ជនសង្ស័យ១៣នាក់ ត្រូវបានចាប់ខ្លួនករណីបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

សមត្ថកិច្ចនិងក្រុមជួយសង្គ្រោះជួយអន្តរាគមន៍ដល់ពលរដ្ឋដែលរងគ្រោះដោយការបំផ្ទុះគ្រាប់បែកមួយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ។ រូបភាព៖ វេបសាយបរទេស

អាជ្ញាធរស្រីលង្កា អះអាងថា ជនសង្ស័យ១៣នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីបំផ្ទុះគ្រាប់បែកដែលបានសម្លាប់​មនុស្ស២៩០នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Telegraph News។

មន្រ្តីនគរបាលស្រីលង្កា បានឲ្យដឹងថា ទោះបីជាមិនមានក្រុមណាប្រកាសទទួលខុសត្រូវក៏ដោយ ក៏សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ១៣នាក់​ហើយ ពាក់​ព័ន្ធការបំផ្ទុះដ៏សាហាវនោះ។

រដ្ឋមន្ដ្រីក្រសួងការពារជាតិស្រីលង្កា​ លោក Ruwan Wijewardena បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនោះជាការវាយប្រហារដោយពួកសាសនាជ្រុលនិយម។

ប្រភពដដែលឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍បរទេសមួយបានរាយការណ៍ថា ក្រុមមូស្លីមជ្រុល​និយមួយឈ្មោះថា NTJ (National Thowheeth Jame’ath) រៀបចំផែនការវាយប្រហារលើវិហារគ្រឹស្តដ៏ល្បីល្បាញ និងគណៈកម្មការជាន់ខ្ពស់របស់ឥណ្ឌានៅរដ្ឋធានីកូឡំបូ។

NTJ គឺជាក្រុមមូស្លីមមួយក្រុមនៅប្រទេសស្រីលង្កាដែលកាលពីឆ្នាំមុនបានបំផ្លិចបំផ្លាញបដិមាករព្រះពុទ្ធសាសនា។ ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកកាលពីម្សិលមិញ រដ្ឋាភិបាលស្រីលង្កាក៏បានប្រកាសបិទការប្រើប្រាស់បណ្ដាញសង្គម ​និងការចូលទៅគេហទំព័រសំខាន់ៗជាច្រើនទៀត។

កាលពីម្សិលមិញ មានការវាយប្រហារបំផ្ទុះគ្រាប់បែកនៅព្រះវិហារចំនួន ៣ ក្នុងប្រទេសស្រីលង្កា និងសណ្ឋាគារចំនួន៤ បានសម្លាប់មនុស្ស ២៩០ នាក់ និងជាង ៥០០ នាក់បានរងរបួស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ