ពលរដ្ឋនៅហុងកុងបារម្ភបាត់បង់សេរីភាពជាងខ្លាចជាប់ពន្ធនាគារ

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឈរស្រែកនិងកាន់បដាតវ៉ាទាមទារសិទ្ធិ រង់ចាំតុលាការចេញសាលក្រមនៅ Occupy Central នៅហុងកុង នាព្រឹកថ្ងៃទី០9 មេសា 2019។ រូបភាព៖ REUTERS / Tyrone Siu

ប្រជាពលរដ្ឋរស់នៅលើដែនដីហុងកុងអតីតដែនដីស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេស ហើយបច្ចុប្បន្នគ្រប់គ្រងដោយចិន ប្តេជ្ញាបន្តតវ៉ាទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បើទោះបីតុលាការកាត់ទោសតំណាងរបស់ពួកគេក៏ដោយ។

នៅថ្ងៃនេះ តុលាការបានកាត់ទោសមេដឹកនាំចលនាទាមទារសិទ្ធិសេរីភាព និងការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យចំនួន៩នាក់ ពីបទបង្កើតចលនាមហាជនប្រឆាំងរដ្ឋអំណាច។ អ្នក៩ទាំងនាក់នេះ មានទាំងតំណាងរាស្ត្រ និងសាស្ត្រាចារ្យផ្នែកច្បាប់ផង ហើយពួកគេអាចប្រឈមមុខជាប់ពន្ធនាគារដល់ទៅ៩ឆ្នាំ។​

នៅពេលដែលតុលាការហុងកុងដំណើរការកាត់ក្តី និងប្រកាសសាលក្រមនៅថ្ងៃនេះ ក្រុមអ្នកតវ៉ារាប់រយនាក់ប្រមូលផ្តុំនៅមុខតុលាការ ដើម្បីគាំទ្រតំណាងរបស់ពួកគេ។​

កាលពីឆ្នាំ២០១៤ ចលនាមហាជនផ្ទុះឡើងនៅហុងកុង ដែលពួកគេប្រើប្រាស់អត្តសញ្ញាណសំលៀកបំពាក់ និងឆ័ត្រពណ៌លឿង ប្រមូលផ្តុំបិទផ្លូវ និងកាន់កាប់អគារសាធារណៈមួយចំនួន។ ការប្រមូលផ្តុំទាំងនេះ ពួកគេទាមទារឱ្យរដ្ឋអំណាចទីក្រុងប៉េកាំងទុកសេរីភាពដល់ពួកគេក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងទាមទារឱ្យដែនដីនេះ ស្ថិតនៅក្រោមការដឹកនាំដោយប្រជាធិបតេយ្យជារៀងរហូត។​

ទោះយ៉ាងណា ចៅក្រមប្រកាសសេចក្តីសម្រេចនៅថ្ងៃនេះ ប៉ុន្តែ មិនទាន់មានការឃុំខ្លួនតំណាងណាម្នាក់ក្នុងចំណោម៩នាក់នោះទេ។​

មេដឹកនាំចលនាបាតុកម្មទាមទារសិទ្ធិសេរីភាពទាំងនេះ ​បញ្ជាក់ជំហរថា ពួកគេនៅតែប្តេជ្ញាធ្វើចលនាទាមទារសិទ្ធិសេរីភាពដដែល។​ បើទោះបីជាមានការប្រឈមចោទប្រកាន់ផ្សេងៗទៀតក៏ដោយ។​ ក្រុមអ្នកតវ៉ាទាំងនេះបញ្ជាក់ថា អ្វីដែលពួកគេធ្វើ គឺដើម្បីទាមទារយុត្តិធម៌សម្រាប់ប្រជាជនហុងកុង។​

ហុងកុង គឺជាដែនដីពិសេសដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសចន្លោះឆ្នាំ១៨៤២ ដល់ឆ្នាំ១៩៩៧។ ដែនដីនេះមានទំហំជាង១០០០គីឡូម៉ែត្រការ៉េ ហើយមានប្រជាជន ៧លាន ៤សែននាក់។ នេះបើតាមរបាយការណ៍ធនាគារពិភពលោក ចេញផ្សាយឆ្នាំ២០១៧​។

ហុងកុង ក៏ជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយរបស់ពិភពលោក ដែលប្រជាជនរស់នៅក្នុងភាពស៊ីវិល័យក្នុងលក្ខខណ្ឌសិទ្ធិសេរីភាព និងសេដ្ឋកិច្ចល្អ។​

នៅពេលដែលអង់គ្លេសព្រមប្រគល់ដែនដីនេះឲ្យទៅចិននៅឆ្នាំ១៩៩៧ មានលក្ខខណ្ឌមួយគឺក្នុងរយៈពេល៥០ឆ្នាំ ដែនដីនេះត្រូវស្ថិតនៅក្នុងរបបប្រជាធិបតេយ្យ គឺរដ្ឋមួយប្រព័ន្ធដឹកនាំពីរ។​

ប៉ុន្តែ ប្រជាពលរដ្ឋហុងកុងចោទថា រដ្ឋអំណាចទីក្រុងប៉េកាំងបានបំពានកិច្ចព្រមព្រៀងនេះ ដោយបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំ និងបំបិទសេរីភាពផ្សេងៗទៀត។

បើតាមកិច្ចព្រមព្រៀងរវាងចិន និងអង់គ្លេស គឺរយៈពេល៥០ឆ្នាំនឹងត្រូវបញ្ចប់នៅឆ្នាំ២០៤៧។ ពេលនេះ ទាំងប្រជាពលរដ្ឋហុងកុង និង រដ្ឋអំណាចទីក្រុងប៉េកាំង សុទ្ធតែត្រៀមលក្ខណៈរៀងៗខ្លួនសម្រាប់ពេលវេលានោះមកដល់។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ