តងរួចមក​ហើយកាលពីឆ្នាំ២០១៧ តែ​ចិននៅតែបន្តផ្ញើលិខិត​អញ្ជើញឲ្យ​ឥណ្ឌា​ ដោយសារ​តែ​ប្រទេសកុម្មុយនីស្តមួយ​នេះ នៅតែមានសុទិដ្ឋិនិយមថា​ ឥណ្ឌា​នឹង​ពិចារណា​ឡើងវិញ​ក្នុងការចូលរួមវេទិកានេះ។

ការរៀបចំ​វេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ» របស់​ក្រុងប៉េកាំងនាពេល​នេះ ធ្វើឡើងស្រប​ពេលដែល​គម្រោង​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធនៅប្រទេសមួយចំនួនដែលនៅភូមិផងរបងជាមួយឥណ្ឌា ដូចជាស្រីលង្កា ម៉ាល់ឌីវ និងប៉ាគីស្ថាន​ ជាដើម ​កំពុងមាន​ភាពចម្រូងចម្រាស។

ខ្សែក្រវ៉ាត់ និងផ្លូវ ជាគំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងឆ្នាំ២០១៣។ គម្រោងនេះ មានប្រទេសជាដៃគូជាង ១០០ ដែលមកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន រួមទាំងប្រទេសរុស្ស៊ី ព័រទុយហ្គាល់ និងក្រិច ក៏ចូលរួមផងដែរ។ តាម​រយៈគំនិត​ផ្ដួចផ្ដើម​ ខ្សែក្រវ៉ាត់ និងផ្លូវ​ ចិន​បាន​ផ្ដល់​ជាកម្ចីដល់ប្រទេសទាំងនោះក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវដែកកំពង់ផែ ផ្លូវល្បឿនលឿន និង​បង្កើតច្រក​សេដ្ឋកិច្ចសម្រាប់​តភ្ជាប់ប្រទេសចិនជាមួយពិភពលោកទាំងមូលទៀតផង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ