ក្រុមអ្នកបញ្ជាទិញអន្តរជាតិផ្នែកផលិតផលកាត់ដេរពីកម្ពុជា បានដាក់លិខិតទៅនាយករដ្ឋមន្ត្រីកម្ពុជាកាលពីសប្តាហ៍មុន ដោយបានបង្ហាញក្ដីបារម្ភរបស់ពួកគេអំពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក ខណៈជម្លោះនយោបាយនៅបន្តអូសបន្លាយនៅឡើយនោះ។
លិខិតនោះ បានលើកឡើងថា ការព្រមានព្យួរ EBA របស់សហភាពអឺរ៉ុប និង GSP របស់អាមេរិក នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរកម្ពុជា រួមទាំងពលរដ្ឋខ្មែររាប់លាននាក់ដែលទទួលផលពីវិស័យនេះ។
ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះទាំងនេះ វាក៏នឹងធ្វើឲ្យខាតបង់ដល់ប្រយោជន៍ដ៏សម្បើមរបស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជាផងដែរ។
សហភាពអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសរាប់ថ្ងៃថយក្រោយលើវិធានការព្យួរជាបណ្តោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា ក្រោយពីប្លុកលោកសេរីមួយនេះរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ដូចគ្នានេះដែរ សមាជិកសភាអាមេរិកកំពុងជំរុញច្បាប់ឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្អាកការអនុគ្រោះពាណិជ្ជកម្ម GSP ដោយសារ បញ្ហារំលោភសិទ្ធិមនុស្ស មិនបើកផ្លូវឲ្យអតីតគណបក្សប្រឆាំងបានដំណើរការឡើងវិញ និងដោះលែងលោក កឹម សុខា ជាដើម។
ប៉ុន្តែ ក្នុងវេទិកាសាធារណៈមួយកាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថា កង្វល់របស់អ្នកដទៃ មិនមែនជាបន្ទាត់នយោបាយរបស់កម្ពុជាទេ។
ជាងនេះទៅទៀត នៅក្នុងវេទិកាជួបជាមួយវិស័យឯកជនកាលពីចុងខែមុន មេដឹកនាំកម្ពុជារូបនេះ បានប្រកាសថា តាមវិធានការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ទោះគ្មានប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ។
ការវាយតម្លៃផ្សេងគ្នាពីផលប៉ះពាល់នៃប្រព័ន្ធអនុគ្រោះពន្ធនេះ បង្កើតជាសំនួរថា៖
ហេតុអ្វីបានអ្នកបញ្ជាទិញបារម្ភពីកម្ពុជាបាត់EBA និង GSP?
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុសុ្ស លោក មឿន តុលា បង្ហាញការយល់ឃើញថា ប្រតិកម្មរបស់ក្រុមអ្នកបញ្ជាទិញពេលនេះ ជាភស្តុតាងរឹងមាំប្រាប់ទៅរដ្ឋាភិបាលថា កម្ពុជានឹងប្រឈមទៅនឹងបញ្ហាធំៗពីរ បើរដ្ឋាភិបាលបណ្តែតបណ្តោយឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះទាំងពីរនេះមែន។
លោក មឿន តុលា វិភាគថា បញ្ហាទីមួយ ប្រតិកម្មនេះ បង្ហាញថា ពួកគេមិនអាចបន្តរកស៊ីជាមួយវិស័យកាត់ដេរនៅកម្ពុជាបានទៀតទេ បើអត់ប្រព័ន្ធអនុគ្រោះពន្ធ ព្រោះទុនចំណាយរបស់ពួកគេត្រូវបានចំណាយច្រើនជាងមុន និងបញ្ហាប្រឈមទី២ ផលិតផលរបស់កម្ពុជាអាចនឹងត្រូវប្រទេសលោកសេរី ធ្វើពហិការមិនប្រើប្រាស់ បើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ប្រទេសនេះ ជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ។
លោក មឿន តុលា ប្រាប់ថា៖ «សំណួរដែលយើងងាយស្តាប់ ហើយពលរដ្ឋងាយយល់ហ្នឹង គឺយើងផលិត យើងដេរ ដើម្បីលក់ឲ្យគេអ្នកទិញ ហើយគេអ្នកទិញ អត់ទិញទេ អាហ្នឹងយើងមានវិបត្តិធំហើយ»។
ប្រាក់ចំណេញដែលកម្ពុជាទទួលបានពីការមិនបង់ពន្ធតាមរយៈប្រព័ន្ធអនុគ្រោះរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានទំហំជាង១០០០លានដុល្លារ ក្នុង១ឆ្នាំៗ។
លិខិតរបស់អ្នកបញ្ជាទិញផ្ញើទៅនាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី៤ ខែមេសានេះ បានឲ្យដឹងដែរថា
ក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំចេញទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈព្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ មានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ (៨.៥ពាន់លានដុល្លារ) ស្មើ ៣៨ភាគរយនៃផលទុនជាតិសរុបរបស់ជាតិ ឬប្រាក់ចំណូលប្រចាំឆ្នាំដែលពលរដ្ឋរកបាន។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា អ្នកបញ្ជាទិញបានប្រាប់ពីក្តីកង្វល់របស់ពួកគេត្រង់ៗទៅរដ្ឋាភិបាល ហើយលោកថា នេះជាសញ្ញាប្រកាសអាសន្នរបស់អ្នកវិនិយោគនៅកម្ពុជា ដែលលោកថា ជាកត្តាជំរុញឲ្យរដ្ឋាភិបាលស្ថារស្ថានការណ៍ឡើងវិញជាបន្ទាន់ផងដែរ។
ប៉ុន្តែ អ្នកវិភាគរូបនេះ វិភាគថា កង្វល់នេះទំនងជាគ្មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលដឹកនំាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។
លោក គឹម សុខ ប្រាប់ថា៖ «យ៉ាងណា ការបាត់ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក អ្នកវេទនា គឺប្រជាពលរដ្ឋ មិនមែនក្រុមលោក ហ៊ុន សែន ទេ តែបើបាត់អំណាចវិញ ទើបក្រុមលោក ហ៊ុន សែន ជួបបញ្ហា។ ដូច្នេះ រវាង EBA និងអំណាច ច្បាស់ណាស់លោក ហ៊ុន សែន ជ្រើសរើសយកអំណាចមុន គាត់មិនខ្វល់ថា ការបាត់ EBA និង GSP ផង នឹងធ្វើឲ្យពលរដ្ឋលំបាកប៉ុណ្ណាទេ។»
អ្នកវិភាគនៅក្រៅប្រទេសរូបនេះ វិភាគទៀតថា ការសម្រេចចិត្តណាមួយធ្វើឲ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីប្លុកលោកសេរី លោកថា ជាការលេងល្បែងនយោបាយដ៏គ្រោះថ្នាក់សម្រាប់សង្គមជាតិ។
លោក គឹម សុខ បន្តថា៖ «បើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយអាមេរិកសម្រេចដកប្រព័ន្ធ GSP ពីកម្ពុជា។ ខ្ញុំយល់ថា ស្ថានភាពដ៏លំបាករបស់កម្ពុជាក្លាយជាប្រទេសទទួលរងអាណានិគមបែបថ្មីក្រោមអំណាចត្រួតត្រារបស់ចិន ហើយពលរដ្ឋខ្មែរអាចធ្លាក់ទៅក្នុងស្ថានភាពវ័ណ្ឌកក្នុងកម្ចីរបស់ចិន»។
វិធានការរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងតែដាក់សម្ពាធតាមរយៈប្រព័ន្ធអនុគ្រោះនេះ មិនមែនមានតែអ្នកបញ្ជាទិញទេ ដែលបានបង្ហាញក្តីបារម្ភ សូម្បីតែអ្នកពាក់ព័ន្ធមួយចំនួនទៀតក៏បារម្ភដូចគ្នានេះដែរ។
ចុងឆ្នាំ២០១៨កន្លងមក តំណាងអ្នកវិនិយោគមួយចំនួន រួមទាំងសមាគមរោងចក្រកាត់ដេរផងដែរ បានផ្ញើលិខិតទៅសហភាពអឺរ៉ុបកុំឲ្យដកប្រព័ន្ធអនុគ្រោះនេះ ដោយពួកគេថា វិធានការនេះធ្វើឲ្យប៉ះពាល់ដល់កម្មករក្នុងវិស័យកាត់ដេរជាង ៧០ម៉ឺននាក់ដោយផ្ទាល់ និងប៉ះពាល់ជាប្រយោលដល់ពលរដ្ឋខ្មែរប្រមាណជា ២លាននាក់ផ្សេងទៀត។
អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ វិភាគថា ចរន្តនយោបាយពេលនេះ បក្សកាន់អំណាចអាចពិបាកវិលថយក្រោយទៅរៀបចំការបោះឆ្នោតឡើងវិញតាមការទាមទាររបស់សហភាពអឺរ៉ុប បើបក្សកាន់អំណាចដឹងមុនថា ទីលានប្រកួតសារឡើងវិញនោះជាគ្រោះថ្នាក់អំណាច។
ប៉ុន្តែ អ្នកវិភាគវ័យក្មេងរូបនេះពន្យល់ថា គ្មានអ្វីពិបាកក្នុងការរក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ចនិងកត្តាអំណោយផលផ្សេងទៀតពីប្រទេសលោកសេរីទេ បើមេដឹកនាំគិតពីប្រយោជន៍ជាតិ ហើយស្វែងរកដំណោះស្រាយដោយឈរលើស្មារតីបង្រួបបង្រួមជាតិនោះ៕