ហេតុអ្វីពលរដ្ឋស៊ូដង់មិនខ្លាចប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិល?

បាតុករស៊ូដង់ស្វាគមន៍ក្រុមយោធា(រូបពីFrance 24)

ពួកយោធាស៊ូដង់បានសម្រេចធ្វើរដ្ឋប្រហារនៅថ្ងៃទី១១ខែមេសាឆ្នាំ២០១៩ ហើយបានចាប់មេដឹកនាំប្រទេសឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំរៀបចំសណ្តាប់ធ្នាប់ហើយនឹងរៀបចំការបោះឆ្នោតឲ្យមានមេដឹកនាំស៊ីវិល។​

ការសម្រេចធ្វើរដ្ឋប្រហារពេលនេះ គឺពួកយោធាអះអាងថា ធ្វើឡើងតាមបំណងរបស់ប្រជាពលរដ្ឋដែលមិនពេញចិត្តរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកអូម៉ា អាលបាសៀ(Omar al-Bashir)។​ ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះផ្ទុះការតវ៉ាតាំងពីខែធ្នូឆ្នាំ២០១៨ មូលហេតុសំខាន់គឺទំនិញឡើងថ្លៃ ចំណូលពលរដ្ឋរកបានតិច។​

ការតវ៉ាចេះតែរាលដាលរហូតដល់ដំណាក់កាលចុងក្រោយគឺពលរដ្ឋទាមទារឱ្យមេដឹកនាំចុះចេញពីតំណែង។​

ទីបំផុតក្តីប្រាថ្នារបស់ប្រជាពលរដ្ឋនៃប្រទេសនេះបានសម្រេចនៅថ្ងៃទី១១ខែមេសា។ បើទោះជាការតវ៉ាបានសម្រេចប៉ុន្តែមានការចោទសួរថា តើពលរដ្ឋមិនខ្លាចប្រទេសធ្លាក់ក្នុងវិបត្តិសង្គ្រាមស៊ីវិលទេឬ យ៉ាងណា?

បទពិសោធន៍នៅនឹងភ្នែកគឺប្រទេសដែលពលរដ្ឋបណ្តេញមេដឹកនាំចេញកំពុងមានសង្គ្រាមស៊ីវិល និង មានវិបត្តិផ្សេងៗកើតឡើង ដូចជានៅស៊ីរី នៅលីប៊ី ឬ នុយនេស៊ីជាដើម។​ ប្រទេសនេះកកំពុងកើតសង្គ្រាម សម្លាប់គ្នា អត់ឃ្លាន និងការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។​

បច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់ក៏កំពុងស្ថិតនៅក្រោមស្ថានភាពប្រកាសអាសន្នដែរ ដើម្បីគ្រប់គ្រងស្ថានការណ៍ច្របូកច្របល់។​

ប៉ុន្តែបើយើងចោទសួរថា តើពលរដ្ឋខ្លាចចលាចលឬអត់? យើងក៏ត្រូវចោទសួរថា តើហេតុអ្វីបានជាពួកគេងើបតវ៉ាឡើង?

មូលហេតុសំខាន់បីដែលពលរដ្ឋស៊ូដង់តវ៉ានោះគឺ រដ្ឋាភិបាលមិនមានសមត្ថភាពដឹកនាំធ្វើឱ្យជីវភាពពួកគេជួបការលំបាក មានអំពើពុករលួយ និង រងភាពអយុត្តិធម៌។​

មូលហេតុទាំងបីនេះប្រហែលមិនធ្វើឲ្យពលរដ្ឋខ្លាចសង្គ្រាមស៊ីវិលឬ ចលាចលទេ ព្រោះមនុស្សមួយផ្នែកនៅក្នុងសង្គមរងទុក្ខទៅហើយ បើពួកគេមិនតស៊ូក៏គង់តែជួបទុក្ខលំបាកវេទនា ហើយបើងើបតវ៉ាប្រហែលជាអាចមានដំណោះស្រាយ។​

ដូច្នេះនៅក្នុងសង្គមអ្នកដែលបារម្ភខ្លាចចលាចលគឺមានតែអ្នកមានហូបចុកគ្រប់គ្រាន់ អ្នកមិនទទួលរងភាពអយុត្តិធម៌ផ្សេងៗ ប៉ុន្តែចំពោះអ្នកមានអារម្មណ៍ថា រស់នៅដោយអយុត្តិធម៌ វេទនាឬ រស់នៅពិបាកជាងស្លាប់នោះពួកគេមិនខ្លាចទេ។​

ពេលនេះនៅក្នុងប្រទេសស៊ូងដង់នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយថា តើអាចទាញប្រទេសទៅរកភាពយុត្តិធម៌ មានជីវភាពប្រសើរឡើងឬកាន់តែមានវិបត្តិធ្ងន់ធ្ងរនោះទេ។​

ក្រោយការបណ្តេញលោកអូម៉ា អាលបាសៀ(Omar al-Bashir) បាតុករនៅតែបន្តតវ៉ា ដោយទាមទារឲ្យរដ្ឋមន្ត្រីការពារជាតិ លោក អាវេដ អ៊ីបន ហ្អូហ្វ(Awad Ibn Ouf) ចុះចេញបន្តទៀត ព្រោះលោកក៏ជាមនុស្សស្និទ្ធជាមួយប្រធានាធិបតីដែរ។​

បើការទាមទារគ្មានដែនកំណត់ហើយពលរដ្ឋបែងចែកជាក្រុមៗ ទាមទារតាមអ្វីដែលពួកគេចង់បាននោះជៀសមិនផុតពីការបង្ក្រាបជាថ្មីទៀតនោះទេ។​

ទោះយ៉ាងណារដ្ឋមន្ត្រីការពារជាតិលោក អាវេដ អ៊ីបន ហ្អូហ្វ(Awad Ibn Ouf) ព្រមចុះចេញពីតំណែងតាមការទាមទាររបស់ប្រជាពលរដ្ឋក្រោយមួយថ្ងៃនៃការដកប្រធានាធិបតី។​

ស្ថានភាពនៅស៊ូដង់នៅតែមិនច្បាស់លាស់ ការដែលរុញប្រទេសនេះឱធ្លាក់ក្នុងសង្គម ឬ ផ្សះផ្សារជាតិអាស្រ័យលើសកម្មភាពរបស់ពលរដ្ឋ និងថ្នាក់ដឹកនៃនៃប្រទេស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ