ស្រីលង្កា​ បើក​ដំណើរការ​​​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​តម្លៃ​២៧៨​លាន​ដុល្លា​​រ​ដែល​​ប្រើ​កម្ចី​ពី​​ចិន​

ប្រទេសស្រីលង្កាបានបញ្ចប់ការស្ថាបនាខ្សែផ្លូវដែក Matara-Beliatta ប្រវែង 26,75 គីឡូម៉ែត្រលើកដំបូងបន្ទាប់ពីប្រទេសនេះបានទទួលឯករាជ្យនៅឆ្នាំ 1948 ពីអង់គ្លេស។ រូបភាព៖ businesstoday.in

ប្រទេសស្រីលង្កា កាលពីថ្ងៃចន្ទ បាន​បើ​ក​ដំណើរការ​ផ្លូវរថភ្លើងល្បឿនជំហានទី១ ​​ដែលប្រើប្រាស់ប្រាក់​កម្ចី​ក្រោ​ម​គម្រោងគំនិត​ផ្តួចផ្តើម ​«ខ្សែក្រវ៉ាត់ ​និងផ្លូវ» របស់​ចិន​។

ផ្លូវរថភ្លើងនេះ​ មានប្រវែង​ជិត​២៧គីឡូម៉ែត្រ​ដែល​តភ្ជាប់​ទីក្រុង ​Matara ទៅក្រុង ​Beliatta ហើយវាក៏ជាផ្លូវរថភ្លើងល្បឿនលឿន​ទី១​របស់ស្រីលង្កា ចាប់​តាំងពីប្រទេសនេះ​ទទួលបាន​ឯករាជ្យពីចក្រភព​អង់គ្លេសនៅឆ្នាំ១៩៤៨។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​ Business Today របស់​ឥណ្ឌា គម្រោង​នេះត្រូវបាន​សាងសង់ដោយមានការ​សហការគ្នា​រវាង​ក្រុមហ៊ុន​ចិន​ និងក្រុមហ៊ុន​រដ្ឋស្រីលង្កា។

តាមការចុះផ្សាយរបស់​ព្រឹត្តិបត្រ ​Railway Gazette គម្រោង​ផ្លូវរថភ្លើងល្បឿនលឿនដែល​កសាង​ក្នុងដំណាក់កាលទី១នេះ ចាប់ផ្ដើមសាងសង់​នៅឆ្នាំ២០១៣ ដោយ​ចំណាយអស់ប្រាក់២៧៨លាន​ដុល្លារ ដែល​ជាកម្ចីពីធនាគារ​ចិន Export-Import Bank of China ។ ប្រភព​ដដែល​នេះ ឲ្យដឹង​ថា ​កម្ចី​នេះត្រូវសងត្រលប់​វិញ​ក្នុងរយៈពេល​២០ឆ្នាំ។​

តាម​ Railway Gazette រដ្ឋាភិបាលស្រីលង្កាបាន​ដាក់រថភ្លើងដឹកអ្នកដំណើរចំនួន​៧ សម្រាប់​ផ្លូវនីមួយៗក្នុងមួយថ្ងៃ។ រថភ្លើង​ទាំងនោះអាចរត់បានក្នុងល្បឿន​១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​ និងសារ​ព័ត៌មានដែល​មាន​និន្នាការ​ទៅ​លោក​ខាង​លិច​​មួយ​ចំនួន​តែងតែលើកឡើងថា ​​ការ​ផ្ដល់​ប្រាក់​កម្ចីរបស់​ចិន​​ដល់​ប្រទេស​មួយ​ចំនួនមាន​លក្ខណៈជាអន្ទាក់បំណុល​​។ ជាក់ស្តែង ​អ្នកនិពន្ធសៀវភៅ​ដែល​និយាយ​ពី​ទំនាក់​ទំនង​ចិន និង​អាមេរិក​ លោក ​ចន ប៉ុមហ្រ្វេដ និយាយថា ​គម្រោង​ «​ខ្សែក្រវ៉ាត់ និងផ្លូវ» ដែល​​​ចិន​បាន​បង្កើតឡើងនៅឆ្នាំ២០១៣ មាន​លក្ខណៈជា​អន្ទាក់​បំណុល​បែបការទូត​ នៅពេលប្រទេសដែល​ជាកូនបំណុល​មិនមាន​លទ្ធភាពសង​​បំណុល ចិន​នឹង​ឲ្យ​​ប្រទេស​ទាំង​នោះ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​​ជាក់ជាមិនខាន​។

ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ ខាង បាន​ថ្លែងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ថាផ្លូវរថភ្លើងល្បឿនជំហានទី១នៅភាគខាងត្បូងប្រទេសស្រីលង្កា ជាគម្រោង​ដែល​ត្រូវ​បាន​អនុវត្តដោយក្រុមហ៊ុនចិន​មួយ ​ក្រោមគំនិត​ផ្ដួចផ្តើម ​«ខ្សែក្រវ៉ាត់​ និងផ្លូវ» នឹងជួយ​ឲ្យការ​ដឹក​ជញ្ជូនរបស់​ប្រជាជន​ស្រីលង្កាដែល​រស់នៅភាគ​ខាងត្បូង​កាន់​តែមាន​ភាពងាយ​ស្រួល ក៏ដូចជា ធ្វើឲ្យសេដ្ឋកិច្ច​ក្នុងតំបន់នោះមាន​ការ​អភិវឌ្ឍផងដែរ។

លោក លូ ខាង បន្ថែម​ថា ​ប្រជាជនស្រីលង្កា​ពិតជាសប្បាយ​រីករាយ​ដែល​មាន​ផ្លូវរថភ្លើងល្បឿននេះ ហើយចិន​ក៏ត្រេកអរ​ជាមួយនឹង​ពលរដ្ឋប្រទេសនេះផងដែរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិនរូបនេះ បន្តថា ​ចិនត្រៀមខ្លួនជាស្រេច​ក្នុងការ​ពង្រីកកិច្ចសហប្រតិបត្តិនានា​ជាមួយស្រីលង្កា ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីនាំមកនូវផលប្រយោជន៍​ជាក់ស្តែងបន្ថែមទៀត​ដល់ពលរដ្ឋ​ប្រទេសដែនកោះ​មួយនេះ​។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន ​Business Today របស់​ឥណ្ឌា ចិន​ជាប្រទេស​ដែល​ផ្ដល់កម្ចីច្រើនជាង​គេឲ្យប្រទេស​ស្រីលង្កា។ ប្រភពដដែល ឲ្យដឹងថា ទំហំ​សាច់ប្រាក់​វិនិយោគ​របស់ចិន​នៅដែនកោះមួយ​នេះ មានប្រមាណជា៨ពាន់លាន​ដុល្លារ។​ កាលពី​ចុងឆ្នាំ២០១៧ ដោយសារតែមិនមាន​លទ្ធភាព​សង​​បំណុល ​ស្រីលង្កា​បានសម្រេចចិត្ត​​ប្រគល់កំពង់ផែយុទ្ធសាស្ត្រ Hambantota របស់ខ្លួន​ទៅឲ្យចិនគ្រប់គ្រង​រយៈពេលរហូតដល់៩៩ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ