ការសិក្សាថ្មី៖ អ្នក​ពិសា​ស្រា​ប្រឈម​ដាច់​សរសៃ​ឈាម និង​ជំងឺ​ជាង​២០០​ប្រភេទ​

រូបភាពបង្ហាញពីសកម្មភាពចាក់ស្រា។ រូបភាព៖ telegraph.co.uk

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរបស់ចិន និងអង់គ្លេស បង្ហាញការសិក្សារួមគ្នាថ្មីមួយ ដោយបញ្ជាក់ថា អ្នកពិសាស្រាជាប្រចាំ ឬច្រើនហួស មានហានិភ័យខ្ពស់បណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងមានជំងឺជាង២០០ប្រភេទផ្សេងទៀត។​

របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា សិក្សាពីអ្នកជំនាញនៅសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងសាកលវិទ្យាល័យ Peking របស់ចិន។​ ការសិក្សានេះបញ្ជាក់ថា អ្នកពិសាស្រាក្នុង១ថ្ងៃ ១ ឬ២កែវ (កែវតូច សំដៅលើស្រាក្រហម) ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល១០ ទៅ១៥ភាគរយ ហើយបើពិសា៤កែវ អាចប្រឈមដាច់សរសៃឈាមខួរក្បាលដល់ទៅ៣៥ភាគរយ។​

ការសិក្សានេះបញ្ជាក់ថា ស្រាគ្មានប្រយោជន៍ចំពោះសុខភាពទេ ទោះក្នុងកម្រិតណាក៏ដោយ។ ការសិក្សានេះច្រានចោលការសិក្សាមុនៗដែលធ្លាប់បញ្ជាក់ថា ការពិសាស្រាក្នុងកម្រិតមធ្យមមួយអាចជួយកាត់បន្ថយជំងឺដាច់សរសៃឈាម។​

ក្នុងចំណោមជំងឺជាង២០០ប្រភេទដែលបណ្តាលពីស្រានេះ មានជំងឺមហារីក៧ប្រភេទ រួមទាំង មហារីកមាត់ មហារីកដោះ និងមហារីកក្រពះពោះវៀន ជាដើម។​

របាយការណ៍នេះ បញ្ជាក់ថា នៅប្រទេសចិន​រយៈពេល១០ឆ្នាំនេះ អ្នកស្លាប់ដោយសារដាច់សរសៃឈាមដែលបណ្តាលមកពីស្រា មានរហូតដល់៥០០ ០០០នាក់។​ ចំណែកនៅលើពិភពលោក អ្នកស្លាប់ដោយសារតែការពិសាស្រាមានដល់៣លាននាក់ក្នុង១ឆ្នាំ ក្នុងនោះ២៥ភាគរយ ជាក្រុមមនុស្សអាយុពី២០ ទៅ៣៩ឆ្នាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ