អាជ្ញាធរថៃ ចាប់​ខ្លួន​ជនជាតិភូមា​ជាង​៣០នាក់ ករណី​លួចឆ្លងដែន​ចូលដោយខុសច្បាប់​

សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ជន​ជាតិ​ភូមា​ចំនួន​៣២នាក់​ ខណៈ​ពួកគេ​លាក់​ខ្លួន​ក្នុងរថយន្តដឹក​ទំនិញ​ដែល​បើកបរលើផ្លូវមួយក្នុងខេត្ត Kanchanaburi​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ បាងកកប៉ុស្តិ៍

សមត្ថកិច្ច​ថៃ កាលពីម្សិលមិញ បាន​ឃាត់ខ្លួន​ជន​ជាតិ​ភូមា​ចំនួន​៣២នាក់​ ខណៈ​ពួកគេ​លាក់​ខ្លួន​ក្នុងរថយន្តដឹក​ទំនិញ​ដែល​បើកបរលើផ្លូវមួយក្នុងខេត្ត Kanchanaburi​ ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​បាងកកប៉ុស្តិ៍ រថយន្តនោះត្រូវបាន​បិទជិត​ដោយ​តង់​កៅស៊ូ។ ប្រភពដដែល​ឲ្យដឹង​ថា ​នៅពេល​ដែល​​ដល់ជិត​ប៉ុស្តិ៍ត្រួតពិនិត្យ​ អ្នកបើករថយន្តបានបន្ថែម​ល្បឿន​ ដែល​ធ្វើឲ្យនគរបាល​មានការសង្ស័យ ហើយដេញ​តាម​ចាប់។ រថយន្តនេះ បាន​បើកបរ​ហួសល្បឿនកំណត់ ពោលគឺក្នុងល្បឿនរហូតដល់​១៣០ ទៅ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

នគរបាលខេត្ត Kanchanaburi​ បាន​ប្រាប់​សារព័ត៌មាន​បាងកកប៉ុស្តិ៍ដដែល​ថា ក្រោយ​ពីយកតង់ចេញ​ ពួកគេបាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបាន​ឃើញ​មនុស្សជាច្រើន​​អង្គុយញាត់គ្នាយ៉ាងណែន​នៅគ្រែមួយក្នុងរថយន្តនោះ។ តាមនគរបាល ក្រុមជន​ជាតិ​ភូមា​ទាំង៣២នាក់នោះ មើលទៅ​អស់​កម្លាំង ហេវហត់​ និង​បែកញើសជាខ្លាំង។ ប្រភពដដែល​ឲ្យដឹងថា ក្នុងចំណោម​ជនជាតិ​ភូមា​ទាំង​៣២នាក់នោះ មាន​ស្រី១២នាក់ ដែល​មាន​អាយុចន្លោះពី២០ ទៅ៣២ឆ្នាំ។

ក្រុម​ជន​ជាតិភូមាទាំង៣២នាក់នោះ​ មកពីក្រុង​ Mawlamyine របស់ភូមា​ ដែល​មានព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត Kanchanaburi របស់ថៃ។ ពួកគេ បានប្រាប់​សមត្ថ​កិច្ចថៃ ពួកគេបានធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់​ព្រំដែន​ធម្មជាតិ​រវាងប្រទេសទាំងពីរអស់​ពេល​២ថ្ងៃ ទើបចូល​ដល់​ទឹក​ដីថៃ។

សមត្ថកិច្ច​ថៃ បានលើកឡើងថា ជនជាតិ​ភូមា​ទាំងនោះត្រូវចំណាយប្រាក់ក្នុង​ម្នាក់ចំនួន​ជាង៥០០ដុល្លារ​ ដើម្បី​ជាថ្នូរនឹងការនាំពួកគេចេញ​ទៅធ្វើការ​នៅម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់​ទឹកដីថៃ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ