វិភាគ៖ ហេតុអ្វី​អាមេរិក​លាត​ត្រដាង​ថា ចិន​ចំណេញ​ខ្លាំង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​​កម្ពុជា​?​

លោក ហ៊ុន សែន លោក ស៊ី ជីនពីង និងលោក ត្រាំ

ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីចុងសប្តាហ៍មុន បានបង្ហាញរបាយការណ៍មួយលើបណ្តាញសង្គមរបស់ខ្លួន និងបញ្ចេញទស្សនៈថា កម្ពុជាងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាពទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន។

យុទ្ធសាស្ត្រនេះ អាមេរិកថា ចិនទទួលផលចំណេញខ្លាំងពីកម្ពុជារហូតដល់៨៧ភាគរយក្នុងភាពជាដៃគូពាណិជ្ជកម្ម ដោយថា ទំនិញភាគច្រើននាំចូលពីប្រទេសចិន។

មហាអំណាចសេដ្ឋកិច្ចប្លុកលោកសេរីមួយនេះ អះអាងទៀតថា ទំនាក់ទំនងនេះមិនបានជួយទ្រទ្រង់ដល់វិស័យឧស្សាហកម្ម និងទីផ្សារការងារនៅកម្ពុជា ដូចទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។

អាមេរិក ថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើ​អោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភា​ពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជាបានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមា​ន​​​តុ​ល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។

ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ ទំនងមិនមែនជារឿងចៃដន្យ​ទេ ព្រោះកាលពីចុងខែមុន ក្នុងវេទិកាជួបជាមួយវិស័យឯកជន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានពន្យល់អ្នកចូលរួមពីយុទ្ធសាស្ត្រធ្វើកំណែទម្រង់ជាកញ្ចប់របស់រដ្ឋាភិបាលនូវអ្វីដែលកម្ពុជាអះអាងថា ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមរបស់អ្នកវិនិយោគ ដើម្បីទប់ទល់ទៅនឹងសម្ពាធពីប្រទេសមួយចំនួន ។

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន អះអាងពេលនោះថា កំណែទម្រង់នេះ ធានាឲ្យអ្នកវិនិយោគ មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ ។

មេដឹកនាំរូបនេះ អះអាងទៀតថា តាមរយៈយុទ្ធសាស្ត្រថ្មីនេះ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ទៀតផង។

បើគេពិនិត្យមើលពីស្ថានភាពនយោបាយបច្ចុប្បន្នវិញ កម្ពុជាកំពុងរងការគំរាមកំហែងពីវិធានការព្យួរ​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ នោះក៏ដោយសារតែចរន្តនយោបាយមិនទាន់វិល​​ទៅស្តារស្ថា​ន​​កា​រណ៍ឡើងវិញ ដូចជា ការបើកផ្លូវឲ្យគណបក្សប្រឆាំងបានដំណើរការឡើងវិញ និងដោះលែងមេដឹកនាំបក្សនេះ គឺលោក កឹម សុខា ជាដើម។

ជាការកត់សម្គាល់ កម្តៅនយោបាយបែបនេះ មេដឹកនាំបក្សកាន់អំណាចរបស់កម្ពុជា តែងតែរិះគន់ចំៗទៅលើសហរដ្ឋអាមេរិក ដែលតែងតែជំរុញពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តែមេដឹកនាំកម្ពុជាបានសរសើរមហាអំណាចចិន ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ប្រាក់កម្ចីគ្មានលក្ខខណ្ឌស្មុគ​ស្មាញ។

បញ្ហានេះ បង្កើតជាសំនួរថា «ហេតុអ្វីបានអាមេរិកលាតត្រដាងពីផលចំណេញលើសលុបរបស់ចិនពីកម្ពុជានៅពេលនេះ​?»

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថា ការដែលអាមេរិកលាតត្រដាងពីចិន ចំណេញលើសលុបក្នុងការធ្វើពាណិជ្ជកម្មជាមួយ​​កម្ពុជានេះ អាចជាសារប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថា មហាអំណាចណាជាអ្នកជួយកម្ពុជា ហើយមហាអំណាចជាអ្នកកេងចំណេញពីកម្ពុជា។

លោកវិភាគទៀតថា សារនេះ ជាការបើកវាំងនន ឲ្យពលរដ្ឋមើលឃើញពីបញ្ហា ដែលរដ្ឋាភិបាលព្យាយាមលាក់បាំង ពីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ។

លោកថា ម្យ៉ាងវិញទៀតថានេះ ក៏ដាស់តឿនរដ្ឋាភិបាលឲ្យពន្លឿនស្តារស្ថានការណ៍ កុំឲ្យកម្ពុជាធ្លាក់ក្នុងវិធានការដកប្រព័ន្ធអនុគ្រោះពន្ធសព្វបែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិកម្ពុជាទៅថ្ងៃអនាគត។

លោកថា៖ «កម្ពុជាគួរតែគិត គួរតែពិចារណាពីបញ្ហាហ្នឹង ជាជាងអូសបន្លាយ ជាជាងបិទបាំង ជារនាំងឡប់ឡែ។​ កុំឲ្យពលរដ្ឋនៅក្នុងរបាំងឡប់ឡែហ្នឹង ឲ្យគាត់ចេញពីរបាំងឡប់ឡែហ្នឹង ឲ្យគាត់មើលឃើញពីការពិត ចេញពីវាំងនននៃការបាំងហ្នឹង»។

អ្នកវិភាគរូបនេះ វិភាគទៀតថា ការព្យាយាមបង្ហាញពីទំហំពាណិជ្ជកម្មគ្មានតុល្យភាពនេះ ក៏ឆ្លុះបញ្ចាំងផងដែរថា អាមេរិកនឹងមិនថយក្រោយពីការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យទេ បើទោះបីពេលនេះ មេដឹកនាំប​ង្ហាញ​ពី​សញ្ញាប្តូរទិសដៅសេដ្ឋកិច្ចទៅរកមហាអំណាចកុម្មុយនីស្តចិនក៏ដោយ។

សហភាពអឺរ៉ុបបានរាប់ថ្ងៃថយក្រោយលើវិធានការព្យួរ EBA ចាប់ខែកុម្ភៈ ឆ្នាំ២០១៩មក ដោយសារតែប្លុកលោកសេរីមួយនេះរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។ សហរដ្ឋអាមេរិក ក៏គំរាមដូចគ្នាដែរ ពីការស្នើព្យួរប្រព័ន្ធអនុគ្រោះ GSP។

ប្រព័ន្ធអនុគ្រោះ EBA និង GSP បានផ្តល់ប្រាក់ចំណេញដល់កម្ពុជាពីការមិនបង់ពន្ធ ដល់ទៅជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ វិភាគថា សាររបស់ស្ថានទូតអាមេរិកនេះ ចង់ប្រាប់មេដឹកនាំកម្ពុជាថា ចិនមិនមែនជាដៃគូពិតប្រាកដែលនាំការរីកចម្រើនដល់ប្រទេសកម្ពុជាទេ តែថា ទំនាក់ទំនងនេះវាបានសម្លាប់សេដ្ឋកិច្ចខ្លួនឯង ហើយទុកឱកាសឲ្យចិនជាអ្នកចម្រាញ់​យកផល។

លោក គឹម សុខ វិភាគទៀតថា សញ្ញានេះ អាមេរិកចង់ប្រាប់ទៅមហាអំណាចចិនដែរថា អាមេរិកមិនដកថយពីកម្ពុជាលើវិធានការជំរុញឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យនេះទេ។

លោកថា៖ «អាមេរិកកាំងចង់ប្រាប់ចិនថា អាមេរិកមិនដកដៃចេញពីកម្ពុជាទេ។ ហើយមហាអំណាចផុតលេខមួយនេះ ដូចដែលអាមេរិកកាំងធ្លាប់រំឭកហើយរំឭកទៀតថា ខ្លួនជាម្ចាស់ហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។»

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិម​នុស្ស លោក មឿន តុលា មានប្រសាសន៍ថា មហាអំ​ណាច​​​​ចិន ជាអ្នកផ្តល់ប្រាក់កម្ចី និងជួយកសាងស្ពានថ្នល់ដល់កម្ពុជា។ លោក​ បន្តថា ចំណែកសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏ជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជា ក្នុងការនាំផលិតផលកាត់ដេរ និងកសិកម្មទៅលក់នៅទីនោះដោយរួចពន្ធ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជួយដល់ពលរដ្ឋខ្មែររាប់លាននាក់។

លោក មឿន តុលា ផ្តល់ជាយោបល់ថា ដើម្បីកុំឲ្យកម្ពុជាជួបវិនាសកម្មដូចពីអតីតកាល ដោយសារតែឥទ្ធិពលមហាអំណាច រដ្ឋាភិបាលគួតែជ្រើសរើសផ្លូវកណ្តាល ដើម្បីរក្សាទាំងកំណើនសេដ្ឋកិច្ច និងទីផ្សារការងារសម្រាប់ពលរដ្ឋខ្មែរ ។

លោកថា៖ «អញ្ចឹង បើសិនជាយើងបាត់ EBA យើងមានបញ្ហា។ មានន័យថា ចិនមិនមែនជាប្រទេសទទួលទិញទំនិញសំខាន់របស់យើងទេ។ ទំនិញសំខាន់របស់យើង គឺវិស័យកាត់ដេរនេះឯង គឺសម្លៀកបំពាក់ និងស្បែកជើនេះឯង។ អញ្ចឹងទីផ្សារសម្លៀកបំពាក់ និងស្បែកជើងគឺនៅអាមេរិក និងនៅអឺរ៉ុបនេះឯង។»

គិត​ត្រឹម​ឆមាស​ទី​១​ នៃ​ឆ្នាំ​២០១៨​ ចិន​ ​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​​កម្ពុជា​ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ ឬ​​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ ក្នុង​ចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។

អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​ និងសារ​ព័ត៌មានដែល​មាន​និន្នាការ​ទៅ​លោក​ខាង​លិច​​មួយ​ចំនួន​តែងតែលើកឡើងថា ​​ការ​ផ្ដល់​ប្រាក់​កម្ចីរបស់​ចិន​​ដល់​ប្រទេស​មួយ​ចំនួនមាន​លក្ខណៈជាអន្ទាក់បំណុល​​ ហើយចិនប្រើវា​ដើម្បីពង្រីក​ឥទ្ធិពលរបស់ខ្លួន។ ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែ បដិសេធចោល​រាល់​ការ​ចោទប្រកាន់​ទាំងនេះ។

​​អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មានប្រសាសន៍ថា​ អ្វីដែលស្ថានទូតអាមេរិក សរសេរលើទំព័រហ្វេសប៊ុក​របស់​ខ្លួន គឺ​គ្រាន់​តែចង់​បង្ហាញឲ្យឃើញ​​ពីការជៀសវាង និងការព្រងើយកន្តើយរបស់​អាជ្ញាធរ​កម្ពុជា និងចិន ក្នុងការ​និយា​យ​ពីទំហំ​នៃពាណិជ្ជកម្ម​រវាងប្រទេស​ទាំង​ពីរ។ លោកបន្តថា​ ចិននឹងក្លាយ​ជាដៃគូពាណិជ្ជកម្ម​ទី១របស់កម្ពុជា ជា​មួយ​នឹង​ទឹក​ប្រាក់​រាប់​ពាន់លាន ប៉ុន្តែ វា​​មានន័យ​តិចតួចណាស់សម្រាប់កម្ពុជា ដោយសារតែ​ ពាណិជ្ជកម្មនេះភាគច្រើនចិននាំចូលកម្ពុជា។

លោក អៀ សុផង បញ្ចាក់ថា៖ «​គ្មានប្រទេសណាមួយរីកចម្រើន​ដោយសារតែមានគោល​នយោបាយសេដ្ឋកិច្ចផ្អែកលើការនាំចូល​នោះទេ។ មាន​តែសេដ្ឋកិច្ច​តម្រង់​ទិស​បែបនាំចេញ​តែប៉ុណ្ណោះ ទើបនាំមកនូវការអភិវឌ្ឍ។»

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៧ កម្ពុជាបាន​នាំ​ចូល​ទំនិញ​ពីចិនមានតម្លៃ​ជាទឹកប្រាក់​សរុប​ជាង ៥២៨៦លានដុល្លារ។​ រីឯតម្លៃទឹក​ប្រាក់ដែល​កម្ពុជានាំទំនិញ​ចេញ​ទៅចិន​មាន​​ជាង​ ៧៥៣លានដុល្លារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ