យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ៦នាក់ទៀតបានរងរបួស ក្រោយពីរងការវាយប្រហារពីគ្រោះធម្មជាតិនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ២៧ថ្ងៃក្នុងខែនេះ។ នេះបើតាមរបាយការណ៍របស់នគរបាលជាតិ។
នគរបាលជាតិ ដែលផ្អែកលើរបាយការណ៍របស់នគរបាលខេត្តបន្ទាយមានជ័យនោះ បានចុះផ្សាយនៅថ្ងៃនេះ ខ្យល់កន្ដ្រាក់បានវាយប្រហារផ្ទះសម្បែងពលរដ្ឋចំនួន ១ ៣៩៧ខ្នង ធ្វើឲ្យមនុស្សចំនួន ៦នាក់ទទួលរងរបួស នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែមេសានេះ។
នគរបាលជាតិបានចុះផ្សាយបន្តថា គ្រោះធម្មជាតិបានសម្លាប់មនុស្ស ៥នាក់ និងបណ្ដាលឲ្យមនុស្ស ៦នាក់ទៀតរងរបួស ខណៈដែលសត្វពាហនៈ ១៣ក្បាលក៏បានស្លាប់ផងដែរ។
បើតាមរបាយការណ៍ដដែល គ្រោះធម្មជាតិក៏បានបង្កការខូចខាតដល់សាលារៀន ១៦ខ្នង វត្តអារាម ៩ខ្នង ខូចខាតម៉ូតូចំនួន ៣គ្រឿង និងគោយន្ត១គ្រឿងផងដែរ។
បើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាប់ពីខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ករណីខ្យល់កន្រ្តាក់បានកើតឡើងចំនួន ៨៣លើក ពោលគឺនៅរាជធានីខេត្តចំនួន ២៣ទូទាំងប្រទេសកម្ពុជា និងបានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ២៣០០ខ្នង៕