លោកស្រី រ៉ូណា ស្មីត សុំជួបលោក​ កឹម សុខា ជាថ្មី ក្នុងដំណើរទស្សនកិច្ចលើកនេះ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ក្នុងដំណើរមកកម្ពុជាដើម្បីឃ្លាំមើលពីបញ្ហាសិទ្ធិមនុស្សលើកនេះ សុំជួបអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ជាថ្មីទៀត ខណៈមេដឹកនាំរូបនេះ មិនទាន់មានសេរីភាពនៅឡើយ។

លោកស្រី រ៉ូណា ស្មីត ប្រាប់ VOD ថា តាមសារអេឡិចត្រូនិច កាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រីបាន​ស្នើទៅរដ្ឋាភិបាលរួចហើយ ពីគម្រោងចូលជួបលោក កឹម សុខា។ លោកស្រី រ៉ូណា ស្មីត បញ្ជាក់ទៀតថា សំណើសុំជួបនេះ លោកស្រីបារម្ភពីចំណាត់ការបន្តឃុំខ្លួនបណ្តោះអាសន្ន និងការចោទប្រកាន់លើលោក កឹម សុខា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក គឹម សន្តិភាព អះអាងថា ជាប់រវល់ មិនអាចសុំបញ្ចាក់បាន។

លោក កឹម សុខា ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនជាង១៩ខែមកហើយ គិតត្រឹមខែមេសានេះ ដោយ​ចោទ​អតីតមេបក្សប្រឆាំងរូបនេះថា​ បានឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។

ប៉ុន្តែ សហរដ្ឋអាមេរិក បានហៅលោក កឹម សុខា ថាជាមនុស្សស្អាតស្អំ ត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ និងទាមទារឲ្យទម្លាក់បទចោទដោយគ្មានលក្ខខណ្ឌ។

តាមសេចក្តីប្រកាសព័ត៌មាន ដំណើរទស្សនកិច្ចមកកម្ពុជារបស់លោកស្រី រ៉ូណា ស្មីត មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសានេះ ដល់ថ្ងៃទី៩ ខែឧសភា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី រ៉ូណា ស្មីត ផ្ដោតលើបញ្ហាសិទ្ធិមនុស្ស បញ្ហាជម្លោះដីធ្លី រួមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

រយៈពេល១១ថ្ងៃនេះ អ្នករាយការណ៍ពិសេសរូបនេះ គ្រោងជួបមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងតំណាងស្ថានទូតមួយចំនួនប្រចាំកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាឆ្នាំមុន លោក ស្រី រ៉ូណា ស្មីត បានស្នើសុំជួបលោក កឹម សុខា ម្តងដែរ តែរដ្ឋាភិបាលច្រានចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ