ក្រុមហ៊ុន Google និង Apple រាំងខ្ទប់​ការ​​ទាញយក​កម្មវិធី Tik Tok នៅប្រទេសឥណ្ឌា

រូបភាពបុរសម្នាក់កំពុងប្រើកម្មវិធី Tik Tok។ រូបភាព៖ វេបសាយបរទេស

ក្រុមហ៊ុន Google និងApple បាន​ទទួលសំណើរបស់រដ្ឋាភិបាល​ឥណ្ឌា ដោយសម្រេច​​ដកចេញ​នូវ​កម្មវិធី​ចែកចាយ​វីដេអូ​របស់​ចិនឈ្មោះ​ថា​​ Tik Tok ដែលមានន័យថា ​ប្រជាជន​ឥណ្ឌាមិន​អាច​ទាញយក​កម្មវិធីនេះបាន​តទៅទៀតនោះទេ។

Tik Tok ជាកម្មវិធី​ចែកចាយវីដេអូមួយដែល​បង្កើត​ឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Beijing ByteDance Technology។ កម្មវិធីនេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាដំបូងនៅប្រទេសចិន​​នាខែ​កញ្ញា ឆ្នាំ២០១៦។ មួយឆ្នាំក្រោយ​មក Tik Tok ត្រូវបានដាក់ឲ្យ​ប្រជាជន​នៅប្រទេសផ្សេងៗទៀត​ទាញ​យកប្រើប្រាស់​តាមរយៈ Google Play និង App Store។ Tik Tok អនុញ្ញាតឲ្យ​អ្នកប្រើប្រាស់​បង្កើតវិដេអូខ្លីៗរយៈពេល​ប្រហែល​១៥វិនាទី ដោយ​ធ្វើត្រាប់តាម​បទចម្រៀង ឬភាព​យន្ត​នានា​។​

តាមការចុះផ្សាយរបស់​សារព័ត៌មាន​ BBC ការសម្រេចរបស់​ក្រុមហ៊ុន​ក្រុមហ៊ុន Google និង Apple ធ្វើឡើង​ក្រោយពីតុលាការ​ក្នុងរដ្ឋ​ Tamil Nadu របស់ឥណ្ឌា បានស្នើសុំ​ឲ្យក្រុមហ៊ុន​ទាំងពីរ​រាំងខ្ទប់​កម្មវិធី​នេះនៅក្នុងប្រទេស​របស់​ខ្លួនកាលពីថ្ងៃទី៣ ខែមេសា កន្លងទៅ​។

តំណាងក្រុមហ៊ុន Google បាន​ឆ្លើយប្រាប់​អ្នកយកព័ត៌មាន ​Reuters ថា​ក្រុមហ៊ុន​ខ្លួន​គោរពលើ​ច្បាប់ក្នុងស្រុក​របស់​ប្រទេស​នីមួយ។ ដោយឡែក ​តំណាងក្រុម​ Apple បាន​បដិសេធមិនឆ្លើយបំភ្លឺជុំវិញ​ករណីនេះទេ។

ទោះយ៉ាងណាក៏ដោយ ឥណ្ឌាមិន​បាន​រាំងខ្ទប់​កម្មវិធី​​ Tik Tok ចំពោះ​អ្នក​ដែល​កំពុងប្រើប្រាស់នោះទេ។

ប៉ុន្តែ ​តុលាការ​ជាន់​ខ្ពស់​នៅ​​ Tamil Nadu កាលពីថ្ងៃអង្គារ បាន​ស្នើ​ទៅតុលាការសហព័ន្ធរា​​រាំងខ្ទប់កម្មវិធី Tik Tok ដោយ​ថា​ កម្មវិធីនេះត្រូវបាន​ប្រើ​ដើម្បី​ចែកចាយ​សកម្មភាព​អាសអាភាស ហើយវាក៏​អាចត្រូវបាន​ក្រុម​មនុស្ស​មួយចំនួនប្រើប្រាស់​ដើម្បី​កេងចំណេញផ្លូវភេទលើកុមារផងដែរ។ តុលាការ​សហព័ន្ធឥណ្ឌា នៅថ្ងៃទី២២ ខែមេសា នឹងធ្វើការសម្រេច​ចិត្ត​លើការស្នើសុំ​នេះ។

តាមតំណាង​ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance  បច្ចុប្បន្នកម្មវិធី​ Tik Tok មាន​អ្នកប្រើប្រាស់​ប្រហែល៥០០លាននាក់ នៅជុំ​វិញ​ពិភពលោក ដែលក្នុងនោះ​ពលរដ្ឋ​ឥណ្ឌាប្រមាណ​១២០លាននាក់កំពុងប្រើប្រាស់​កម្មវិធីនេះ។  ByteDance ជឿជាក់​ថា​ នៅតុលាការសហព័ន្ធឥណ្ឌា​នៅសប្តាហ៍ក្រោយនឹង​ធ្វើការសម្រេចចិត្តមួយ​ប្រកបដោយយុត្តិធម៌។

ប្រទេសបង់ក្លាដេស កាលពីខែកុម្ភៈកន្លងទៅ ​ក៏បាន​ខ្ទប់​មិន​ឲ្យប្រជាជន​ខ្លួន​ប្រើ​ប្រាស់​កម្មវិធី Tik Tok នេះ ក្រោម​ហេតុផលស្រដៀងគ្នា​នឹង​អ្វី​ដែល​ឥណ្ឌា​បានលើកឡើងផងដែរ។

កាលពីខែកុម្ភៈកន្លងទៅ ByteDance បាន​យល់ព្រម​បង់​ពិន័យឲ្យគណៈកម្មការពាណិជ្ជកម្ម​សហព័ន្ធអាមេរិក​ចំនួន​ជិត៦លានដុល្លារ ក្រោយ​ពីអាមេរិក​ចោទ​ក្រុមហ៊ុននេះ បានប្រមូល​ និងបង្ហាញ​ពី​ទីតាំងរបស់​កុមារ​ដែល​ប្រើប្រាស់​កម្មវិធី Tik Tok និងមិនបាន​លុប​ព័ត៌មាន​ទាំងនោះនៅពេល​ដែលមានការស្នើ​សុំ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ