មេដឹកនាំ​ស្រីលង្កា ប្រឈម​ការ​ដក​តំណែង និង​ស៊ើប​អង្កេត​

នាយករដ្ឋមន្ត្រី Ranil Wickremasinghe បានមកដល់ទីតាំងមួយកន្លែងនៃតំបន់ដែលរងការបំផ្ទុះគ្រាប់បែកដោយពួកភេរវករកាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ AFP

មន្ត្រីជាន់ខ្ពស់របស់ប្រទេសសី្រលង្កាដែលមានតួនាទីទទួលខុសត្រូវលើសន្តិសុខ ករណីបំផ្ទុះគ្រាប់បែកភេរវកម្មសម្លាប់មនុស្សជិត៣០០នាក់ កំពុងប្រឈមមុខការដកតំណែង និងដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ។​

កាលពីថ្ងៃអាទិត្យ មានករណីបំផ្ទុះគ្រាប់បែកចំនួន៨កន្លែង ក្នុងនោះនៅព្រះវិហារគ្រឹះសាសនា៣កន្លែង នៅតាមសណ្ឋាគារទំនើបៗ នៅតាមផ្ទះ តាមទីសាធារណៈជាដើម ដែលបណ្តាលឲ្យមនុស្ស២៩០នាក់ស្លាប់ និង៥០០នាក់រងរបួស។ ក្រៅពីកន្លែងផ្ទុះទាំង៨ សមត្ថកិច្ចរកឃើញគ្រាប់បែកជាច្រើនកន្លែងទៀតដែលត្រៀមបំផ្ទុះ ហើយទប់ស្កាត់បានវិញ។​

ក្រោយកើតហេតុនេះ មានការចោទសួរជាច្រើនថា ហេតុអ្វីបានជារដ្ឋាភិបាលមិនបានប្រកាសដំណឹងនេះ បើទោះជាមានព័ត៌មានពីការវាយប្រហារនេះក៏ដោយ។​

ការិយាល័យមន្ត្រីនគរបាលស្រាវជ្រាវបានធ្វើរបាយការណ៍មួយផ្ញើទៅរដ្ឋាភិបាលកាលពីថ្ងៃទី១១ ខែមេសា អំពីសកម្មភាពក្រុមអង្គការអ៊ីស្លាម Thowheeth Jama’ath រៀបចំកម្លាំងវាយប្រហារ។ របាយការណ៍បញ្ជាក់ទាំងពេលវេលា និងទីតាំង។​

អង្គការឥស្លាម Thowheeth Jama’ath បង្កើតឡើងដោយក្រុមឥស្លាមជ្រុលនិយម​កាលពីឆ្នាំ២០០៤ ហើយកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។​

កាលពីថ្ងៃទី៤ ខែមេសា ឥណ្ឌាក៏បានផ្តល់ដំណឹងទៅរដ្ឋាភិបាលស្រីលង្កា ដោយភ្ជាប់សំឡេងនិយាយគ្នាតាមទូរសព្ទរបស់លោក Mohammed Zaharan ជាមេដឹកនាំអង្គការ Thowheeth Jama’ath ពីការរៀបចំក្រុម និងត្រៀមវាយប្រហារនៅស្រីលង្កា។​

ទោះយ៉ាងណា រដ្ឋាភិបាលស្រីលង្កា មិនបានចាត់វិធានការតឹងរ៉ឹងដោយការដាក់កម្លាំងត្រៀមទប់ស្កាត់ និងមិនបានប្រកាសជូនដំណឹងនេះដល់សាធារណជនឱ្យប្រុងប្រយ័ត្ននោះទេ។​

មានការចោទប្រកាន់ខ្លះលើកឡើងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលស្រីលង្កាដែលកាន់ព្រះពុទ្ធសាសនាតឹងរ៉ឹងហាក់ដូចជា មានការរើសអើង និងបង្កបរិយាកាសទុកឲ្យមានការវាយប្រហារលើព្រះវិហារគ្រឹស្តសាសនា។​

ក្រោយកើតហេតុនេះ មន្ត្រីជាន់ខ្ពស់មួយចំនួនកំពុងតែខ្វែងគំនិតគ្នា។ រដ្ឋមន្ត្រីជាច្រើនក្រសួងបានជំរុញឱ្យអគ្គស្នងការនគរបាលជាតិចុះចេញពីតំណែង។​

តាមការចុះផ្សាយរបស់ BBC លោកប្រធានាធិបតី Maithripala Sirisena  និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត កំពុងប្រឈមការស៊ើបអង្កេតពីតុលាការ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe មិនទាន់មានសម្ពាធណាមួយជំរុញឲ្យមានការស៊ើបអង្កេត។

រហូតដល់ថ្ងៃអង្គារនេះ មិនទាន់មានការស៊ើបអង្កេត ឬដោះដូរមន្ត្រីណាជាផ្លូវការនៅឡើយ ចំណែកប្រទេសស្រីលង្កា ដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពអាសន្ន ហើយបណ្តាញទំនាក់ទំនងសង្គមនានាត្រូវបានបិទមិនឱ្យប្រើប្រាស់ទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ