ខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះពលរដ្ឋជាង៦០០ខ្នងនៅខេត្តភាគ​ពាយ័ព្យ

ផ្ទះពលរដ្ឋមួយគ្រួសារត្រូវខ្យល់កន្ត្រាក់បំផ្លាញបង្កអោយខូចខាតមួយចំនួន នៅខេត្តបាត់ដំបង អំឡុងថ្ងៃទី២១ និង២២ ខែមេសា ឆ្នា២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុកលោក ស ខេង

គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋរហូតដល់ជាង ៦០០ខ្នង ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនេះ ថា គ្រោះខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣២៩ ខ្នង ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩។ ករណីនេះកើតឡើងក្នុងស្រុកក្រុងចំនួន ៧​ រួមមាន ក្រុងបាត់ដំបង ស្រុកបាណន់ មោងឬស្សី គាស់ក្រឡ រតនមណ្ឌល ថ្មគោល និងស្រុកសង្កែ។

​បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ខ្យល់កន្ត្រាក់ ក៏បាន​វាយប្រហារខេត្តបន្ទាយមានជ័យផងដែរ​ក្នុងរយៈពេល២ថ្ងៃដូចគ្នា។ គ្រោះធម្មជាតិនេះ បាន​បណ្ដាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៣០៣ខ្នង និងខូចខាតធ្ងន់ធ្ងរ ២២ខ្នង។ ដោយឡែក​ ខ្យល់​កន្រ្តាក់​ដែលកើតឡើងកាលពីថ្ងៃទី២១ ខែមេសា បាន​បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់។ ប្រភពដដែលឲ្យដឹងថា​ ករណីនេះកើតឡើងក្នុងស្រុក៨  រួមមាន ស្រុកអូរជ្រៅ  ភ្នំស្រុក មង្គលបុរី ថ្មពួក ស្វាយចេក ព្រនេត្រព្រះ ប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ វី.អូ.ឌី ឲ្យដឹងថា ពីដើមឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ករណីខ្យល់កន្រ្តាក់បានកើតឡើង ៨៣លើក នៅរាជធានីខេត្តចំនួន ២៣ លើកលែងខេត្តកំពត និងត្បូងឃ្មុំ។ បើតាម​ប្រភពដដែល គ្រោះ​ធម្មជាតិទាំង ៨៣លើកនេះ បាន​ប៉ះពាល់ផ្ទះពលរដ្ឋ​ ២៣០០ខ្នង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ