យោធាស៊ូដង់ឈរខាងប្រជាពលរដ្ឋ

បាតុករស៊ូដង់ថើបទាហាន(រូបពី Sky News)

យោធាស៊ូដង់សម្រេចឈរខាងប្រជាពលរដ្ឋដែលចេញមុខតវ៉ា ហើយចាប់ខ្លួនប្រធានាធិបតីឃុំបណ្ណោះអាសន្នដោយអះអាងថា មេដឹកនាំកាន់តំណែងជិត៣០ឆ្នាំរូបនេះ មិនមានសមត្ថភាពដឹកនាំ មានអំពើពុករលួយ និង បង្កអយុត្តិធម៌ធ្ងន់ធ្ងរនៅក្នុងសង្គម ។​

ប្រជាពលរដ្ឋស៊ូដង់ចេញមុខតវ៉ាតាមដងផ្លូវតាំងពីខែធ្នូចុងឆ្នាំ២០១៨ ដោយសារតែទំនិញឡើងថ្លៃ ក្រោយប្រទេសនេះរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ក្រៅពីទំនិញឡើងថ្លៃអំពើអយុត្តិធម៌ផ្សេងៗ និង អំពើពុករលួយបំផ្លាញសេដ្ឋកិច្ចជាតិធ្វើឲ្យពលរដ្ឋទន់ខ្សោយរងគ្រោះក៏ជាប្រធានបទដែលបាតុករលើកឡើងដែរ។ បាតុកម្មចេះតែរាលដាលរហូតដល់ពលរដ្ឋទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។​​

ក្នុងអំឡុងពេលតវ៉ាបានបណ្តាលឲ្យមានហិង្សាហើយមនុស្ស៣៨នាក់ស្លាប់។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិអះអាងថាអ្នកស្លាប់ច្រើនជាងនេះ។​

រហូតដល់ដើមសប្តាហ៍នេះពួកយោធាសម្រេចចេញមុខការពារប្រជាពលរដ្ឋជាបាតុករ ហើយប្រឆាំងអំណាចប្រធានាធិបតី អូម៉ា អាលបាសៀ(Omar al-Bashir) ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ពួកយោធាប្រកាសធ្វើរដ្ឋប្រហារដើម្បីគ្រប់គ្រងស្ថានការណ៍ប្រទេសដែលកំពុងមានភាពចលាចល។​

ពួកយោធាបានកាន់កាប់ក្រសួងស្ថាប័នសំខាន់ៗហើយបានឃាត់ខ្លួនលោក អូម៉ា អាលបាសៀ នៅក្នុងផ្ទះ។​

ពលរដ្ឋ និងយោធាស៊ូដង់ស្វាគមន៍គ្នា

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក អាវេដ អ៊ីបន ហ្អូហ្វ(Awad Ibn Ouf) បានប្រកាសសេចក្តីថ្លែងការណ៍តាមរយៈវិទ្យុ និងទូរទស្សន៍ថា ការផ្តួលរំលំរបបដឹកនាំនេះ គឺជាការសង្គ្រោះប្រទេស ហើយថា ពេលនេះប្រធានាធិបតី អាល់បាសៀ ត្រូវបានរក្សានៅកន្លែងសុវត្ថិភាពមួយ។​

រដ្ឋមន្ត្រីក្រសួងការពារជាតិលើកឡើងថា ប្រទេសជាតិរងការឈឺចាប់ដោយសារតែ កម្សោយនៃការដឹកនាំ បញ្ហាអំពើពុករលួយ និង ប្រទេសគ្មានយុត្តិធម៌។ លោកក៏បានសូមអភ័យទោសជាសាធារណៈចំពោះអំពើហិង្សាបណ្តាលឲ្យមានអ្នកស្លាប់កន្លងមកនេះ។​

រដ្ឋមន្ត្រីការពារជាតិបានប្រកាសថា យោធាត្រូវគ្រប់គ្រងបណ្តោះអាសន្នសិន ដើម្បីរៀបចំសណ្តាប់ធ្នាប់មុននឹងផ្តល់ឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំស៊ីវិល។​

លោក អូម៉ា អាលបាសៀ ជាអតីតមន្ត្រីយោធាម្នាក់ ហើយបានឡើងកាន់តំណែងកាលពីឆ្នាំ១៩៨៩ តាមរយៈការធ្វើរដ្ឋប្រហារ។​ លោកបានបញ្ចប់សង្គ្រាមស៊ីវិល និងជម្លោះស៊ីវិលនៅភាគខាងត្បូងនៃប្រទេសកាលពីឆ្នាំ២០០៥។​

បច្ចុប្បន្នមេដឹកនាំដែលបណ្តេញចេញពីតំណែងនេះក៏ស្ថិតនៅក្នុងការចេញដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិដែរដោយមានការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ